សហ​ភាពសហព័ន្ធ​អ្នកសារព័ត៌​មាន បើកវ​គ្គបណ្តុះ​បណ្តាល ដើម្បី​រួមចំណែក​​អភិវឌ្ឍន៍​​គុណសម្បត្តិ និង​តួនាទីសារព័ត៌​មាន

ថ្ងៃចន្ទ ទី ២៤ មេសា ២០១៧​
137

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ចាប់ផ្តើមដំណើរការវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ដល់អ្នកសារព័ត៌មានចម្រុះមកពីទូរទស្សន៍ វិទ្យុ កាសែត និង App ។ វគ្គបណ្តុះបណ្តាលដំបូងនេះរៀបចំនៅស្នាក់ការកណ្តាល ស.ស.ស.ក មានអាសយដ្ឋានអាគារលេខ៣៦ ផ្លូវ២៤០ សង្កាត់ចតុមុខ រាជធានីភ្នំពេញ ដោយមានគ្រូឧទ្ទេសនាមជំនាញឯកទេសផ្សេងគ្នា១៥រូប និងមានសិក្ខាកាមជិត១០០នាក់។ តាមការគ្រោងទុកការបិទវគ្គបណ្តុះបណ្តាល និងការប្រគល់វិញ្ញាបនបត្រ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន បានគូសបញ្ជាក់ថា មេរៀនពីវគ្គបណ្តុះបណ្តាលនេះ គឺរៀបចំក្នុងគោលបំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងជាមូលដ្ឋាន៤វិស័យគឺ៖ វិស័យសារព័ត៌មាន, ការដឹកនាំគ្រប់គ្រងការងារសារព័ត៌មាន, កិច្ចការអ្នកនាំពាក្យ, និងការងារបោះឆ្នោត។
លោក ហ៊ុយ វណ្ណៈ បានបន្តថា អ្នកសារព័ត៌មានត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឲ្យមានតួនាទីកាន់តែចាំបាច់ នៅក្នុងសង្គមតាមរយៈការសរសេរផ្សាយព័ត៌មានពិត តាមក្រមសីលធម៌ វិជ្ជាជីវៈ និងរួមចំណែកជួយជំរុញឲ្យសង្គមគិតវិជ្ជាមាន។ លើសពីនេះ អ្នកសរសេរព័ត៌មានក៏ត្រូវមានក្តីស្រមៃ និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំ ក្នុងអាជីវកម្មវិស័យព័ត៌មានផងដែរ។
ក្នុងឱកាសនោះដែរ លោក ហ៊ុយ វណ្ណៈ បានស្នើឲ្យមានការខិតខំរកវិធីចូលឲ្យបានគៀកគ្នា ការយោគយល់គ្នា ការគោរពគ្នា និងការជឿគ្នារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យគ្រប់ស្ថាប័ន។ ការមិនទុកចិត្តគ្នា ការខ្វែងគំនិតគ្នារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ គឺនាំឲ្យការផ្សាយមិនពេញលេញ។ ការជឿទុកចិត្តគ្នារវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺមានតម្លៃសំខាន់ណាស់ដល់ការកសាងគុណភាពព័ត៌មាន ហើយកាន់តែផ្តល់សារៈប្រយោជន៍ដ៏ធំធេងដល់ប្រជាជន៕
សូមជម្រាបផងដែរថា តាមការគ្រោងទុកការបិទវគ្គបណ្តុះបណ្តាល និងការប្រគល់វិញ្ញាបនបត្រ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

 

បញ្ចេញយោបល់