លិខិតមិត្តអ្នកអាន៖ ការប្រកែករបស់លោក ជុន ច័ន្ទបុត្រ ធ្វើឲ្យខ្ញុំហួសចិត្ត!

ថ្ងៃចន្ទ ទី ២៤ មេសា ២០១៧​
419

ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលចូលចិត្តតាមដានព័ត៌មានហើយចុងក្រោយនេះគឺខ្ញុំបានតាមដានយ៉ាងយកចិត្តទុក ដាក់បំផុតរឿងលោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី។ បើត្រឹមស្តាប់គេនិយាយ ខ្ញុំមិនងាយជឿទេ តែបន្ទាប់ពីបានមើលរូបថត និងឃ្លីបវីដេអូ រួមទាំងបញ្ជីឈ្មោះដែលមាននៅក្នុងសៀវភៅរបស់ពន្ធនាគារ ខ្ញុំហួសចិត្តខ្លាំងណាស់នឹងអ្វីដែលលោក ជុន ច័ន្ទបុត្រ គាត់ប្រកែក។ ដោយមិនអាចទ្រាំបាន ខ្ញុំសុំបញ្ចេញមតិបន្តិចចុះ។

តាមរយៈឃ្លីបវីដេអូ គេបានឃើញសកម្មភាពនៅច្រកចូលពន្ធនាគារ និងថែមទាំងបានលឺសំឡេងលោក ឡុង រី យ៉ាងច្បាស់ក្រឡែត។ នៅពេលសន្តិសុខសួរដើម្បីផ្ទៀងផ្ទាត់សមាសភាពអ្នកដែលត្រូវចូលសួរសុខទុក្ខអ្នកជាប់ឃុំ លោក ឡុង រី បានប្រាប់សន្តិសុខយ៉ាងច្បាស់ៗថា« ខ្ញុំឈ្មោះ ឡុង រី ចំណែកខាងណេះគឺលោកជំទាវ មួរ សុខហួរ (គាត់ចង្អុលទៅលោកជំទាវ) ព្រមទាំងសហការីបីនាក់ទៀត»។ លោក ឡុង រី ចង្អុលទៅលោក ជុន ច័ន្ទបុត្រ និងបុរសពីរនាក់ទៀត ហើយយកដៃទាញស្មាលោក ជុន ច័ន្ទបុត្រ ឲ្យចូល។

ជុន ច័ន្ទបុត្រ ពាក់មួកកន្តឹប ពាក់វ៉ែនតាពណ៌ទឹកតែ អោនមុខ ហើយដើរចូលទៅរបៀបជាមនុស្សដែលមិនចង់ឲ្យគេឃើញមុខ។ នៅក្នុងបញ្ជីឈ្មោះ មានឈ្មោះ៥នាក់នោះមែនគឺ លោក ឡុង រី, មួរ សុខហួរ ដែលដាក់តួនាទីថាតំណាងរាស្ត្រ។

ចំណែកបុរសបីនាក់ទៀតរួមទាំងឈ្មោះ ហួត វិទ្ធី ដែលជាឈ្មោះមួយទៀតរបស់ លោក ជុន ច័ន្ទបុត្រនោះបានដាក់តួនាទីជាជំនួយការ។ ទោះបីខ្ញុំគ្រាន់តែជាប្រជាជនសាមញ្ញម្នាក់មិនសូវចេះដឹងហើយគ្មានជំនាញខាងស៊ើបអង្កេត ប៉ុន្តែ ភស្តុតាងប៉ុណ្ណោះអាចឲ្យខ្ញុំអាចយល់បានភ្លាមថា លោក ជុន ច័ន្ទបុត្រ ពិតជាបានបន្លំខ្លួនជាជំនួយការរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទើបអាចចូលក្នុងពន្ធនាគារបានពោលគឺចូលក្នុងនាមជាគណៈប្រតិភូរបស់បក្សសង្គ្រោះជាតិយ៉ាងពិតប្រាកដ។

ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងកាលពីល្ងាចថ្ងៃសៅរ៍ លោក ជុន ច័ន្ទបុត្រ និយាយថា គាត់មិនបានបន្លំខ្លួនទេព្រោះគាត់បានប្រាប់ឈ្មោះពិត ហើយសន្តិសុខដែលអ្នកខ្លះបានថែមទាំងហៅឈ្មោះគាត់ថា លោក ជុន ច័ន្តបុត្រផងនោះ បានអនុញ្ញាតឲ្យគាត់ចូលទៅ។ ត្រង់ចំណុចនេះ ខ្ញុំហួសចិត្តម្តងទៀត ហើយលួចអស់សំណើចម្នាក់ឯង។ ជាធម្មតា មុននឹងបានចូលសួរសុខទុក្ខអ្នកណាម្នាក់ក្នុងពន្ធនាគារ គេត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃជាមុន ហើយបើតាមខ្ញុំដឹង មិនមែនអ្នកណាសុំក៏ចេះតែបាននោះទេ។ ចុះហេតុអីលោក ជុន ច័ន្ទបុត្រ ត្រូវគេអនុញ្ញាតឲ្យចូលអីក៏ស្រួលៗយ៉ាងនេះ? ពេលស្តាប់បទសម្ភាសន៍នោះ ខ្ញុំក៏ហាក់ដូចជាតឹងចិត្តនឹងអ្នកកាសែតវិទ្យុបារាំងរូបនោះដែរដែលហាក់មិនសូវចេះសួរសោះ។ បើខ្ញុំជាអ្នកកាសែតវិញ ខ្ញុំនឹងដេញសួរដេញដោលត្រង់ចំណុចនេះ មិនអនុញ្ញាតឲ្យ លោក ជុន ច័ន្ទបុត្រ ដោះសារបានដោយងាយៗអ៊ីចឹងនោះទេ។ ខ្ញុំស្តាប់ហើយពិតជាមិនអស់ចិត្តសោះ។

សរុបមកវិញ មានភស្តុតាងច្បាស់យ៉ាងនេះហើយ លោក ជុន ច័ន្ទបុត្រ មិនគួរប្រកែកទេ។ យកល្អ គាត់គួរតែទទួលកំហុសទើបសមជាអ្នកកាសែតដែលមានការទទួលខុសត្រូវ។ ផ្ទុយទៅវិញ បើគាត់នៅតែប្រកែក គាត់នឹងបាត់ប្រជាប្រិយភាពយ៉ាងខ្លាំងតែម្តង ហើយអាចទទួលទោសកាន់តែធ្ងន់ថែមទៀត។ រូបខ្ញុំផ្ទាល់ដែលធ្លាប់ស្តាប់វិទ្យុអាស៊ីសេរីក៏អស់ជំនឿលើកលោក ជុន ច័ន្ទបុត្រដែរនៅពេលឃើញគាត់ធ្វើបែបនេះ។ អ្វីដែលហួសចិត្តម្យ៉ាងទៀតគឺ ក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិមួយចំនួនបែរជាខិតខំលើកស្ទួយអ្នកប្រព្រឹត្តកំហុសទៅវិញ។

ខ្ញុំបានអានព័ត៌មានតាមហ្វេសប៊ុកខ្លះគឺ ពួកគេមិនបានទទួលស្គាល់កំហុសរបស់លោក ជុន ច័ន្ទបុត្រ ទេ តែបែរជានាំគ្នាលើកតម្កើងគាត់ជា និមិត្តរូបនៃសេរីភាពសារព័ត៌មានទៅវិញ។

មកដល់ចំណុចនេះ ខ្ញុំចេះតែគិតថា ហេតុអីបានជាខ្មែរយើងមានគំនិតជ្រុលនិយមដល់ម្លឹង? កំហុសនៅលើគោកនៅតែកាឡៃទៅជារឿងផ្សេងបាន។ បញ្ហានេះវាក៏បានធ្វើឲ្យខ្ញុំគិតដល់រឿងផ្សេងៗទៀតដែលកើតឡើងចំពោះមន្ត្រីបក្សសង្គ្រោះជាតិកន្លងទៅ។

មានរឿងខ្លះ ខ្ញុំមិនសូវដឹងច្បាស់ពីសាច់រឿងទេ តែឆ្លងកាត់រឿងរ៉ាវរបស់លោក ជុន ច័ន្ទបុត្រ ដែលខ្ញុំបានតាមដានយ៉ាងច្បាស់នោះ ធ្វើឲ្យខ្ញុំគិតថា ក្រុមបក្សប្រឆាំង និងអ្នកគាំទ្រជ្រុលនិយមរបស់ពួកគេ ពិតជាពូកែកាឡៃ បំភ្លៃសាច់រឿងខ្លាំងណាស់ដែលធ្វើឲ្យអ្នកមិនដឹងរឿងមួយចំនួនជឿតាម។ ប៉ុន្តែ ឥឡូវ ខ្ញុំបានភ្លឺភ្នែកហើយ។ មានរឿងជាច្រើនគឺគេបំភ្លៃធ្វើឲ្យអ្នកខុសក្លាយជាអ្នករងគ្រោះគួរឲ្យអាណិត ចំណែកអ្នកដែលគ្រាន់តែចាត់វិធានការតាមផ្លូវច្បាប់បែរជាត្រូវទទួលការចោទប្រកាន់ថា ជាអ្នកធ្វើទុក្ខបុកម្នេញគេទៅវិញ។

ជាសំណូមពរចុងក្រោយ ខ្ញុំមិនកាន់ជើងខាងណាទេ ខ្ញុំជាខ្មែរ ខ្ញុំគ្រាន់តែចង់ឲ្យខ្មែរទាំងអស់គ្នាចេះទទួលខុសត្រូវ។ ខុសដឹងខុស ត្រូវដឹងត្រូវ គឺកុំធ្វើខ្លួនជាអ្នកជ្រុលនិយមហួសហេតុពេក។ ជាចុងក្រោយ ខ្ញុំក៏សូមផ្តាំទៅលោក ជុន ច័ន្ទបុត្រថា យកល្អ លោកទទួលកំហុសទៅវាល្អជាងប្រកែកទាំងទទឹងទិសបែបនេះ។ ចំណែកអ្នកគាំទ្រនយោបាយវិញ សូមកុំងប់ងល់ខ្លាំងពេក។ គួរស្គាល់ខុស ស្គាល់ត្រូវផងទើបល្អ។ បើមិនដូច្នេះទេ សង្គមយើងមិនបានសុខឡើយ៕

គួរមិនគួរសូមអធ្យាស្រ័យ។
ពីប្រជាពលរដ្ឋម្នាក់នៅម្តុំផ្សារដេប៉ូ!

ចែករំលែក

បញ្ចេញយោបល់