លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ អាជ្ញាធរដែនដី ត្រូវខិតខំបំពេញការងាររបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

ថ្ងៃអាទិត្យ ទី ២៣ មេសា ២០១៧​
126

 

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរដែនដី ស្រុក ឃុំ និងភូមិ ទូទាំងស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីក្តាប់នូវសំណូមពរផ្សេងៗ ដោះស្រាយសម្រាប់ការកសាង និងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចំរើន។
នៅក្នុងពិធីនោះ លោក នាង សួន អាជ្ញាធរស្រុកកោះអណ្តែត បានរាយការណ៍ថា ក្រោមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ស្រុកបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានា រក្សាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ដោះស្រាយបានទាន់ពេលវេលា នូវរាល់សំណូលពរចាំបាច់របស់ប្រជាពលរដ្ឋ។
ក្រោយពីស្តាប់របាយការណ៍ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ របស់អាជ្ញាធរដែនដី ដែលកន្លងមកនេះបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ជាអនុសាសន៍មួយចំនួនដល់អាជ្ញាធរដែនដី ត្រូវខិតខំបំបេញការងារនៅមូលដ្ឋាន ហើយត្រូវលើកកម្ពស់កិច្ចសហការ សម្របសម្រួលក្នុងការដោះស្រាយបញ្ហានានា ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នូវកម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាប កម្មវិធីនយោបាយតាមវិស័យ ក៏ដូចជាសភាពការណ៍រួមរបស់ប្រទេសជាតិ។ សហការរៀបចំវេទិការសាធារណៈនៅតាមមូលដ្ឋានដើម្បីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយរាល់សំណើររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសាមគ្គីភាព រក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងកម្រិតខ្ពស់ ដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយបរិយាកាសសប្បាយរីករាយ ក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សា ហើយត្រូវបន្តធ្វើរហូតដល់ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕

ចែករំលែក

បញ្ចេញយោបល់