លោកស្រី ម៉ែន សំអន និងលោកនាយឧត្តមសេនីយ៍ សៅ សុខា ចុះប្រគល់ផ្ទះ និងអំណោយជាច្រើន ជូនគ្រួសារយុទ្ធជនពិការ នៅខេត្ត​ស្វាយរៀង

ថ្ងៃអាទិត្យ ទី ២៣ មេសា ២០១៧​
84

 

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រីម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជា​មួយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកង​យោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​អគ្គលេខាធិការរង នៃសមាគមអតីតយុទ្ធជនកម្ពុជា បានដឹក​នាំ​សហការី​ចុះប្រគល់ផ្ទះមួយខ្នង និងអំណោយជាច្រើន ជូនគ្រួសារ​យុទ្ធ​ជន​ពិការមួយ ដល់ខេត្តស្វាយរៀងតែម្ដង។

ផ្ទះមួយខ្នងនេះ ធ្វើឡើងពីថ្ម ប្រក់ស័ង្កសី បណ្ដោយ៥ម៉ែត្រ និង​ទទឹង៨ម៉ែត្រ ជូនអតីតយុទ្ធជនពិការឈ្មោះ សោម សំអាត អាយុ៥៨​ឆ្នាំ មានទីតាំងនៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត​ស្វាយ​រៀង។

ក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៧០០ដុល្លារ និង ១,២២០,០០០រៀល ចំណែកនាយឧត្តសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភជូននូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម និងផ្ទាំង​សូឡា​ប្រើពន្លឺព្រះអាទិត្យ ១គ្រឿង ទុកសម្រាប់ប្រើប្រាស់​ក្នុងគ្រួសារ​ផង​ដែរ។

ខណៈកំពុងទទួលផ្ទះដ៏ស្រស់ស្អាត ព្រមជាមួយអំណោយ និងថវិកា​ទាំង​ប៉ុន្មានខាងលើ យុទ្ធជនពិការ សោម សំអាត បានលើក​ដៃសំពះ​ថ្លែង​អំណរគុណ ចំពោះថ្នាក់ដឹកនាំទាំងពីរ និងសហការី ដែលបាន​ខិត​ខំ​យក​ចិត្តទុកដាក់ចំពោះខ្លួន។

សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងជារើយៗច្រើនលើក និងច្រើន​កន្លែង​មកហើយ បានស្ដែងឲ្យឃើញពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ ពិសេសលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​បងប្អូនយុទ្ធជនពិការនៅគ្រប់ទិសទី ដែលពួកគាត់បាន​បូជា​សាច់​​​​ស្រស់ឈាមស្រស់ ការពារជាតិមាតុភូមិ និងត្រដាបត្រដួសស្វែង​រកសន្តិភាពជូនប្រជាពលរដ្ឋ នាពេលកន្លងមកនោះ៕

ចែករំលែក

បញ្ចេញយោបល់