លោក អូន ព័ន្ធមុនីរ័ត្ន ចុះសំណេះសំណាលជាមួយ បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សាឃុំ និងសមាជិកCPP ៨៧៨រូប នៅ​ក្នុង​ស្រុក​ខ្សាច់កណ្តាល

ថ្ងៃអាទិត្យ ទី ២៣ មេសា ២០១៧​
104

 

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារថ្នាក់ជាតិប្រចាំ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បាន​ចូលរួ​មជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរ​ឈ្មោះ​ក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុក​ខ្សាច់កណ្តាល សរុប៨៧៨រូប ។

លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែលជានិច្ចជាកាល លោកទាំងពីរតែងតែគិតគូរ និង​យកចិត្ត​​ទុកដាក់ខ្ពស់ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាក​ខ្វះខាត​របស់ប្រជាជននៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សមិទ្ធិផលដែលកើតមាន​ឡើងនា​ពេលនេះ គឺជាសក្ខីភាពដែលបង្ហាញ​នូវភាពរីកចម្រើន​របស់ប្រទេស​ជាតិ លើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទដាច់ស្រយាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជន​កម្ពុជាដែលមាន លោក ហ៊ុន សែន ជានាយ​ករដ្ឋមន្រ្តី​ ។

បន្ថែមពីនេះ លោកក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំង​មាន​សមត្ថ​កិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានកាន់​តែ​ប្រសើរ​ឡើងថែមទៀត ដើម្បីផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និង​សណ្តាប់​​ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល។

ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមិនត្រូវយក​កម្រៃអ្វី​ទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ដែលរាជ​រដ្ឋាភិបាលបានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។ល។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹកដល់​បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្តទុកដាក់ក្នុងការ​បំពេញភារកិច្ច​របស់​ខ្លួន ឲ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែង​យល់ពីបញ្ហា​ប្រឈម និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ​ដើម្បីចាត់វិធានការ​ដោះ​ស្រាយ​​ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ចែករំលែក

បញ្ចេញយោបល់