លោក ហ៊ុន ម៉ាណែត៖ ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត,បើយើងរើសត្រូវ យើងមានសំណាងជោគវាសនារស់នៅក្នុងសុខសន្តិភាព

ថ្ងៃអាទិត្យ ទី ២៣ មេសា ២០១៧​
149

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា វត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ បានមានប្រសាសន៍ថា សង្គ្រាមបានបន្សល់ទុកនូវការឈឺចាប់ពីអតីតកាលឱពុកម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី អ្វីដែលយើងមានមកដល់ថ្ងៃនេះគឺសល់ពីសង្គ្រាម។ ដោយសារយើងមានឱកាសរស់រានមានជីវិតទើបយើងមានឱកាសកសាងសមិទ្ធិផលជាច្រើន។ ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ប្រជាពលរដ្ឋមានជីវភាពធូធារ កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ មានការងារធ្វើ។នេះគឺជាភ័ពសំណាងរបស់យើងដែលមានអ្វីៗដូចសព្វថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត ឲ្យដឹងទៀតថា ការកសាងសមិទ្ឌិផលនេះគឺជាទឹកចិត្តនិងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងកូនចៅប្រជាពលរដ្ឋ។ជាក់ស្តែងការកសាងសមិទ្ធិផលនៅក្នុងទីវត្តអារាមគឺជាមជ្ឈមណ្ឌលអប់រំសីលធម៌  គុណធម៌និងអំពើល្អ។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការឆ្នោតនោះបើយើងជ្រើសរើសត្រូវត្រូវ យើងមានសំណាងជោគវាសនារស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹមនិងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេសនឹងក្រឡាប់ចាក់។ ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួននៅលើពិភពលោកនៅមានការវាយប្រហារគ្នាមកដល់សព្វថ្ងៃ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេសមានសង្រ្គាមមកជាប្រទេសមានសុខសន្តិភាពពីជីវភាពលំបាកមកមានជីវភាពធូធារនិងក្លាយជាប្រទេសមានការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជ្រើសរើស គាំទ្រនិងជឿទុកចិត្តការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែនដែលខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ៕

ចែករំលែក

បញ្ចេញយោបល់