ក្នុងបរិបទដែលពិភពលោកជ្រួលច្របល់ ដោយការធ្វើបដិវត្តន៍ពណ៌នៅក្នុងចំណោមប្រទេសអារ៉ាប់ (Arab Spring) រួមមានលីប៊ី អេហ្ស៊ីប ទុយនេស៊ី ស៊ីរីនិងការឡើងកម្តៅនយោបាយពិភពលោកដោយការគំរាមបំផ្ទុះសង្គ្រាម រវាងអាម៉េរិក និងកូរ៉េខាងជើង នៅកម្ពុជាឯណេះវិញ ប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ទាំងរាជរដ្ឋាភិបាល និងប្រជាជនបាននិយាយពីសន្តិភាព ថែរក្សាពូនជ្រុំសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យរីកចម្រើន។
ហេតុអ្វីបានយើងនាំគ្នានិយាយពីសន្តិភាពនៅពេលនេះ ទន្ទឹមគ្នានឹងការនិយាយពីអតុល្យភាព ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន? តើសន្តិភាពពិតជាសំខាន់ខ្លាំងសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទាំងមូលណាស់ទៅឬ?
សន្តិភាពដែលប្រទេសកម្ពុជាមាន និងប្រជាពលរដ្ឋខ្មែរ កំពុងតែរីករាយទទួលបាននៅពេលនេះគឺកើតចេញពី កិច្ចខិតខំប្រឹងប្រែងរបស់តួអង្គនយោបាយពីររូបសំខាន់ៗ គឺព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលឥស្សរជនជាតិទាំងពីរនេះបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងលះបង់កម្លាំងកាយចិត្ត កម្លាំងបញ្ញាស្មារតីដើម្បីនាំមកនូវសន្តិភាពមួយនៅកម្ពុជា បន្ទាប់ពីប្រទេសមួយ នេះបានឆ្លងកាត់សោកនាដកម្ម ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០មក។ នៅពេលដែលនិយាយពីថ្ងៃទី៩ វិច្ឆិកា ទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជាពីអាណានិគមនិយមបារាំង នេះគឺជាស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលមិនអាចនរណាដណ្តើមពីព្រះអង្គបានឡើយ នូវព្រះកិត្តិនាម កេរ្តិ៍ឈ្មោះ និងស្ថាព្រះហស្ថដ៏ឧត្តុងឧត្តមនេះ។ ចំណែកនយោបាយឈ្នះ-ឈ្នះ ដែលដាក់អនុវត្តដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិល និងឯកភាពទឹកដី បន្ទាប់ពីមានការបែកបាក់រយៈពេលជាង៥០០ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្រខ្មែររួចមកគឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មាននរណាម្នាក់មក ដណ្តើមបានឡើយ។
គេនៅចាំបានថា សូម្បីតែនៅក្នុងព្រះរាជសង្កថា របស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានរំលេចម្តងហើយម្តងទៀត នូវនយោបាយ«ឈ្នះ-ឈ្នះ» នេះក្នុងការនាំយកនូវសុខសន្តិភាពជូនប្រជាជន និងប្រជាជាតិខ្មែរទាំងមូលផងដែរ។
ហេតុអ្វីត្រូវដាក់ចុះនូវនយោបាយ«ឈ្នះ-ឈ្នះ»?
ទី១៖ ការដាក់ចុះនូវនយោបាយឈ្នះ-ឈ្នះដោយសារតែសម្តេចតេជោ ហ៊ុន សែន ឈ្វេងយល់ថា អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចង់បានក្នុងការបង្កើត សន្តិភាពសម្រាប់ប្រទេសកម្ពុជា គឺអ៊ុនតាក់ មិនអាចសម្រេចបានឡើយ។ អ៊ុនតាក់បានប្រើប្រាស់ ថវិកាប្រមាណជាង២ពាន់លានដុល្លារ និងបុគ្គលិកស៊ីវិល និងយោធា រាប់ម៉ឺននាក់ តែនៅពេលដែលកម្លាំងអ៊ុនតាក់ចាកចេញទៅ គឺបានបន្សល់ទុកឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងនៅបន្តសង្គ្រាមគ្មានទីបញ្ចប់។ អ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជានោះទេ។ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បានគឺមានសន្តិភាពក្នុងនោះរួមមានការរំសាយកងទ័ពរបស់ភាគីទាំងអស់ ចំនួន៧០% ក្នុងមួយភាគីៗប៉ុន្តែផែនការរំសាយកងទ័ពមិនត្រូវបានអនុវត្តឡើយ។ ខ្មែរក្រហម បានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថែមទៀតប៉ុន្តែអ៊ុនតាក់បានប្រកាសក្តែងៗថា «ទទួលបានជោគជ័យ»ទៅវិញ។ ហេតុដូច្នេះហើយ មានតែនយោបាយ «ឈ្នះ-ឈ្នះ»ទេ ដែលអាចបញ្ចប់ភ្នក់ភ្លើងសង្គ្រាមបានគឺគេមិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ។
ទី២៖ ទឹកចិត្តរបស់បងប្អូនខ្មែរក្រហម មិនចង់ធ្វើសង្គ្រាមបន្តទៅទៀតឡើយ អំឡុងពេលដែលមេដឹកនាំពួកគេ ចចេសរឹងរូសដើរចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខ្លួនបានចុះហត្ថលេខា។ ការដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការធ្វើពហិការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ ត្រូវបានគេមើលឃើញថា គឺជាកំហុស យុទ្ធសាស្ត្រដែលនាំដល់ការរលំរលាយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ កងទ័ពខ្មែរក្រហមថ្នាក់ភូមិភាគ ថ្នាក់តំបន់ និងថ្នាក់ក្រោម គឺមិនចង់បន្តសង្គ្រាមទៀតទេ។ តាមការសិក្សាបងប្អូនអតីតខ្មែរក្រហមខ្លះ ពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម មិនដឹងថា បងប្អូនកូនចៅរបស់ខ្លួន ត្រូវបានសម្លាប់ ក្នុងរបបខ្មែរក្រហមឡើយ។ ពួកគាត់មិនអាចដកខ្លួនរួច ហើយពួកគេក៏ចង់ចូលរួមក្នុងដំណើរការ បទឈប់បាញ់គ្នានេះដែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថ្លែងអរគុណមេដឹកនាំខ្មែរក្រហមដែលបានធ្វើការសម្រេចចិត្តផ្នែកនយោបាយខុស។ ប្រសិនបើខ្មែរក្រហមចូលរួមបោះឆ្នោត មានបក្សនយោបាយត្រឹមត្រូវ តើពេលនេះមានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមឬទេ? តើនរណាហ៊ានរំលាយបក្សនយោបាយរបស់ខ្មែរក្រហមចោល ព្រោះគេជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀង ទីក្រុងសន្តិភាពទីក្រុងប៉ារីស។
គួរបញ្ជាក់ថា បន្ទាប់ពីសម្តេច ហ៊ុន សែន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចបានដាក់ចុះនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីស្វែងរក សន្តិភាពជូនជាតិ និងការពារការវិល ត្រឡប់មកវិញនៃរបបខ្មែរក្រហម។
នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសការវាយលុក ខាងផ្នែកនយោបាយ និងការទូតដើម្បីសម្រេចនូវដំណោះស្រាយ នយោបាយមួយ ដោយឈរនៅលើលក្ខខណ្ឌ២។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការអត់ឃ្លានស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងលក្ខខណ្ឌទី២ គឺរក្សាសមិទ្ធិផលសង្គមដែលសម្រេចបាន ការកសាងសន្តិភាព។
ទី៣៖ ជាមួយការបន្តសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ខ្មែរក្រហមបានបន្តនូវ នយោបាយដ៏ឃោរឃៅក្នុងការបោសសម្អាតផ្ទៃក្នុងរបស់ខ្លួនដោយ ធ្វើការកាប់សម្លាប់គ្មានរើសមុខប្រៀបដូចជាយកដុំថ្មទៅទម្លាក់លើជើងខ្លួនឯង និងជួយដល់ការវាយលុករបស់នយោបាយ «ឈ្នះ-ឈ្នះ»» ដើម្បីសម្លាប់នយោបាយ «ច្រែះស៊ីដែក»របស់ខ្មែរក្រហម ប៉ុល ពត។ ការកាប់សម្លាប់កម្មាភិបាលខ្មែរក្រហមនេះ ហើយដែលធ្វើឱ្យនយោបាយផ្ទៃក្នុងរបស់ខ្មែរក្រហម បែកបាក់ ហើយ នយោបាយ«ឈ្នះ-ឈ្នះ» វាយលុក បានជោគជ័យ។ ខ្មែរក្រហមមាននយោបាយ«ច្រែះស៊ីដែក» តែត្រូវបានគេមើលឃើញថាបានបរាជ័យ និងទៅមិនរួចឡើយដោយ ត្រូវបាននយោបាយ«ឈ្នះ-ឈ្នះ»វាយបំបាក់។ នៅក្នុងស្ថានភាពបែបនេះ ខ្មែរក្រហមនៅបន្តនយោបាយកាប់សម្លាប់ដោយមិនរើសមុខ។
ទី៤៖ ប្រទេសមួយចំនួនដែលធ្លាប់តែគាំទ្រខ្មែរក្រហម ក៏ឈប់គាំទ្របន្តទៀតសកម្មភាពការទូត របស់រាជរដ្ឋាភិបាលជាមួយ បណ្តាប្រទេសដែលធ្លាប់តែគាំទ្រខ្មែរក្រហម គឺជាសារនយោបាយបំបាក់ស្មារតី និងសម្រាប់ការថ្លឺងថ្លែងរបស់បងប្អូន នៅក្នុងជួរខ្មែរក្រហម។ តាមពិត បងប្អូននៅក្នុងជួរខ្មែរក្រហមមួយចំនួនចង់ផ្តាច់ខ្លួនយូរមកហើយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចបានស្នើឱ្យ ពួកគេរង់ចាំបន្តិច ព្រោះថាបញ្ហានេះត្រូវមានចលនាគួបផ្សំគ្នា គ្រប់ទិដ្ឋភាពទាំងកត្តានយោបាយកត្តាយោធា កត្តាសេដ្ឋកិច្ច កត្តាការទូត កត្តាចាត់តាំង។
គោលដៅចម្បងបីនៅក្នុងការដាក់ចុះនូវ នយោបាយឈ្នះ-ឈ្នះនេះគឺ ១-គោលដៅបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ២-នាំមកនូវឯកភាពជាតិ និងឯកភាពទឹកដី ខណៈកម្ពុជាចាប់តាំងពីឆ្នាំ ១៤៦៨ មកពេលខ្លះមានតំបន់ត្រួតត្រាពីរ បី ឬបួន និងមិនមានឯកភាពទឹកដីនោះទេ។ ៣-ប្រមូលផ្តុំគ្រប់កម្លាំងមនុស្សកម្លាំងប្រាជ្ញា ដើម្បីកសាងប្រទេសឡើងវិញ។ គោលនយោបាយឈ្នះ-ឈ្នះដែលបានដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន មានគោលការណ៍សំខាន់ៗចំនួនបី៖ ១-ធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់អ្នកដែលបានផ្តាច់ខ្លួនចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ២-ធានាអាជីព និងមុខរបរឱ្យអ្នកផ្តាច់ខ្លួន ប្រសិនបើធ្វើជាទាហាន គឺបន្តធ្វើទាហានទៀតទៅនិងអ្នកណាធ្លាប់ធ្វើអ្វីធ្វើនោះចុះ។ ៣ ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ គោលនយោបាយឈ្នះ-ឈ្នះនេះត្រូវបាន អនុវត្តដោយជោគជ័យ ហើយបងប្អូនអតីតខ្មែរក្រហម បានទទួលយកដោយរីករាយបំផុត និងបានពូនជ្រុំ នូវនយោបាយនេះរហូតមកទល់នឹងសព្វថ្ងៃ។
ដំណើរនៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា នាពេលអតីតកាលបាននាំមកនូវភាពឈឺចាប់ ឈាម និងទឹកភ្នែក របបប្រល័យពូជសាសន៍ ការនិរាសព្រាត់ប្រាស់ និងសោកនាដ កម្មគ្រប់សព្វបែបយ៉ាង ព្រមទាំងសង្គ្រាមហែកហួរគ្នារវាងខ្មែរនិងខ្មែរក្រោមឥទ្ធិពលនៃសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី។
កម្ពុជាបានបាត់បង់ពេលវេលាប្រមាណ ៣០ឆ្នាំក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ៣០ឆ្នាំដែលធ្វើឱ្យកម្ពុជាចាកចេញពីរបបមួយទៅរបបមួយទៀត ដែលធ្វើឱ្យភ្លើងសង្គ្រាមបានផ្ទុះឡើង និងធ្វើឱ្យេជីវិតពលរដ្ឋ ស្លាប់រាប់លាននាក់ ហើយហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ បើគ្មាន នយោបាយ ឈ្នះ-ឈ្នះទេ ម្ល៉េះកម្ពុជានៅតែបន្តស្ថិតក្នុងស្ថានភាព ប្រទេសមួយ ដែនដីពីរ កងទ័ពពីរ រដ្ឋាភិបាលពីរ ហើយការវាយប្រយុទ្ធគ្នានឹងនៅតែមានបន្ត ជីវិតប្រជាជននឹងបន្តស្លាប់ជារៀងរាល់ថ្ងៃ។
ពេលបច្ចុប្បន្ននេះ នៅពេលដែលប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពី ការកើតឡើងសង្គ្រាម អ្នកគាំទ្របក្សប្រឆាំងថា ខ្លួនមិនជឿថានឹងអាចមាន សង្គ្រាមកើតឡើងឡើយ ព្រោះសង្គ្រាមសំដៅលើការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌ ចុះបើបក្សប្រឆាំងគ្មានអាវុធផង តើឱ្យសង្គ្រាមកើតឡើងមកពីណា? តាមពិតអ្នកដែលនិយាយ នេះភាគច្រើនជាមនុស្សកើតក្រោយរបបខ្មែរក្រហម និងមិនដែល បានឆ្លងកាត់សោកនាដកម្មសង្គ្រាម ហើយចង់សាកល្បងថាតើរសជាតិសង្គ្រាមនេះវាយ៉ាងម៉េច? មើលប្រវត្តិសាស្ត្រខ្មែរកន្លងទៅដឹងហើយថាតើសង្គ្រាមផ្តល់ផលអ្វីខ្លះដល់កម្ពុជា និងពលរដ្ឋទាំងមូល។ អ្នកខ្លះមាត់ថាមិនខ្លាច តែក្នុងចិត្តមានក្តីព្រួយបារម្ភ។ សង្គ្រាមដែលអាចកើតឡើងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងមាននេះតែមួយប៉ព្រិចភ្នែកមិនចាំបាច់ឡើយ តែភាគីម្ខាងទៀតមានសព្វាវុធឡើយ។ ករណីនៅប្រទេស៊ីរីជាឧទាហរណ៍ស្រាប់ បក្សប្រឆាំងដំបូងឡើយគ្មានសព្វាវុធក្នុងដៃឡើយ ប៉ុន្តែកាលណា មជ្ឈដ្ឋានខាងក្រៅលូកដៃ ដោយជោគជ័យមកបង្កាត់ភ្នក់ភ្លើងសង្គ្រាម ក្នុងប្រទេសហើយ ពួកគេនឹងមិនខ្វះ សព្វាវុធបាញ់សម្លាប់ជាតិសាសន៍ឯងឡើយ។ កម្ពុជាបានហែលឆ្លងកាត់បទពិសោធនេះច្រើនក្រែលហើយ នាអតីតកាល។ ប៉ុន្តែបក្សប្រឆាំងបានប្រើប្រាស់មនោគមន៍វិជ្ជាដុតសង្គ្រាម ក្នុងចំណោមសកម្មជនរបស់ខ្លួន តាមខ្សែញាក់របស់ចៅហ្វាយនាយបរទេសរបស់ខ្លួន ដើម្បីមហិច្ឆតាអំណាច សម្រាប់ក្រុមខ្លួនដោយមិនបានគិតពីផលវិបាកនៃការធ្វើជាអាយ៉ងចក្រពត្តិ និងប៉ុនប៉ង់បំផ្លិចបំផ្លាញសុខសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ នេះតាមគ្រប់រូបភាពទាំងអស់។
បច្ចុប្បន្ននេះ មេដឹកនាំបក្សប្រឆាំងបានទទួលជោគជ័យរួចមកហើយក្នុងការបណ្តុះគំនិតរើសអើងជាតិសាសាន៍និយម បញ្ឆេះកំហឹងវណ្ណៈរវាងអ្នកក្រ និងអ្នកមាន បញ្ឆេះបញ្ហារឿងព្រំដែនជាមួយប្រទេសជិតខាង និងបានប្រើវោហាសាស្ត្រស្អប់ខ្ពើម និងសងសឹកនៅក្នុងសង្គមខ្មែរ តាមទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោចទឹក ហោចស្រមោចស៊ីត្រី។ សម្តេចតេជោ ធ្លាប់បានសង្កត់ធ្ងន់ថា ប្រសិនបើបក្សប្រជាជននៅដឹកនាំអំណាច មនុស្សគ្រប់មជ្ឈដ្ឋាន ទាំងអស់អាចរស់នៅបានក្នុងដំបូលសន្តិភាព ប៉ុន្តែបើបក្សផ្សេងមក ដឹកនាំវិញតើអ្នក ផ្សេងអាចរស់នៅបានដែរឬអត់ ខណៈអ្នកគាំទ្របក្សប្រឆាំងមួយចំនួន បានត្រៀមខ្លួនរួចជាស្រេចត្រៀមធ្វើ ត្រី និងធ្វើស្រមោច។
ដូច្នេះកុំដើម្បីមហិច្ឆតាអំណាចក្រោមខ្សែ ញាក់របស់ចៅហ្វាយចក្រពត្តិរបស់ខ្លួន បក្សប្រឆាំងហ៊ាននាំកម្ពុជាចូលទៅក្នុងជ្រោះសោកនាដកម្មក្នុងភ្នក់ ភ្លើងសង្គ្រាមសាជាថ្មី ឱ្យសោះ។ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ដែលជាស្ថាបនិកនិងជាជើងឯកបង្កើតសន្តិភាព និងការពារថែរក្សាសន្តិភាព បានប្រកាសរួចហើយថា ទោះបីជា នៅក្នុងតម្លៃ ណាក៏ដោយយើងត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍ ដែលយើងកំពុងមានសព្វថ្ងៃនេះឱ្យបាន។ ការពារសន្តិភាពដែលជាសមិទ្ធផលចេញពីនយោបាយ ឈ្នះ-ឈ្នះនេះបានគង់វង្សល្អ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល និងប្រជាជន។ ទាល់តែមានសន្តិភាពជាមុនសិន ទើបយើងអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិបាន! ដូចក្នុងពេលសង្គ្រាមនាអតីតកាល សូម្បីតែនឹកដល់ពាក្យទាំងនេះក៏ពលរដ្ឋខ្មែរយើងមិនហ៊ាននឹកផង ព្រោះប្រទេសទាំងមូលក្លាយជាទីលាន ប្រយុទ្ធពោរពេញ ទៅដោយការបំផ្លិចបំផ្លាញទៅហើយ។ នេះមិនមែនជាការបន្ទុចបង្អាក់ដំណើរការលទ្ធិប្រជាធិបតេយ្យឡើយ ប៉ុន្តែគឺការពារសន្តិភាពបាន ការពារអភិវឌ្ឍរបស់ប្រទេសនិងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសព្វបែបយ៉ាង៕
ដោយ៖ ចៅចាក់ស្មុក