អតីតបុគ្គលិកវិទ្យុអាស៊ីសេរីថា ទង្វើ ជុន ច័ន្ទបុត្រ ជាសកម្មភាពចារកម្ម

ថ្ងៃសុក្រ ទី ២១ មេសា ២០១៧​
132

អតីតបុគ្គលិកអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានរិះគន់លោក ហូត វិទ្ធី ហៅ ជុន ច័ន្ទបុត្រ  និងបានហៅការលួចបន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃសរបស់មេវិទ្យុអាស៊ីសេរីនៅស្រុកខ្មែរថ្មីៗនេះ ថា គឺជាទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ និងជាសកម្មភាពចារកម្ម។

អ្នកស្រី គឹម ពៅសុតន្ត អតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរី បានរិះគន់ទង្វើរបស់លោក ជុន ច័ន្ទបុត្រ ថាសកម្មភាពចារកម្ម។ អ្នកស្រីថា «RFA ក្រមសីលធម៌របស់ពួកខ្ញុំ នៅឆ្នាំ១៩៩៧ យើងជាអ្នកកាសែត មិនមែនជាក្រុមចារកម្មនោះទេ!!! សូមសួរទៅប្រធាន Dan Southerland របស់ខ្ញុំ!!! យើងមានសិទ្ធិស្រាវជ្រាវ និងអង្កេត ដើម្បីប្រយោជន៍មហាជន ប៉ុន្តែយើងគ្មានសិទ្ធិ បោកបន្លំសមត្ថកិច្ច នៅកន្លែងគ្រប់គ្រងរបស់សមត្ថកិច្ចនោះទេ»។

អតីតអ្នកយកព័ត៌មានមួយរូបទៀតរបស់វិទ្យុអាស៊ីសេរី លោក ថៃ សុធា បានលើកឡើងថា ករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនជាជំនួយការតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចូលពន្ធនាគារព្រៃស បានក្លាយជារឿងក្តៅគគុកក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជា ដោយលោកបានសរសេរថា «រឿងនាយករងវិទ្យុអាស៊ីសេរី បន្លំចូលគុក ខ្លាំងជាងរឿងនៅកូរ៉េខាងជើងទៀត»។

លោក អ៊ុំ សារិន ឬ កែវ និមល អតីតបុគ្គលិកជាន់ខ្ពស់របស់វិទ្យុអាស៊ីសេរី ម្នាក់ទៀត ក៏បានចេញសារមួយដែរថា «នៅវិទ្យុអាស៊ីសេរី មានច្បាប់តឹងតែងណាស់ គេមិនឲ្យអនុវត្តខុសច្បាប់ផ្ទៃក្នុងទេ គឺCode Ethic of RFA Journalists»។ «ព័ត៌មានផ្សាយលើប៉ុស្តិ៍អាស៊ីសេរី ត្រូវទៅប្រមូលព័ត៌មាន ក្នុងនាមអាស៊ីសេរី មិនអាចក្លែងឈ្មោះ ក្លែងភេទ ក្លែងតួនាទី ដើម្បីទទួលព័ត៌មានបានទេ។ Broadcasting Board of Governors (BBG) ជាក្រុមមនុស្ស ដែលមានរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ជាសមាជិក ហើយBBG គ្រប់គ្រងទាំង RFA, VOA, ….។ ដូច្នេះ អាមេរិកាំង គេមិនឲ្យខូចឈ្មោះស្ថាប័នគេទេ។ គេមិនការពារមនុស្សខុសច្បាប់ទេ»។

សូមជម្រាបជូនថា ក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំពិសេសជាមួយមន្រ្តីជំនាញ អ្នកច្បាប់ និងអ្នកពាក់ព័ន្ធនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ដើម្បីពិនិត្យមើលលើផ្លូវច្បាប់ មុននឹងមានវិធានការទាក់ទងករណីលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បន្លំខ្លួនជាជំនួយការតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលក្នុងពន្ធនាគារព្រៃស ដើម្បីជួបសួរសុខទុក្ខជនជាប់ចោទទាំង ១៦រូប ដែលរួមមានសមាជិកគណបក្សប្រឆាំង និងអ្នកវិភាគ កឹម សុខ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ៕

ចែករំលែក

បញ្ចេញយោបល់