សៀវភៅប្រវត្តិសាស្រ្ដខ្មែរ ដែលមានចំណងជើងថា The Khmer Republic ឬ «សាធារណរដ្ឋខ្មែរ» ដែលជាសម័យកាលដឹកនាំដោយ សេនាប្រមុខ លន់ នល់ របស់លោកសាស្រ្ដចារ្យបណ្ឌិត រស់ ច័ន្ទត្រាបុត្រ បណ្ឌិតសភាចារ្យផ្នែកវិទ្យាសាស្រ្ដនយោលបាយ ដែលនិយាយពីប្រវត្តិសាស្រ្ដខ្មែរ កាលពីកំឡុងឆ្នាំ១៩៧០-១៩៧៥ បានប្រកាសចេញលក់ហើយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ជាភាសាអង់គ្លេស ខណៈភាសាខ្មែរនឹង ចេញលក់នៅចុងឆ្នាំ២០១៧។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្ដីពីសៀវភៅប្រវត្តិសាស្រ្ដខ្មែរ The Khmer Republic លោកសាស្រ្ដចារ្យបណ្ដិត រស់ ច័ន្ទត្រាបុត្រ បានឲ្យដឹងថា សៀវភៅប្រវត្តិសាស្រ្ដសាធារណរដ្ឋខ្មែរនេះត្រូវបានចង់ក្រងឡើងនៅតាំងពី៣០ឆ្នាំមុនមកម្លេះ ដោយចងក្រងឡើងជាភាសាបារាំង ហើយបច្ចុប្បន្ននេះ ត្រូវបាននាយកវិទ្យាស្ថាន CamEd Businesses School លោក Cassey Banette បានចាប់អារម្មណ៍ថា សៀវភៅប្រវត្តិសាស្រ្ដនេះ និងបានយកទៅបកប្រែជាភាសាអគ្លេស ដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាបន្ថែមឲ្យបងប្អូនខ្មែរ ចេះភាសាអង់គ្លេសបានច្រើន និងយល់ថាពីប្រវត្តិនៃសាធារណៈខ្មែរ កើតឡើងដូចម្ដេច និងបានស្លាប់ទៅវិញដូចម្ដេច។
លោកបានបន្តទៀតថា «សៀវភៅសាធារណរដ្ឋខ្មែរនេះ គឺបានផ្ដោតទៅលើការយល់ដឹង និងចងចាំរបស់ខ្ញុំផ្ទាល់ នៅក្នុងសម័យនោះ តែមិនមែនមានន័យថា អាចគ្របសង្កត់ទៅលើប្រវត្តិសាស្រ្ដទាំងស្រុងនោះឡើយ ប៉ុន្ដែនេះគឺជាផ្នែកមួយដែលខ្ញុំបានដឹង និងបានស្គាល់ ហើយលើកយកមកនិយាយ។ អ្វីដែលជាប្រវត្តិសាស្រ្ដខ្មែរនេះ គឺមិនមានអ្នកណាម្នាក់ បានចងក្រងនោះឡើយ។ ខ្ញុំគឺជាអ្នកទី១ដែលបានចង់ក្រងសៀវភៅប្រវត្តិសាស្រ្ដនេះឡើង»។
លោកបានបញ្ជាក់ទៀតដែរថា សៀវភៅនេះ គឺជាប្រវត្តិសាស្រ្ដដែលផ្ដល់ប្រយោជន៍ ឬជាមេរៀនមួយ ដល់ប្រជាជនខ្មែរគ្រប់រូបបានយល់ បានដឹងពីបច្ចុប្បន្ន និងរឿងអតីតកាល ក៏ដូចជាផ្ដល់នូវដំបូន្មានដល់យើងថា តើកន្លែងណាខ្លះដែលយើងគួរជៀសវាង ដើម្បីកុំឲ្យដើរលើផ្លូវដដែល។
លោក Cassey Banette បានថ្លែងឲ្យដឹងថា គោលបំណងដែលបណ្ដាលឲ្យ មានការបកប្រែសៀវភៅនេះ ជាភាសារខ្មែរព្រោះ ដើម្បីបម្រើដល់ប្រជាជនទូទៅទាំងអស់គ្នា បានយល់ដឹងពីប្រវត្តិសាស្រ្ដខ្មែរ កាន់តែច្បាស់ មិនថាប្រជាជនក្នុងប្រទេស ឬប្រជាជនក្រៅប្រទេសនោះទេ។
លោក Cassey Banette បានបន្ថែមទៀតថា «បច្ចុប្បន្ននេះ លោក រស់ ច័ន្ទត្រាបុត្រ កំពុងតែបកប្រែសៀវភៅប្រវត្តិសាស្រ្ដនេះជាភាសាខ្មែរ ហើយខ្ញុំសង្ឃឹមថា ថ្ងៃក្រោយយើងនឹងមានសៀវភៅនេះ ជាភាសាខ្មែរ។ សព្វថ្ងៃនេះយើងបាន និងកំពុងធ្វើការចែកចាយសៀវភៅនេះ (ភាសាអង់គ្លេស) លក់នៅតាមបណ្ណាគារមួយចំនួនរួចហើយ ព្រមទាំងធ្វើការលក់តាមបណ្ដាញ Online ផងដែរ រីឯតម្លៃវិញគឺថ្លៃ២៥ដុល្លារ ក្នុងសៀវភៅមួយក្បាល»៕