រដ្ឋបាលខេត្តកំពត​បានបើកកិច្ចប្រជុំគណៈ​បញ្ជាការឯកភាព​រដ្ឋបាលខេត្ត​ ប្រចាំត្រីមាសទី១ ​ ឆ្នាំ២០១៧​

ថ្ងៃសុក្រ ទី ២១ មេសា ២០១៧​
183

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តអាគារខាងជើងមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ក្រោមអធិបតីភាពលោក ចាន់ ចេស្តា អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបី លោកប្រធានសាលាដំបូង លោកដំណាងអយ្យការអមសាលាដំបូងខេត្ត លោកអភិបាល លោកអភិបាលរងក្រុង-ស្រុក លោកប្រធាន អនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីរាជការចំណុះគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសរុបប្រមាណ​ ២៧០នាក់​ ។

លោកអភិបាល នៃគណៈអភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗសម្រាប់អនុវត្តនាពេលខាងមុខមានដូចជា៖ ១-មន្ទីរ អង្គភាពជំនាញ អាជ្ញាធរឃុំ សង្កាត់ ត្រូវចាត់តាំងធ្វើការផ្សព្វផ្សាយបញ្ហាផលប៉ះពាល់គ្រឿងញៀន ឲ្យបានទូលំទូលាយនៅគ្រប់ទីកន្លែង។ ២-គណៈកម្មការខេត្ត ត្រូវបន្តពង្រឹងការអនុវត្តតាមសារាចរណែនាំលេខ ០៥ សរណន របស់រាជរដ្ឋាភិបាលបន្ថែមទៀត។ មន្ទីរកសិកម្មត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យរោងសន្និធិ សិប្បកម្ម នៅក្នុងខេត្ត។ ៣-បញ្ហាខ្វះមន្ត្រីរបស់ខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើលិខិតទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីសុំក្របខ័ណ្ឌបន្ថែម។ ៤-ស្នើសុំកងកម្លាំងអាវុធហត្ថ និងនគរបាល សហការជាមួយរដ្ឋបាលព្រៃឈើក្នុងការបង្ក្រាបទប់ស្កាត់ បទល្មើសកាប់ទន្ទ្រានព្រៃឈើ ដើម្បីវាទយកដីរដ្ធធ្វើជាកម្មសិទ្ធ។ ៥-បទល្មើសព្រៃឈើ យើងត្រូវបង្ក្រាបមេក្លោង ជួញដូរធំៗ ចៀសវាងការបង្ក្រាបការដឹកជញ្ជូនតូចតាចរបស់ប្រជាពលរដ្ឋ។ ៦-សមត្ថកិច្ចនៅតាមព្រំដែន សហការជាមួយភាគីវៀតណាមទប់ស្កាត់បទល្មើសផ្សេងៗឲ្យបានល្អប្រសើរ។ ៧-អាជ្ញាធរក្រុង ស្រុក យកចិត្តទុកដាក់លើសណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព អនាម័យក្នុងភូមិសាស្រ្តរបស់ខ្លួន ជាពិសេសចំណតរថយន្ត​ ការសង់រោងបុណ្យ រោងការលើផ្លូវសាធារណៈ។

​ជាកិច្ចបញ្ជប់លោកអភិបាលខេត្ត បានផ្តល់កិត្តិយសប្រគល់ជូននូវប័ណ្ណសរសើរ និងលិខិតសរសើរ តាមចំណាត់ថ្នាក់ចំនួន៩៣ ដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាល ដែលមានស្នាដៃក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព​ កន្លងមក​៕

 

ចែករំលែក

បញ្ចេញយោបល់