ភ្នំពេញ៖ របាយការណ៍ពីអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិកម្ពុជា បង្ហាញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា កម្ពុជាមានលទ្ឋភាពផលិតបន្លែខ្លួនឯងបានតែ៤៤%ប៉ុណ្ណោះ តិចជាងការនាំចូលមានដល់ទៅ៥៦%។
របាយការណ៍ក៏បានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ពលរដ្ឋកម្ពុជា បរិភោគបន្លែ០.៩៣លានតោន ស្របពេលការផលិតក្នុងស្រុក មានត្រឹម ៤៤% ហើយការនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម ថៃ និងចិន មានរហូតដល់៥៦%។
របាយការណ៍រិះគន់ថា ៩៥ភាគរយនៃអ្នកបរិភោគដាក់ការព្រួយបារម្ភអំពីកម្រិតគីមីក្នុងបន្លែ រាប់ទាំងបណ្ដាបន្លែដែលផលិតក្នុងស្រុក និងបន្លែដែលនាំចូលពីបណ្ដាប្រទេសជិតខាង។ក្នុងមួយថ្ងៃៗ កម្ពុជានាំចូលបន្លែពីប្រទេសជិតខាងចន្លោះពី២០០ ទៅ៣០០តោន។ នេះបើយោងតាមរបាយការណ៍ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិ បង្ហាញក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅកម្ពុជា។
សូមជំរាបថា ប្រភព ឬប្រភេទបន្លែផ្គត់ផ្គង់ក្នុងស្រុក ច្រើននាំមកពីខេត្តកណ្ដាល តាកែវ, កំពង់ឆ្នាំង សៀមរាប ស្វាយរៀង កំពង់ស្ពឺ និងខេត្តកំពង់ចាម។ បន្លែទាំងនេះ គ្របដណ្ដប់លើទីផ្សារប្រមាណ ៤៧% ដែលបានផ្គត់ផ្គង់នៅតាមផ្សារដើមគរ និងផ្សារនាគមាស ចាប់ពីខែវិច្ឆិកា រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ៕