សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថានឹងបង្កើតសាលាបាល់ទាត់ឲ្យបានគ្រប់ ២៥ រាជធានីខេត្ត គិតពីឆ្នាំ២០១៧ នេះតទៅដើម្បីបណ្តុះកីឡាករឲ្យច្រើន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។
សហព័ន្ធនឹងផ្ដល់ប្រាក់ខែគ្រូ សម្ភារៈហ្វឹកហាត់ ដើម្បីដំណើរការសាលាបាល់ទាត់នេះ។ ក្រៅពីសហព័ន្ធ ក៏មានស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីជ្រោមជ្រែងដូចជា ក្រសួងអប់រំយុវជននិងកីឡា នាយកដ្ឋានអប់រំកាយនិងកីឡា នាយកដ្ឋានសិស្សនិស្សិត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នេះបើតាមការឱ្យដឹងពី លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីរបស់សហព័ន្ធ។
គោលដៅនេះ នឹងរៀបចំស្វែងរកកីឡាករដែលមានទេពកោសល្យ ហើយសង្ឃឹមថានឹងនៅតាមបណ្តាខេត្តនឹងការចូលរួមនិងប្រកួត ច្រើនកុះករ កីឡាករដែលជាគោលដៅគឺកើតនៅចន្លោះឆ្នាំ ២០០១ ដល់ ២០០៣ ហើយនឹងបន្តជ្រើសរើសជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២៣៕