ដើមឈើទាលមួយដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទបាយ័ន ជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិតនៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នកជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាលដើមឈើទាលនេះ តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧មក។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំការងារនេះបញ្ជាក់ថា ការកាត់ក្រី និងព្យាបាលដើមឈើក្នុងរមណីយដ្ឋានអង្គរ គឺជាភារកិច្ច ដែលក្រុមការងាររបស់លោកតែងធ្វើជាប្រចាំ។ ដោយឡែក ដើមឈើទាលមួយដើមធំនេះ ក្រុមការងាររបស់លោកបានសង្កេតឃើញថា ដើមរបស់វាបានពុក និងប្រហោងខាងក្នុងដោយកន្លែង ហើយមែកមួយចំនួនក៏ងាប់ ដែលអាចនឹងបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។
លោក សូវ៉ាត បន្ថែមថា ក្រៅពីកាត់មែកដើម្បីសម្រាលទម្ងន់ដើម ក្រុមការងារលោកក៏នឹងព្យាបាលដើមឈើទាលមួយដើមនេះឲ្យអស់លទ្ធភាព ដើម្បីឲ្យដុះសាច់ថ្មី ព្រោះដើមឈើទាលដ៏ធំនេះ មានអាយុកាល យូរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកបន្តថា ដោយសារដើមឈើទាលនេះមានកម្ពស់ដល់ទៅជាង៤០ម៉ែត្រ ក្រុមការងារត្រូវចំណាយរៀបចំរន្ទាយូរ ហើយគ្រោងនឹងចាប់ផ្តើមកាត់ក្រីនៅចុងខែមេសានេះ។
សូមបញ្ជាក់ថា ព្រៃឈើគឺជាធាតុដ៏សំខាន់មួយនៃបេតិកភណ្ឌអង្គរ ក្នុងចំណោមធាតុសំខាន់ទាំងបីគឺ ប្រាសាទ បរិស្ថាន(ព្រៃឈើនិងទឹក) និងសហគមន៍។ ព្រៃឈើក្នុងតំបន់អង្គរអាចជួយស្រូបទឹកភ្លៀងនិងផ្តល់សំណើមដល់គ្រឹះប្រាសាទ ជួយការពារខ្យល់ព្យុះមិនឲ្យបោកបក់ខ្លាំងប៉ះពាល់ប្រាសាទ និងបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតដល់ប្រាសាទផងដែរ។ បច្ចុប្បន្ន ព្រៃឈើក្នុងរមណីយដ្ឋានអង្គរមានប្រហែល១៥%នៃផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡានៃរមណីយដ្ឋានអង្គរ។ ក្នុងឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើថែមក្នុងផ្ទៃដីទំនេរបានចំនួនជាង៦ម៉ឺនដើម និងកំពុងបន្តដាំថែមទៀតលើផ្ទៃដីទំនេរនៃរមណីយដ្ឋានអង្គរទាំងមូល៕