នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងអនុសាសន៍នានា លើសេចក្តីព្រាងបឋម នៃច្បាប់ប្រាក់ឈ្នួលអប្បបរមា សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីធានាបាននូវយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាននូវសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តរភាពនៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅប្រទេសកម្ពុជា ក្រសួងបានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៦ វាក្យខណ្ឌទី២ ដែលបញ្ញត្តថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា»។
ច្បាប់ស្ដីពីការងារក៏កំណត់ផងដែរ អំពីប្រាក់ឈ្នួលអប្បបរមា ដែលចាំបាច់ក្នុងការធានានូវជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតគ្រប់រូប និងអនុសញ្ញាអន្តរជាតិខាងការងារ លេខ១៣១ និងអនុសាសន៍លេខ១៣៥ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលតម្រូវឱ្យមានប្រព័ន្ធកំណត់ប្រាក់ឈ្នួលអប្បបរមាមួយតាមបែបវិទ្យាសាស្ត្រ។
លោក អ៊ិត សំហេង បានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ឱ្យប្រជុំពិភាក្សាក្នុងកិច្ចប្រជុំត្រីភាគីចំនួន ២លើក រួចមកហើយ ដែលលើកទី១ ធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ ធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
សេចក្តីព្រាងច្បាប់បឋមនេះ រួមមាន៦ជំពូក និង៣៣មាត្រា ដែលមានវិសាលភាពគ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅសមរម្យ ការបង្កើតឱកាសការងារ ការបង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ និងមានគោលដៅចំនួន៣ចំណុចរួមមាន៖ ១-ធានាការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ២-បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ៣-បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ និង
ផ្តល់អនុសាសន៍ អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា បើគិតត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និងផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដូចជា ប្រទេសបង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាម ផងដែរ។
ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ដែលមានអាទិភាព៥ ប្រកបដោយជោគជ័យ។
លោករដ្ឋមន្ត្រី បានបន្តថា លក្ខខណ្ឌការងារត្រូវបានកែលម្អជាបន្តបន្ទាប់ ដូចជា បានដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សន៍ជាប់ពន្ធ ឱ្យឡើងដល់ ១,០០០,០០០រៀល និងលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែម លើថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅ ប្រាក់ថ្លៃបាយ មូលនិធិបេឡាជាតិរបបសន្តិសុខសង្គម ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការ ចាប់ពីឆ្នាំ២០១៧ តទៅ និងបានតភ្ជាប់បណ្តាញអគ្គិសនី ដោយតម្លៃថោកជូនកម្មករនិយោជិត សិស្ស និស្សិត តាមផ្ទះជួលនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំនួនប្រមាណជាង ២៥០,០០០បន្ទប់ និងបានភ្ជាប់បណ្តាញទឹកស្អាតផងដែរ។
ដោយឡែក ប្រាក់ឈ្នួលអប្បបរមា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បានចំនួន១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ បូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ ១៨១ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧នេះ។
ស្ថិតក្នុងបរិបទមួយ ដែលប្រទេសក្នុងតំបន់កំពុងមានការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ គឺជាចំណុចអាទិភាពមួយ ដែលប្រទេសកម្ពុជាត្រូវគិតគូរជាចាំបាច់។ ហេតុដូចនេះ ការពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារៈសំខាន់ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។
ចាប់តាំងពីឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ (ILO) យើងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី «ការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា» ដែលសម្រេចបាននូវលទ្ធផលចំនួន៥ រួមមាន៖ ១-ភាពញឹកញាប់នៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមា ២-ភាពអាចព្យាករណ៍បាននៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមា ៣-យន្តការចរចា ៤-បែបបទនៃការធ្វើសេចក្តីសម្រេចចិត្ត និង ៥-ការប្រើប្រាស់ទិន្នន័យ និងលក្ខណវិនិច្ឆ័យ សម្រាប់ធ្វើការកែសម្រួល។
លោករដ្ឋមន្រ្តីក្រសួងការងារ បានបន្ថែមថា ផ្អែកលើលទ្ធផលសិក្ខាសាលា ឆ្នាំ២០១៤ គណៈកម្មការប្រឹក្សាការងារបានប្រជុំសម្រេចកំណត់យន្តការ និងកាលវិភាគច្បាស់លាស់ ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា ដោយបានរៀបចំឱ្យមានក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាសភាពស្មើៗគ្នា មកភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ដើម្បីប្រជុំពិភាក្សាដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ-ឈ្នះ ដើម្បីផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ជាមូលដ្ឋានដល់គណៈកម្មការប្រឹក្សាការងារ ក្នុងការប្រជុំសម្រេច៕