ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវរៀបចំផែនទីចង្អុលផ្លូវសម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនទៅមុខ ដូចអ្វីដែល កម្ពុជាធ្លាប់បានដើរកន្លងទៅនេះ ហើយក៏មិនមែនដើរដោយគ្មានផែនទី និងក្របខណ្ឌនយោបាយច្បាស់លាស់នោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅថ្ងៃទី២០ មេសានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំផែនទីចង្អុល ផ្លូវសម្រាប់ការអភិវឌ្ឍ ដើម្បីសម្រេចឲ្យបាននូវផែនការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា ក្នុងការអភិវឌ្ឍប្រទេសកន្លងមកនេះ គឺកម្ពុជាមិនមែនដើរដោយគ្មានផែនទី និងក្របខណ្ឌគោលនយោបាយ តាមរបៀបចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណានោះទេ ប៉ុន្តែយើងបាន គិតគូច្បាស់លាស់ណាស់ តាមរយៈការបែងចែកថាដំណាក់ការណាត្រូវធ្វើអី ហើយដំណាក់ការណាត្រូវធ្វើអី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាលកន្លងទៅនេះបានផ្តល់ឱកាសសម្រាប់វិស័យឯកជនបានចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងពេលបច្ចុប្បន្ននេះ៕