នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការអប់រំគ្មានដែនកំណត់នោះទេ ដូច្នេះនិស្សិតយើងគឺអាចបន្តសិក្សាទៅមុខទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ចំនួន ១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងខិតខំជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសជាពិសេសតាមរយៈការពង្រីកទីផ្សារចាស់ដែលមានស្រាប់ និងបង្កើតទីផ្សារថ្មីបន្ថែមទៀតដែលយើងត្រូវមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗជាច្រើន ដែលត្រូវមានការចូលរួមពីស្រទាប់យុវវ័យដែលមានការអប់រំជ្រៅជ្រះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានកោតសរសើរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតដល់ថ្ងៃនេះ និងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ឪពុកម្តាយ និងអាណាព្យាបាល ដែលបានជួយជ្រោមជ្រែងផ្តល់ថវិកា និងគាំទ្រចំពោះការសិក្សារបស់និស្សិត នេះដោយសារតែកម្ពុជាមានសន្តិភាព ដែលផ្តល់ឱកាសឱ្យយុវជនបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់៕