លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាមានមោទនភាពចំពោះការរីកចម្រើននៃវិស័យអប់រំ

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
100

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានមោទនៈភាពចំពោះការរីកចម្រើននៃវិស័យអប់រំ។ លោក​បានថ្លែងដូចនេះ​ក្នុងឱ​កាស​អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ចំនួន ១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានសម្តែងនូវមោទនៈភាពរបស់កម្ពុជាដែលយើងមានសាកលវិទ្យាល័យមានគុណភាព និងទទួលស្គាល់លក្ខណៈអន្តរជាតិ ដែលឆ្លុះបញ្ចាំងថា បច្ចុប្បន្នកម្ពុជាមានការរីកចម្រើនខាងវិស័យអប់រំ បន្ទាប់ប្រទេសយើងបានឆ្លងកាត់ការលំបាកជាច្រើន ជាក់ស្តែងនៅថ្ងៃនេះកាលពីឆ្នាំ ១៩៧៥ រាជធានីភ្នំពេញមិនមានមនុស្សរស់នៅទេ គឺត្រូវបានជម្លៀសចេញ ហើយវិស័យអប់រំក៏ត្រូវបានបាត់បង់នៅពេលនោះដែរតែពេលនេះកម្ពុជាកំពុង អភិវឌ្ឍស្ទើរលើគ្រប់វិស័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា  មានជនជាតិបរទេសដែលបានមកសិក្សានៅសាកលវិទ្យាល័យនេះដែលមានចំនួនរហូតដល់ ៣១នាក់ ដែលជាការឆ្លុះបញ្ចាំងថាការ អប់រំនៅកម្ពុជា កាន់តែប្រកបដោយគុណភាពស្របតាមយុទ្ធសាស្រ្តចតុកោណរបស់​រាជរដ្ឋា​ភិបាល។ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបាន​យកចិត្តទុកដាក់ចំពោះ កុមារ និងយុវជនឱ្យទទួលបាននូវការសិក្សារៀនសូត្រ ជាពិសេសនៅតាមណ្តាលខេត្តផ្សេងៗបានបង្កើតជាសាលារៀនជាច្រើន ដើម្បីផ្តល់ជាកន្លែងសិក្សារៀនសូត្រកាន់តែងាយស្រួល៕

ចែករំលែក

បញ្ចេញយោបល់