លោក គឹម សន្តិភាព៖ ដំណើរការនីតិវិធី​ព្រហ្មទណ្ឌ​ នឹងត្រូវអនុវត្ត​ បើសកម្មភាព​​លោក ជុន ច័ន្ទបុត្រ​ ជាអំពើល្មើសច្បាប់​

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
139

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។

លោក គឹម សន្តិភាព បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ជាធម្មតាទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ នោះដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវប្រកាន់យក។ ហេតុនេះ សាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ។

សូមបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំ លោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ។

លោក ខៀវ សុភ័គ បានឱ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជន ឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស៕

ចែករំលែក

បញ្ចេញយោបល់