លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សាកលវិទ្យាល័យគួរតែបង្កើតការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗដើម្បីផ្តល់ឱកាសដល់សិស្សដែលប្រឡងធ្លាក់បាក់ឌុប

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
120

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សាកល​វិទ្យាល័យគួរតែបង្កើតការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗដើម្បីផ្តល់ឱកាស​ដល់សិស្សដែល​ប្រ​ឡងធ្លាក់បាក់ឌុប  ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ចំនួន ១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរចំពោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាលទៅជាសាកលវិទ្យាល័យដ៏ធំមួយដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ជាពិសេសសាកលវិទ្យាល័យបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ និងបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារសិក្សាជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសំណូមពរដល់សាកលវិទ្យាល័យផ្សេងទៀត គួរបង្កើតការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ក្រៅពីបរិញ្ញាបត្រ អនុបណ្ឌិត ដើម្បីផ្តល់ឱកាសដល់សិស្សដែលប្រឡងធ្លាក់បាក់ឌុបអាចចូលរៀនជំនាញឯកទេសផ្សេងៗបាន៕

ចែករំលែក

បញ្ចេញយោបល់