ក្រសួងមហាផ្ទៃ ប្រកាសឈប់ឱ្យតំណាងរាស្រ្តគណបក្សប្រឆាំងចុះសួរសុខទុក្ខសកម្មជនដែលជាប់ឃុំ ក្រោយនាំមេវិទ្យុអាស៊ីសេរីបន្លំចូលពន្ធនាគារ

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
94

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹង នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យតំណាងរាស្រ្តរបស់គណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។

ការអះអាងយ៉ាងដាច់ណាត់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំ លោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃសដែលនេះគឺជាកំហុសសីលធម៌មួយ។

លោកបានបញ្ជាក់ថា «លើកក្រោយ យើងនឹងលែងឱ្យមានការជួបសួរសុខទុក្ខបែបនេះទៀតហើយទៅថ្ងៃអនាគត។ យើងអនុញ្ញាតឱ្យតែមេធាវីរបស់ជនជាប់ចោទ ឬគ្រួសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ ព្រោះថាគាត់ (តំណាងរាស្រ្តបក្សប្រឆាំង) ធ្វើបែបនេះហើយយើងលែងឱ្យចូលទៀតហើយ»

លោក ខៀវ សុភ័គ បានសន្និដ្ឋានថា «លោក ជុន ច័ន្ទបុត្រ ប្រាកដជាសមាជិករបស់គណបក្សប្រឆាំងទើបអាចធ្វើជាជំនួយការរបស់គណបក្សប្រឆាំងចូលទៅក្នុងពន្ធនាគារ។ ដូច្នេះព័ត៌មានរបស់ ជុន ច័ន្ទបុត្រ ពីថ្ងៃនេះទៅថ្ងៃមុខគឺជាព័ត៌មានអុចអាល។ មួយទៀត គឺតំណាងរាស្រ្តគណ​បក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី គាត់មិនស្មោះត្រង់ជាមួយអាជ្ញាធរមិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដែលមិនបានប្រាប់ការពិតអំពីរឿងនេះដល់សមត្ថកិច្ចបានដឹង»៕

 

ចែករំលែក

បញ្ចេញយោបល់