រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីរ៉ង់បានប្រកាសថា អ៊ីរ៉ង់នឹងចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរនៅក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
លោក Hamid Chitchian ថ្លែងថា កិច្ចសន្យានេះត្រូវបានចុះហត្ថលេខាដោយអង្គការថាមពលអាតូមីអ៊ីរ៉ង់ (AEOI) និងប្រទេសរុស្ស៊ី ដែលរួមមានការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែ កម្លាំង ១០០០មេហ្គាវ៉ាត់ចំនួនពីរ ដែលគ្រោងនឹងចាប់ផ្តើមការសាងសង់នេះ។
ការបញ្ជាក់របស់លោក Hamid Chitchian ធ្វើឡើងបន្ទាប់ពីលោក Ali Akbar Salehi ប្រធានអង្គការថាមពលអាតូមីអ៊ីរ៉ង់ AEOI បានប្រកាសពីការចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួនពីរនៅក្នុងពេលឆាប់ៗ។
លោក Chitchian ក៏បានបញ្ជាក់ផងដែរថា គម្រោងមួយទៀតកំពុងដំណើរការរួមគ្នារវាងក្រសួងថាមពលអ៊ីរ៉ង់ និងក្រុងម៉ូស្គូ ដើម្បីសាងសង់រោងចក្រផលិតអគ្គិសនីកម្លាំង ១៤០០មេហ្គាវ៉ាត់នៅក្នុងខេត្ត Hormozgan ជិតឈូងសមុទ្រពែក្ស ការងារសាងសង់រោងចក្រថាមពលនេះបានចាប់ផ្តើមរួចទៅហើយ។
រដ្ឋមន្រ្តីថាមពលរុស្ស៊ី លោក Alexander Novak បានបញ្ជាក់ថា ក្រុងម៉ូស្គូចាប់អារម្មណ៍ក្នុងការធ្វើឱ្យរួចរាល់នូវកិច្ចសន្យាជាមួយប្រទេសអ៊ីរ៉ង់ និងបានជួយប្រទេសនេះកសាងរោងចក្រថាមពលបន្ថែមទៀត។
លោក Novak បានឱ្យដឹងថា អ៊ីរ៉ង់មានគម្រោងសាងសង់រោងចក្រថាមពលធំជាច្រើន ហើយប្រទេសរុស្ស៊ីអាចនឹងរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសន្យាកសាងរោងថាមពលទាំងនេះ៕