ប្រធានាធិបតីលោក Tayyip Erdogan បានប្រកាសពីជ័យជម្នះនៅក្នុងការធ្វើប្រជាមតិមួយកាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់ឱ្យគាត់នូវអំណាចដ៏ទូលំទូលាយនៅក្នុងការរុះរើធំបំផុតនៃនយោបាយ របស់ប្រទេសតួកគីបច្ចុប្បន្ននេះ ប៉ុន្តែក្រុមអ្នកប្រឆាំងបាននិយាយថា ការបោះឆ្នោតនេះត្រូវបានញាំញីដោយភាពមិនប្រក្រតី ហើយពួកគេនឹងតវ៉ាចំពោះលទ្ធផលរបស់ខ្លួន។
ក្រុមជនជាតិ Kurdish ភាគច្រើននៅភាគអាគ្នេយ៍របស់តួកគី និងទីក្រុងសំខាន់របស់ខ្លួនចំនួន ៣ រួមទាំងរដ្ឋធានី Ankara និងទីក្រុង Istanbul ដ៏ធំបំផុត ដែលមើលទៅបានបោះឆ្នោត «មិនយល់ព្រម» (No) បន្ទាប់ពីយុទ្ធនាការបែកបាក់ និងជូរចត់នេះ។
លោក Erdogan បាននិយាយថា ប្រជាជន ២៥ លាននាក់បានគាំទ្រសំណើនេះ ដែលនឹងជំនួសប្រព័ន្ធដឹកនាំបែបរដ្ឋសភារបស់តួកគី ជាមួយនឹងអំណាចទាំងអស់របស់ប្រធានាធិបតី ហើយលុបចោលតួនាទីរបស់នាយករដ្ឋមន្រ្តី ដោយសារតែក្រុមនោះបានបោះឆ្នោត «យល់ព្រម» (Yes) មានសម្លេង ៥១,៥ ភាគរយនៃការបោះឆ្នោតនេះ។
វាហាក់ដូចជាជ័យជម្នះដែលចែកមិនដាច់ សម្រាប់អ្វីដែលគាត់ និងគណបក្ស AK Party ដែលកំពុងកាន់អំណាចបានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រកាន់ទង់ជាតិរាប់ពាន់នាក់ដើរដង្ហែរអបអរសាទរនៅក្នុងទីក្រុង Ankara និងទីក្រុង Istanbul។
លោក Erdogan បាននិយាយសំដៅទៅលើរដ្ឋប្រហារយោធាដែលបានញាំញីដោយនយោ បាយតួកគីអស់រយៈពេលជាច្រើនទសវត្សថា «ជាលើកដំបូងក្នុងហើយក្នុងប្រវត្តិសាស្រ្តនៃសាធារណរដ្ឋនេះ ដែលយើងកំពុងផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់យើង តាមរយៈនយោបាយស៊ីវិល»។ «នោះជាមូលហេតុដែលវាមានសារៈសំខាន់បំផុត»។
នៅក្នុងការផ្លាស់ប្តូរនោះ ភាគច្រើននឹងចូលជាធរមាន បន្ទាប់ពីការបោះឆ្នោតលើកក្រោយដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ ប្រធានាធិបតីរូបនេះនឹងតែងតាំងគណៈរដ្ឋមន្ត្រី និងចំនួនអនុប្រធានាធិបតីដែលមិនកំណត់ ហើយអាចនឹងជ្រើសរើស និងដកមន្ត្រីរាជការស៊ីវិលជាន់ខ្ពស់ដោយមិនចាំបាច់មានការអនុម័តពីសភា។
លោក Erdogan បានរួចជីវិតពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលមិនបានសម្រេចកាលពីខែកក្កដា កន្លងទៅ ហើយគាត់បានឆ្លើយតបទៅវិញដោយការបង្រ្កាបដែលបានឃុំខ្លួនមនុស្ស ៤៧.០០០ នាក់ និង ១២០.០០០ នាក់បានបណ្តេញចេញ ឬផ្អាកពីការងាររបស់ពួកគេ។
នៅក្នុងទីក្រុង Ankara ជាកន្លែងដែលនាយករដ្ឋមន្ត្រីលោក Binali Yildirim បានថ្លែងអបអរ អ្នកគាំទ្រ ក្បួនរថយន្តចុចស៊ីផ្លេស្ទះផ្លូវនៅលើផ្លូវដ៏សំខាន់មួយ ខណៈដែលពួកគេឆ្ពោះទៅទីស្នាក់ការកណ្តាលរបស់គណបក្ស AK ដែលអ្នកដំណើររបស់ពួកគេគ្រវីទង់ជាតិចេញពីបង្អួចឡាន។
ប៉ុន្តែលោក Kemal Kilicdaroglu ប្រធានគណបក្សប្រឆាំងដ៏ធំ គឺគណបក្ស Republican People’s Party បាននិយាយថា ភាពស្របច្បាប់នៃការធ្វើប្រជាមតិនេះគឺបើកឱ្យមានការសួរ។
កាលពីមុនគណបក្សនេះបាននិយាយថា ខ្លួននឹងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញរហូតដល់ ៦០ ភាគរយនៃសន្លឹកឆ្នោត បន្ទាប់ពីគណៈកម្មាធិការបោះឆ្នោតជាន់ខ្ពស់របស់តួកគីបានប្រកាសថា ខ្លួននឹងរាប់សន្លឹកឆ្នោតណាដែលមិនបានបោះត្រាដោយមន្ត្រីរបស់ខ្លួនថា យកជាការបាននោះទេ បើសិនបើពួកគេមានអំណះអំណានចំពោះការលួចបន្លំនោះ។
លោក Kilicdaroglu បានចោទប្រកាន់លោក Erdogan ថា ព្យាយាមដើម្បីចាប់យក «របបមួយដែលគ្រប់គ្រងដោយមនុស្សមួយនាក់» ហើយបាននិយាយថា ការផ្លាស់ប្តូរដែលបានស្នើឡើងនេះនឹងធ្វើឱ្យប្រទេសនៅក្នុងគ្រោះថ្នាក់។
រូបិយវត្ថុតួកគីមានស្ថានភាពល្អ ៣,៦៥ លីវ៉ាក្នុងមួយដុល្លារ នៅក្នុងការធ្វើពាណិជ្ជកម្មអាស៊ី បន្ទាប់ពីការធ្វើប្រជាមតិដែលពេលនោះមាន ៣,៧២ កាលពីថ្ងៃសុក្រ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយអឺរ៉ុប មានភាពកាន់តែតានតឹងឡើងជាមួយនឹង តួកគីនោះ បានសម្តែងក្តីកង្វល់។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយថា លទ្ធផលប្រកៀកប្រកិតនេះមានន័យថា ទីក្រុង Ankara គួរស្វែងរក «ការមូលមតិថ្នាក់ជាតិដ៏ធំបំផុត» នៅក្នុងការអនុវត្តការបោះឆ្នោតនេះ។
ទំនាក់ទំនងនេះបានធ្លាក់ដល់កម្រិតទាប អំឡុងពេលយុទ្ធនាការធ្វើប្រជាមតិ នៅពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុប រួមមានទាំងប្រទេសអាល្លឺម៉ង់ និងហូឡង់បានរារាំងរដ្ឋមន្រ្តីតួកគីបានមកពីការប្រមូលផ្តុំគ្នានៅក្នុងការគាំទ្រឱ្យមានការផ្លាស់ប្តូរនេះ។
លោក Erdogan បានហៅទង្វើនេះថា ជា «សកម្មភាពរបស់ពួកណាស៊ី» ហើយបាននិយាយថា តួកគីអាចនឹងពិចារណាឡើងវិញពីទំនាក់ទំនងជាមួយសហភាពអឺរ៉ុប បន្ទាប់ពីការស្វែងរកចូលជាសមាជិកសហភាពអឺរ៉ុបជាច្រើនឆ្នាំ។
អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Guy Verhofstadt ដែលជាប្រធានក្រុមសេរីភាពនៃសមាជិកសភាអឺរ៉ុបបាននិយាយថា លោក Erdogan ត្រូវតែផ្លាស់ប្តូរគោលជំហរ ដោយលើកឡើងថា លទ្ធផលនេះគឺតឹងរ៉ឹងខ្លាំងណាស់។ គាត់បាននិយាយថា «ប្រសិនបើលោក Erdogan នៅតែទទូចទាមទារនោះ សហភាពអឺរ៉ុបគួរតែបញ្ឈប់ការចូលជាសមាជិកភាពតួកគី»។
លោក Manfred Weber មេដឹកនាំរបស់ក្រុមស្តាំ-កណ្តាលបានសរសេរនៅលើ Twinter ថា «មិនគិតថា លទ្ធផលទៅជាយ៉ាងណានោះទេ: ការធ្វើប្រជាមតិរបស់ប្រធានាធិបតីលោក Erdogan កំពុងធ្វើឱ្យប្រទេសរបស់គាត់បែកបាក់»៕
ប្រភព : Reuters ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧