ប្រទេសមានសន្តិភាព គឺមិនខុសទៅនឹងមនុស្សដែលមានជីវិតនោះទេ។ ពិតណាស់មនុស្សណាមិនមានជំងឺ ឈឺតិច ឈឺច្រើន ឈឺស្រាល ឈឺធ្ងន់ គឺជាធម្មជាតិនៃជីវិត និងជារឿងចៀសមិនផុត។
ប្រទេសជាតិ ក៏ដូចគ្នា! ប្រទេសណាមិនមានបញ្ហា បញ្ហាតិច បញ្ហាច្រើន បញ្ហាតិចតួច បញ្ហាធ្ងន់ធ្ងរ។ ប្រទេសអ្នកមាន មានបញ្ហាតាមបែបប្រទេសអ្នកមាន ប្រទេសអ្នកក្រ មានបញ្ហាតាមបែបរបស់ប្រទេសអ្នកក្រ! ដរាបណានៅមានជីវិត មនុស្សនៅតែបន្តរស់នៅ! ដរាបណាមានសន្តិភាព ប្រទេសនៅបន្តមានដំណើរទៅមុខ។ គ្រូពេទ្យដែលពូកែ ត្រូវចេះព្យាបាលជំងឺតាមក្រឹត្យក្រមរបស់វា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ គ្រូពេទ្យទេវតាអាចព្យាបាលជំងឺបានជាសះស្បើយ តែចំពោះមនុស្សដែលមានជីវិតតែប៉ុណ្ណោះ។ គ្រូពេទ្យមិនអាចប្រើវិធីព្យាបាល ដែលសម្លាប់ទាំងជំងឺកម្ទេចទាំងជីវិតនោះទេ។ ការដោះស្រាយបញ្ហាសង្គម ក៏ដូចគ្នាដែរ។ អ្នកនយោបាយ អាចរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាសង្គមទៅតាមក្រឹត្យក្រមរបស់វា។ ប៉ុន្តែគេមិនដោះស្រាយបញ្ហាសង្គម ដោយកម្ទេចទាំងសន្តិភាពនោះទេ។
គេមិនអាចនិយាយអំពីការលើកស្ទួយការគោរពសិទ្ធិមនុស្ស ឬការប្រឆាំងអំពើពុករលួយ ឬយុត្តិធម៌សង្គម ក្នុងប្រទេសដែលកំពុង ហែកហួរដោយសង្រ្គាមនោះទេ។ ទោះគ្រូពេទ្យពូកែប៉ុណ្ណាក៏ដោយ គេព្យាបាលជំងឺតែចំពោះមនុស្សដែលមានជីវិតប៉ុណ្ណោះ គេមិនព្យាបាលជំងឺ សម្រាប់មនុស្សដែលគ្មានជីវិត ឬអ្នកស្លាប់នោះទេ!
ក្នុងកាលៈទេសៈមួយនោះ សន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងស្ថិរភាព របស់ប្រទេសគឺមានតម្លៃជាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស! តួយ៉ាងប្រទេសថៃបានព្យួរចោល នូវប្រជាធិបតេយ្យ ដើម្បីដូរមកវិញនូវការការពារថែរក្សាសសរស្តម្ភប្រទេសគឺ សន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាព និងការបន្តរាជ្យរបស់ស្តេចថៃ!៕