នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុកសម្លេងយើង បានបង្ហោះផ្សាយនូវអត្ថ បទវិភាគមួយក្រោមចំណងជើងថា «ប្រជាធិបតេយ្យស្អីគេ ដែលបក្សប្រឆាំងចង់បាន?» ដែល មានខ្លឹមសារដូចតទៅ៖
ជារឿយៗ មេដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែស្រែកចង់បានប្រជាធិបតេយ្យ និងចោទថា កម្ពុជា អត់មានប្រជាធិបតេយ្យ! តែពួកគាត់ ពុំបានបញ្ជាក់ថា ប្រជាធិបតេយ្យស្អីគេ ឬមួយណាឱ្យប្រាកដដែលខ្លួនចង់បាន ហើយបើប្រជាធិបតេយ្យបែបបរទេស ក៏ត្រូវកំណត់ឱ្យចំមើលថាតើបែបសហរដ្ឋអាមេរិក ឬបែបប្រទេសណាមួយនៅអឺរ៉ុប?
ជានិច្ចកាល ឮសូរតែលោក សម រង្ស៊ី, លោក កឹម សុខា និងជួរដឹកនាំដទៃទៀតស្រែកថា “ដូរៗៗ” សូម្បីតែថ្មីៗនេះ ពួកគាត់ទៅអូស្ត្រាលី ញូវសេលេន ដើម្បីរៃអង្គាសលុយបងប្អូនខ្មែរនៅទីវត្តអារាមសោះហ្នឹង ក៏លោក កឹម សុខា លោក អេង ឆៃអ៊ាង ស្រែកចង់បានប្រជាធិបតេយ្យ ដោយយកបរទេសដាក់មុខដែរ។ តែប្រជាពលរដ្ឋខ្មែរមិនដឹងថាពួកគាត់ចង់បានប្រជាធិបតេយ្យស្អីគេ និងចង់ដូរទៅណាទៀត? បើកន្លងមក កម្ពុជា ឃើញតែដូរនោះមិនចេះចប់គឺដោយសារតែពាក្យ “ប្រជាធិបតេយ្យពិត” ហ្នឹងហើយ ទើបជាក់ស្តែង វាជាការដូរពីសន្តិភាពមកសង្គ្រាមនិងវិនាសកម្ម។
ឥឡូវប្រជាជនកម្ពុជា រស់ក្រោមដំបូលសន្តិភាព និងវិវឌ្ឍន៍រីកចម្រើនជាជំហានៗ ជាមួយសុខក្សេមក្សាន្តតើចង់ដូរទៅសង្គ្រាម និងវិនាសកម្មធ្វើអីទៀត?
បើមិនឆ្អែតឆ្អន់នឹងអតីតកាល គួរតែពិនិត្យមើលបច្ចុប្បន្នកើតមាននៅបណ្តាប្រទេសនានាលើសកលលោក ដូចជាប្រទេសអ៊ុយក្រែន, ស៊ីរី, អ៊ីរ៉ាក់ …គឺដោយសារតែបក្សប្រឆាំងទាំងនោះ ចង់ដូរយក “ប្រជាធិបតេយ្យពិត” ដែលគ្មានអ្វីក្រៅពីប្រជាធិបតេយ្យក្នុងភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្មនោះឡើយ។ ហ្នឹងហើយជាផលបច្ច័យនៃនយោបាយ “ដូរៗៗ” យកប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ដែលការពិតប្រទេសទាំងនោះបានក្លាយជាឈ្នាន់នៃសង្គ្រាមតំណាងឱ្យភូមិសាស្ត្រនយោបាយរបស់អាមេរិកសុទ្ធសាធ។
ប្រជាធិបតេយ្យ គឺជារបបនយោបាយក្នុងស្រុករបស់ប្រជាជាតិនីមួយៗ ដោយគ្មានគំរូណាមួយបែបអាមេរិក ឬបែបប្រទេសអូស្ត្រាលី ឬក៏បែបប្រទេសណាមួយនៅអឺរ៉ុបទេ ព្រោះពិភពលោក ពុំបានទទួលស្គាល់ថា ប្រជាធិបតេយ្យបែបលោកខាងលិច ជាស្តង់ដាររួមដែលតម្រូវឱ្យប្រទេសដទៃធ្វើតាមទេ។ ប៉ុន្តែប្រជាជាតិនៃបណ្តាប្រទេសទាំងនោះ ក៏ដូចប្រជាជាតិកម្ពុជាដែរ គឺចង់បាន “ប្រជាធិបតេយ្យ ក្រោមដំបូលសន្តិភាព” ដោយមិនត្រូវការ “ប្រជាធិបតេយ្យ ជាឈ្នាន់សង្គ្រាមរបស់បរទេសឡើយ”។
គោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោសែន មិនមែនគ្រាន់តែធ្វើឱ្យប្រជាជាតិកម្ពុជា រស់ក្រោមដំបូលសន្តិភាពប៉ុណ្ណោះទេ ថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ ហើយប្រទេសមួយចំនួនសុំរៀនសូត្រស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍នេះ សម្រាប់ការកសាងសន្តិភាពតាមលក្ខខណ្ឌពិសេសជាក់ស្តែងនៃប្រទេសនីមួយៗ។
ម៉្យាងវិញទៀត ការថែរក្សាសន្តិភាពដែលកម្ពុជាធ្វើបាន គឺកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ឈរលើការការពារអធិបតេយ្យភាពជាតិទប់ស្កាត់ការលូកដៃចូលកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស ដែលចាប់ផ្តើមពីការពង្រឹងអំណាចរដ្ឋទប់ស្កាត់ការបង្កាត់ភ្លើងនៃបដិវត្តន៍ពណ៌គ្រប់រូបភាព៕
(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)