ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យ ប៉ុន្តែ អ្វីដែលជាមោទនភាពបំផុតនោះ គឺសុខសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រទេសជាតិខ្មែរនាពេលបច្ចុប្បន្ននេះ ដែលក្នុងប្រវត្តិ សាស្ត្រ ជាង៥០០ឆ្នាំ កន្លងមកហើយនោះ មិនដែលទទួលបាននូវឯកភាពជាតិ គ្មានសង្គ្រាមស៊ីវិល គ្មានតំបន់ឧទ្ទាម ដូចសម័យ តេជោសែន នេះឡើយ។ ទាំងអាជ្ញាធរ គណបក្សប្រឆាំង និងសង្គមស៊ីវិល សុទ្ធតែយល់ឃើញស្របគ្នាថា ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០១៧នេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយប្លែកជាងបណ្តាឆ្នាំមុនៗ ។
នៅឆ្នាំ២០១៧ នេះ គឺជាឆ្នាំទី៥ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានចាប់ផ្តើមដំបូងបង្អស់នៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៣ ប៉ុន្តែអ្វីដែលប្លែកនោះ គឺកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ត្រូវបានរៀបចំប្រារព្វនៅតាមបណ្ដារាជធានី ខេត្តផ្សេងៗទៀត ដោយមិនមែនមានតែនៅក្នុងខេត្តសៀមរាបតែមួយ ដូចពេលមុនៗទៀតឡើយ។ អ្នកជំនាញមើលឃើញថា ការរីករាលដាលនៃព្រឹត្តិការណ៍នេះទៅកាន់ខេត្តនានាទូទាំងប្រទេស កំពុងក្លាយជាឱកាសដ៏ប្រសើរមួយសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
កម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ក៏ជាសារដ៏មានសារៈសំខាន់មួយផងដែរ ដើម្បីបង្ហាញចំពោះសាធារណៈមតិជាតិ និងអន្តរជាតិ ឱ្យបានឃើញថាប្រទេសកម្ពុជាបច្ចុប្បន្ន គឺមិនបានស្ថិតក្នុងស្ថានភាពសង្កត់សង្កិនសិទ្ធិសេរីភាពប្រជាពលរដ្ឋ មិនបានគាបសង្កត់សិទ្ធិកំសាន្ត មិនបានបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋស្របតាមក្របខណ្ឌនៃច្បាប់ ដូចការលើកឡើងរបស់គណបក្សបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងផ្កាប់មុខនោះឡើយ។ ក្រុមបំពុលសភាពការណ៍សង្គមទាំងនោះ តែងបំភ្លៃ និងបំប៉ោងព័ត៌មានចំពោះសាធារណៈមតិ ថាប្រទេសកម្ពុជា កំពុងតែស្ថិតនៅមាត់រណ្តៅនៃជ្រោះមរណៈ ឬបំភ្លៃថាសង្គមកំពុងតែវឹកវរ គួរឱ្យភ័យខ្លាចជាដើម។
ប៉ុន្តែ ទង្វើបំភ្លៃការពិតដ៏ងងើលរបស់ពួកគេ មិនអាចបិទបាំងនូវសច្ចៈភាព និងយុត្តិធម៌សង្គម ដែលប្រជាពលរដ្ឋបាន និងកំពុងស្តែងចេញនាឱកាសសង្ក្រាន្តឆ្នាំថ្មីនេះបានទេ។ ដូច្នេះ សច្ចៈភាព និងយុត្តិធម៌ ត្រូវតែឈ្នះ អំពើទុច្ចរិត និងអំពើអយុត្តិធម៌ជាដាច់ខាត!!!
សង្ក្រាន្តឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងគ.ស ២០១៧នេះ ក្រោមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្ត-រាជធានី ជាច្រើនបានប្រារព្វពិធីអបអរសារទរទេវតាឆ្នាំថ្មី នៅតាមបណ្តារាជធានីខេត្តរបស់ខ្លួនយ៉ាងអឹកអធឹក ដូចជា សង្ក្រាន្តនៅខេត្តសៀមរាប ជាព្រឹត្តិការណ៍ធំជាងគេ សង្ក្រាន្តវត្តភ្នំ នៅភ្នំពេញ សង្ក្រាន្តវិហារសួគ៌នៅខេត្តកណ្ដាល សង្ក្រាន្តស្វាយរៀង សង្ក្រាន្តព្រៃវែង សង្ក្រាន្តបន្ទាយមានជ័យ សង្ក្រាន្តកំពង់ស្ពឺ សង្ក្រាន្តអូររាំងឪនៅខេត្តត្បូងឃ្មុំ និងនៅតាមបណ្ដាខេត្តនានាផ្សេងទៀត។
បន្ថែមលើនេះទៀត បងប្អូនខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមប្រារព្ធព្រឹត្តិការណ៍ មហាសង្រ្កាន្ដខ្មែរ នៅឧទ្យាន Manseok ក្នុងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូងផងដែរ។ កម្មវិធីនេះ ត្រូវបានរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅកូរ៉េ ដោយមានអ្នកចូលរួមប្រមាណជិត២ម៉ឺននាក់ ឯណោះ។
ការរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលបានប្រារព្ធធ្វើទាំងនៅទូទាំងប្រទេស និងនៅប្រទេសកូរ៉េខាងត្បូង ដែលមិនធ្លាប់មានពីមុនមកនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ទី១-បង្ហាញដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងនៅក្នុងពិភពលោក ថាប្រទេសកម្ពុជា ពិតជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភ។ ទី២- ជាសារដ៏វិជ្ជមានបំផុតក្នុងការទាក់ ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកកំសាន្តសប្បាយនៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ ទី៣- ចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរ កំសាន្តឲ្យបានច្រើនកុះករ អ៊ូអរ និងចូលរួមអភិរក្សនូវវប្បធម៌ប្រពៃណីដូនតាខ្មែរឱ្យបានឋិតថេរ គង់វង្ស ជាអមតៈ។
ជារួម ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រឹមតែបានបង្កើតបរិយាសសប្បាយរីករាយក្នុងចំណោមភ្ញៀវជាតិនិងអន្ដរជាតិប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះថែមទាំងបានបំបែកឯតគ្គកម្មពិភពលោកលើនំអន្សមយក្សធំជាងគេលើពិភពលោក ការបំបែកឯតគ្គកម្មរាំម៉ាឌីហ្សុនដែលមានមនុស្សចូលរួមច្រើនជាងគេ ការធ្វើមួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស ការទាញព្រ័ត្រយក្ស ការប្រកួតអុកចត្រង្គយក្ស និងការតាំងបង្ហាញចាប៉ីដងវែងយក្សជាដើម។ល។កម្មវិធីប្លែកៗទាំងអស់នេះ បានទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិធ្វើដំណើរទៅកាន់ទឹកដីអង្គរយ៉ាងភ្លូកទឹកភ្លូកដីជារៀងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានកើនឡើងពីប្រមាណ១៧ម៉ឺននាក់នៅឆ្នាំ២០១៣ រហូតដល់ទៅប្រមាណ១លាន៦សែននាក់ក្នុងឆ្នាំ២០១៧នេះ ដែលធ្វើឱ្យមានលំហូរសាច់ប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិកដល់ចរន្តសេដ្ឋកិច្ចជាតិ៕
ដោយ៖ ពង្ស សុភក្ត្រា