លិខិតមិត្តអ្នកអាន៖ សុខសន្តិភាព ស្ថិរភាពសង្គម វឌ្ឍនភាព និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
393

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ បានកន្លងផុតទៅជាមួយនឹងភាពសប្បាយរីករាយនៃមហាគ្រួសារខ្មែរនិងពោរពេញដោយអនុស្សា​​វរីយ៍ដក់ជាប់ក្នុងចិត្តជាពិសេសឱកាសជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត ធ្វើបុណ្យនៅតាមទីវត្តអារាម និងកន្លែងកំសាន្តផ្សេងៗជាច្រើននៅទូទាំងប្រទេស។

ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំរយៈពេល០៣ថ្ងៃ ក្នុងខេត្តសៀមរាបអង្គរទឹកដីអច្ឆរិយៈ ប្រជាពល​រដ្ឋជិតពីរលាននាក់បាននាំគ្នាធ្វើដំណើរពីបណ្តារាជធានី ខេត្ត សម្រុកទៅចូលរួមពិធីអង្គរសង្រ្កាន្ត​ឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ធ្វើឡើងដើម្បីចូលរួមបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្សអភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរកម្មសហគមន៍ប្រ​ជា​ជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីរាជការអ្នកមុខអ្នកការជាច្រើនរូបថែមទៀត និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករដើម្បីញ៉ាំងកម្មវិធីនេះឱ្យប្រព្រឹត្តទៅយ៉ាងអ៊ឹកអធឹកជាទីបំផុត។

ភាពសប្បាយរីករាយនៅក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្តដែលពុំអាចបំភ្លេចបាននោះរួមមាន៖ ការទស្សនាពិពណ៌ភូមិខ្ញុំដែលមានស្តង់ពិពណ៌ស្នាដៃរបស់យុវជនខ្មែរជាច្រើនរបស់ក្រសួងស្ថាប័ន រាជធានី ខេត្ត ការទស្សនាការសម្តែងសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ កម្មវិធីទាញព្រ័តមិត្ត​ភាពសង្ក្រាន្ត ការទស្សនាភូមិអភិវឌ្ឍន៍បេតិកភណ្ឌតូបស្តង់ និងការពិពណ៌បង្ហាញពីស្នាដៃបេតិ​កភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន ការបណ្តែតគោមទឹកនៅមុខកសិ​ណ​អង្គរវត្ត ពិធីដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី និងការរាំលេងកំសាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅថ្ងៃបើកអង្គរសង្រ្កាន្តថា អង្គរសង្ក្រាន្ត គឺជារបស់យើងគ្រប់ៗគ្នាប្រជាពលរដ្ឋអាចចូលរួមបានគ្រប់ៗគ្នា ហើយសម្រាប់ឆ្នាំនេះក៏មានសង្ក្រាន្តនៅតាមបណ្តាខេត្តជាច្រើនផងដែរដើម្បីផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋជាទូទៅ។ ពិធីនេះអាច​សម្រេចទៅបានដោយរលូនក៏ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រ​ទាប់វណ្ណៈ ហើយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះគឺបានផ្តល់នូវការសប្បាយរីករាយជួបជុំគ្នាតាមរយៈ​ការបង្ហាញអំពីល្បែងប្រជាប្រិយ របាំប្រពៃណី ទំនៀមទំលាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ និងសិល្បៈទស្សនីយភាពផ្សេងៗទៀតផងដែរ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តមិនត្រឹមតែមាននៅខេត្តសៀមរាបអង្គរនោះទេ ក៏មានសង្រ្កាន្តនៅរាជធានី ខេត្តជាច្រើន ដូចជា៖ សង្រ្កាន្តវត្តភ្នំនៅរាជធានីភ្នំពេញ សង្រ្កាន្តព្រៃវែង សង្រ្កាន្តស្វាយរៀង សង្រ្កាន្តកំពង់ឆ្នាំង សង្រ្កាន្តបន្ទាយមានជ័យ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ និងបរទេសផងដែរ ជាពិសេសក៏មាន «មហាសង្រ្កាន្តខ្មែរនៅកូរ៉េ» ដែលមានពលករចូលរួមសប្បាយជិតពីរម៉ឺននាក់ផងដែរ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង និងលោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ។ ក្រៅពីភាពស​ប្បា​យ​រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់នេះហើយ ប្រជាពលរដ្ឋខ្មែរយើងភាគច្រើនបានធ្វើដំណើរទៅទីវត្តអារាមធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ ហើយក៏មានពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូបនៅតាមវត្តអារាម និងស្រង់ទឹកព្រះរស់ជាអ្នកមានគុណនៅតាមផ្ទះរៀងៗខ្លួន និងបានជួបជុំគ្នាលេងល្បែងប្រជា​ប្រិយ និងការប្រគុំតន្រ្តីដោយភាពស្រស់ស្រាយរីករាយជាខ្លាំង។

កត្តា​ទាំងនេះហើយដែលបានឆ្លុះបញ្ចាំងថា សុខសន្តិភាព នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​គណ​​បក្សប្រជាជនកម្ពុជា គឺបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យទានសប្បាយរីក​រាយ​​​​​ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរឆ្ងាយជិតដោយគ្មានការព្រួយបារម្ភ។ ប្រសិនបើកម្ពុជាមាន​​​សង្រ្គាមរ៉ាំរ៉ៃរីងរៃរាំងជល់ ក៏មិនអាចធានាបាននូវភាពសម្បូរសប្បាយរីករាយនោះទេ ដូចនេះ យើងត្រូវរួមគ្នាថែរក្សា «សុខសន្តិភាព ស្ថិរភាពសង្គម និងវឌ្ឍនភាព» ដើម្បីជាផលប្រ​យោ​ជ​ន៍​​រួមសម្រាប់ប្រជាជាតិយើងនិងអ្នកជំនាន់ក្រោយតរៀងទៅ៕

ចែករំលែក

បញ្ចេញយោបល់