អត្ថបទវិភាគ៖ តម្លៃនៃសន្តិភាពទើបរក្សាបានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិបានគង់វង្ស

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
354

ពិធីបុណ្យចូលឆ្នាំខ្មែររយៈពេលបីថ្ងៃកន្លងមកនេះ បានបង្ហាញឱ្យឃើញនូវការរីកចំរើន និងការ​សម្បូរណ៍សប្បាយរបស់ប្រជាជនខ្មែរគ្រប់រូប គ្រប់ទីកន្លង ក្រោមដំបូលនៃសន្តិភាពដ៏កម្រក្នុងប្រវត្តិ​សាស្រ្ត​ខ្មែរសម័យថ្មី។ តើមានកត្តាអ្វីទៅដែលធ្វើឱ្យយើងទាំងអស់គ្នាជាខ្មែរអាចរួបរួមគ្នារក្សាបាននូវវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិយើងបានគង់វង្ស  និងរីកចំរើនជាលំដាប់មកដល់ពេលនេះបាន?

ខែ្មរ​យើងប្រារព្វពិធីចូលឆ្នាំនៅខែចែត្រដោយមានការរៀបចំជាសំខាន់នូវការលេងល្បែងប្រពៃណី ដូចជា​ចោល​​ឈូង បោះ​អង្គុញ ទាញ​ព្រាត់ លាក់​កន្សែង និង​រាំលេង​កំសាន្ត ក៏ដូច​ជា​ស្រង់ព្រះនៅ​គ្រប់ទិសទីជា​ដើម។ នៅមុនពេល​ពិ​ធី​បុណ្យ​ជិត​ចូល​មក​ដល់ គេនាំគ្នាប្រុងប្រៀបរៀប​ចំម្ហូប​អាហារ​ នំ​ចំណី ត្រី​សាច់​និង​គ្រឿង​សំភារៈផ្សេងៗ សម្អាតផ្ទះសម្បែង រួមទាំង​សំលៀកបំពាក់ថ្មីៗទៅ​តាម​ទំ​លាប់ពី​ដូន​តា​រៀងមករបស់​ប្រ​ជា​ជន​ខ្មែរយើង។

ជាង​នេះ​ទៅ​​ទៀត ចាប់តាំងពីប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី ប្រទេសកាន់តែមានការអភិវឌ្ឍ ជីវភាពប្រជាជនកាន់តែល្អប្រសើរ រាជរដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​រៀបចំឱ្យមានអង្គរសង្រ្កាន្ត និង​សង្រ្កាន្តនៅ​តាមបណ្តា​រាជ​ធានី​-​ខេត្ត ស្រុក​ ក្រុង​នានា​ទូទាំង​ប្រទេស បង្កលក្ខណៈ​សប្បាយ​រីក​រាយ​ដល់​ប្រ​ជា​ជន​គ្រប់​ច្រក​ល្ហកជា​រៀងរាល់​ឆ្នាំដើម្បីបន្តពង្រីកពង្រឹងប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យកាន់តែរីកចំរើន និង​ការ​ទាក់​ទាញ​ទេស​ចរ  និងការចូលរួមការអភិរក្ស និងអភិវឌ្ឍផងក្នុងស្មារតីបណ្តុះការសាមគ្គីជាតិផងក្រោមដំបូលនៃសុខសន្តិភាពដែលយើងទាំងគ្នាត្រូវរក្សាឱ្យបានគង់វង្ស។

ប្រាកដណាស់វប្បធម៌រលត់ជាតិរលាយ តែប្រសិនបើសុខសន្តិភាពគ្មាននោះ ជាតិក៏រលត់រលាយ​ដែរ។ អាស្រ័យដោយសុខសន្តិភាពពេញលេញបានផ្តល់ឱកាសឱ្យប្រជាជនកាន់តែបានរៀបចំការសប្បាយគ្រប់ទីកន្លែងមិនថានៅទីក្រុង និងជនបទឡើយ។ ការធ្វើដំណើរកំសាន្តកាន់តែទាក់ទាញច្រើនឡើងៗអាស្រ័យដោយការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធរូប​វ័ន្ត​ រួម​មាន៖ ស្ពាន ផ្លូវថ្នល់ សាលា​រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម ទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រវប្បធម៌សំបូរបែប ស្ទើរគ្រប់ទីកន្លែង ស្រប​តាមកំណើន​ជីវភាព​រស់នៅ​របស់ប្រជា​ជន​ផង​នៅផងនោះ។ តើមានពេលណាទៀតដែលយើងមានឱកាសបែបនេះ ដើម្បីបានរក្សាវប្បធម៌ទំនៀមទម្លាប់ជាតិយើងបានគង់វង្សដូចសព្វថ្ងៃនេះ?

ជារួមយើងមានភ័ព្វសំណាងកើតជាខ្មែរបានកសាងសន្តិភាពឡើងវិញបានចាប់តាំងសម័យបែកបាក់អង្គរ រហូតមកដល់ពេលដែលយើងអាចបង្កើតបានការឯកភាពជាតិ ឯកភាពទឹកដីក្នុងសម័យទំនើបថ្មីនេះ ដើម្បីអាចបន្តថែរក្សា និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិយើងឱ្យកាន់តែផូរផង់ ស្របពេលដែលប្រទេសជាតិយើងមានសេដ្ឋកិច្ចកាន់តែរីកចំរើន និងប្រជាជនមានជីវភាពកាន់តែល្អប្រសើរ។ ដូច្នេះហើយ យើងនឹងអាចជៀសផុតពីវប្បធម៌រលត់ជាតិរលាយ ហើយប្រសិនបើសន្តិភាពរលាយ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីក៏ចៀសមិនពីផុតរលាយដែរ៕

ដោយ៖ សំរិទ្ធខ្មៅ

 

ចែករំលែក

បញ្ចេញយោបល់