ពី​ក្តី​ស្រលាញ់​​ទៅ​ជា​ការ​ភ័យ​ខ្លាច៖ ការ​ងើបឡើង​របស់​ស្តេច Vajiralongkorn ព្រះ​មហាក្សត្រ​ថ្មី​របស់​ថៃ​បាន​ចាប់​ផ្តើម​ការ​គ្រង​រាជ្យ​របស់​ព្រះ​អង្គ​ខិត​ខំ​ទាញ​ យក​អំណាច​ច្រើន​ពី​របបសឹក​និង​រុះ​រើ​ឆ្មាំ​ចាស់​របស់​ព្រះ​មហាក្សត្រ

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
104

 

នៅ​ថ្ងៃទី ៦ ខែ​មេសា ព្រះ​មហាក្សត្រ Vajiralongkorn បាន​ចុះ​ហត្ថលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​ទី ២០ របស់​ថៃ។ រដ្ឋ​ធម្មនុញ្ញ​បាន​តាក់​តែង​ថ្មី​ និង​លុប​ចោល​នៅ​ក្នុង​ប្រទេស​នោះ​ ចាប់​តាំង​ពី​ការ​បញ្ចប់​របប​រាជានិយម​ផ្តាច់ការ​នៅឆ្នាំ ១៩៣២ ជា​រឿយ​ៗ​ដោយ​គ្មាន​បញ្ហា​ធំ ឬ​ការ​សប្បាយ​ក្អាកក្អាយ​នោះទេ។ ក្នុង​ខណៈ​ដែល​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នោះ​បានជួប​នឹង​​​ការ​មិន​សាទរពី​សាធារណជន​ស្រដៀង​គ្នានោះ ដំណើរ​ផ្លូវ​ដែល​វា​បាន​ឆ្លង​កាត់​នោះ​​បាន​ផ្តល់​នូវ​​យល់​ឃើញ​ដ៏កម្រ​​ទៅ​ក្នុង​ការ​គ្រង​រាជ្យ​ថ្មី​ដ៏សម្ងាត់​របស់​ស្តេច Vajiralongkorn និង​របៀប​ដឹកនាំ​របស់​ព្រះ​អង្គ។​

ព្រះ​មហាក្សត្រ​នោះ​បាន​ឡើង​គ្រង​រាជ្យ​នៅ​ថ្ងៃទី ១ ខែ​ធ្នូ​ ឆ្នាំ ២០១៦ រយៈ​ពេល ១ ខែ​កន្លះ​បន្ទាប់​ពី​បិតា​របស់​ព្រះ​អង្គ​ចូល​ទី​វង្គត្ត បន្ទាប់ពី​រយៈ​ពេល ៧ ទសវត្សរ៍​នៃការ​គ្រង​រាជ្យ។ នៅ​ពេល​ប្រទេស​នោះ​កាន់​ទុក្ខ​ព្រះ​មហាក្សត្រ​ជា​ទី​ស្រលាញ់​នោះ ការ​ឡើង​ស្នង​រាជ្យ​នោះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រជាជន​ថៃ​អំពី​អនាគត​នៃ​ស្ថាប័ន​នោះ និង​ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​មហាក្សត្រ​ថ្មី​នោះ​ដើម្បីធ្វើ​ឲ្យ​ដូច​ព្រះ​បិតា​របស់​ព្រះអង្គ។

មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ស្តេច​ថ្មី​នោះ​ថាជា មនុស្ស​ចោលម្សៀត ដែល​ចាប់​អារម្មណ៍​ច្រើន​លើ​រថយន្ត​ប្រណាំង លើ​ពិធីជប់​លៀង និង​ស្រី​ជាង​​ការ​ដឹកនាំ​ប្រទេស​ដែល​អស់​រយៈ​ពេល ៤ ទសវត្សរ៍​បាន​​ងាក​ទៅ​រក​បិតា​របស់​ព្រះអង្គ​ដើម្បី​ធ្វើ​ជា​អជ្ញាកណ្តាល​ដល់​ជម្លោះ​នយោ​បាយ។ ចាប់​តាំង​ពី​ការ​គ្រង​រាជ្យ​មក​ ស្តេច Vajiralongkorn បាន​បង្ហាញ​ថា ការ​គិត​របស់​ពួក​គេ​គឺខុស។ រយៈ​ពេល​ ៤ ខែ​ដំបូង​នៃ​ការ​គ្រង​រាជ្យ​​ត្រូវ​បាន​គេ​មើលឃើញថា ជា​ព្រះ​មហាក្សត្រ​អង្គ​នោះ​មាន​អំណាច ពេល​ខ្លះ​ថែម​ទាំង​ធ្វើ​ការ​ផ្ទាល់​ជាង​បិតា​របស់​ព្រះ​អង្គ​ទៅ​ទៀត។ ប៉ុន្តែ ក្នុង​ខណៈ​ដែល​សព​ស្តេច​ ភូមិបុល គ្រងរាជ្យ​ដោយការ​ផ្តល់​ក្តី​ស្រលាញ់​ពី​អ្នក​ក្រោម​បង្គាប់​របស់​ព្រះអង្គ​នោះ ស្តេច Vajiralongkorn កំពុង​ចាប់​ផ្តើម​គ្រង​រាជ្យ​ដោយ​ការ​បណ្តុះ​ភាព​ភ័យ​ខ្លាច។​

ស្តេច ភូមិបុល បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ការសុគត់​ដ៏អាថ៌កំបាំង​របស់ព្រះ​រាម​ព្រះ​អង្គ។ ស្តេច​ភូមិបុល​ដ៏ក្មេងខ្ចីនោះ​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​បណ្តាខេត្ត​ដាច​ស្រយាល គាំទ្រ​ព្រះ​សង្ឃ​ និង​ព្រះ​វិហារ​ក្នុង​តំបន់​ទាំង​នោះ និង​បង្កើត​គម្រោង​អភិវឌ្ឍន៍​​នៅទូទាំង​ប្រទេស។ សកម្មភាព​ដ៏​ប្រជាប្រិយ​ទាំង​នេះ​បាន​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​ដល់​ការ​កសាង​ប្រជាប្រិយភាព​របស់​ព្រះ​អង្គ​ក្នុង​ចំណោម​ប្រជាជន​ថៃ។​

របៀប​ដឹកនាំ​ថ្មី​

បុត្រារបស់​ព្រះ​អង្គ​មិន​អាច​ធ្វើដូច​អ្វីដែល​ព្រះ​អង្គ​បានធ្វើ​នោះទេ។ ស្តេច Vajiralongkorn បាន​ចំណាយ​ពេល​ភាគច្រើនៃជីវិត​របស់​ព្រះ​អង្គ​នៅក្រៅ​ប្រទេស​ ដោយ​រីករាយ​នឹង​របៀបរបស់​នៅ​ដ៏ហឺ​ហារ​នៅ​អឺរ៉ុប ហើយ​ចាប់​តាំង​ពី​វិល​ត្រឡប់​​ទៅ​កាន់ប្រទេស​ថៃវិញ ព្រះ​អង្គ​បាន​បង្ហាញ​​ពី​​ភាព​គ្មាន​ចំណាប់​អារម្មណ៍​នឹង​​ពិធី​បំពេញចិត្ត​មហាជន​ដែល​បាន​បង្កើត​ឡើង​ដោយ​បិតា​ព្រះ​អង្គ​ទេ។

រយៈ​ពេល ៥ សប្តាហ៍​បន្ទាប់​ពីឡើង​គ្រងរាជ្យ​មក នៅថ្ងៃទី ៩ មករា ស្តេច​ថ្មី​នោះ​បាន​ចែក​សញ្ញាប័ត្រ​សាកលវិទ្យាល័យ​ដល់​និស្សិត​នៅ​សាកល​វិទ្យា​ល័យ Rajabhat University នៅ​ទីក្រុង​ឈៀង​ម៉ៃ ជា​ពិធីធ្លាប់​ធ្វើ​ដោយ​សព​ស្តេច​ភូមិបុល។ ស្តេច Vajiralongkorn បាន​ធ្វើ​ឲ្យ​និស្សិត​ទាំង​នោះ​រង់ចាំ​ជាង ៤ ម៉ោង។ នេះគឺជាសញ្ញា​ដំបូង​នៃ​របបដឹកនាំ​ថ្មី​របស់​ព្រះ​អង្គ។​

នៅថ្ងៃបន្ទាប់​ ស្តេច Vijiralongkorn បាន​ទាម​ទារ​ឲ្យ​មានការ​កែប្រែ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​បាន​ធ្វើ​ប្រជាមតិ​នៅ​ខែសីហា ឆ្នាំ ២០១៦ ស្ថិត​ក្រោម​របបសឹក​ដែល​ហាម​សកម្ម​ជន ​និង​អ្នក​នយោ​បាយ​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ​នោះ​មិន​ឲ្យ​ធ្វើយុទ្ធនាការ។ សេចក្តី​លម្អិត​នៃ​ការ​ធ្វើ​អន្តរាគមន៍​នោះ​នៅតែ​គេ​មិន​បាន​ដឹង​ក្នុង​ពេល​ការ​ពិភាក្សា​ដំបូង​ ហើយ​ត្រូវ​បាន​បង្ហាញ​ដល់​សាធារណជន​នៅ​បន្ទាប់​ពី​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នោះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃទី ៦ ខែ​មេសា នោះប៉ុណ្ណោះ។​

ការ​ផ្លាស់ប្តូរ​នោះ​បាន​ផ្តល់​ឲ្យ​ព្រះ​មហាក្សត្រ​នូវការ​គ្រប់គ្រង​ទាំង​ស្រុង​លើ​ការ​តែង​តាំង​រាជា​នុសិទ្ធិ​នៅពេល​អវត្តមាន​របស់​ព្រះ​អង្គ លុបចោល​ការ​តម្រូវ​ឲ្យ​មាន​ការ​ជំទាល់​ពី​សភា​ដល់​បទ​បញ្ជា​របស់​ព្រះ​មហាក្សត្រ និង​បង្កើត​ឡើងវិញ​នូវ​​អំណាច​​នៅពេល​មាន​វិបត្តិ​រាជ្យ​បាល្ល័ង្គ​ដែល​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​រាជ្យ​វាំង​នៅ​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៦ រាប់​បញ្ចូល​ទាំង​សមត្ថភាព​ក្នុងការ​ធ្វើ​វេតូ​លើ​នីតិប្រតិបត្តិ​និង​បញ្ញត្តិ​ និង​សិទ្ធិ​ក្នុងការ​រំលាយ​សភា​ធម្មនុញ្ញ​ផងដែរ។ ជា​រួម​ទៅ ដោយ​មាន​​រដ្ឋ​ធម្មនុញ្ញ​ថ្មី ស្តេច Vijiralongkorn នឹង​មាន​អំណាច​ច្រើន​ទៅ​លើ​សភា​ជាង​បិតា​ព្រះ​អង្គធ្លាប់​ធ្វើ​ទៅ​ទៀត។

ការ​ក្តាប់​អំណាច​កាន់តែ​ណែន

ចាប់តាំងពី​ការ​ឡើង​គ្រង​រាជ្យ​មក ស្តេច​ថ្មី​នោះ​បាន​គ្រប់​គ្រង​កាន់តែ​ណែន​លើ​ក្រុម​មនុស្ស​សំខាន់​ៗ​របស់​រាជ្យ​វាំង និង​ឥស្សរជន​ដ៏មាន​អំណាច​ដែល​ដឹកនាំ​ក្រុម​នោះ​ស្ថិត​ក្រោម​សព​បិតា​របស់​ព្រះ​អង្គ។ នៅ​ពេល ៤ ខែ​កន្លងទៅនេះ ស្តេច Vijiralongkorn បាន​ដក​ហូត​មន្ត្រី​រាជ្យ​វាំងជាង ៤០ នាក់​​ចេញពី​តួនាទី​របស់​គេ ដោយ​មាន​ការ​ចោទប្រកាន់ជាផ្លូវ​ការដែល​ចាប់​ពី​អាកប្បកិរិយា​មិន​សក្តិ​សម​ជា​​មន្ត្រី​ជាន់ខ្ពស់​ រហូត​ដល់​រឿង​នៃ​ការ​រំលោភបំពាន​អំណាច​​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ពី​ការ​ចូល​រួមក្នុង​នយោ​បាយ​​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​ជាតិ​ ការ​បង្ហាញពី​របាយការ​ណ៍​សុខ​ភាព​របស់​សព​ស្តេច​ ភូមិបុល​ រហូត​ដល់​ធ្វើ​ឲ្យ​មានការ​បាត់​ទំនុក​ចិត្ត​​របស់​ព្រះ​មហា​ក្សត្រ។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​ចេញពី​មុខ​តំណែង​របស់​គេនៅ​ក្នុង​រាជ្យ​វាំង​នោះ​គឺ​មាន​ពីករណី (១) ករណី​របស់​លោក Jumpol Manmai ជា​អតីត​អនុប្រធាន​ប៉ូលិស និង​ជា​ប្រធាន​​ការិយាល័យ​កិច្ច​ការ​រាជ្យ​វាំងទទួល​ខុស​ត្រូវ​ខាង​សន្តិសុខ​និង​កិច្ច​ការ​ពិសេស​ៗ (២) សមាជិក​គ្រួសារ​ ៥ នាក់​របស់​ក្រុម Vajarodaya ជា​គ្រួសារ​ដ៏​លេច​ធ្លោរ​បំផុត​មួយ​នៅ​ក្នុង​រាជ្យវាំង​ស្ថិត​ក្រោម​បិតា​របស់​ស្តេច Vijiralongkorn។ ក្នុងខណៈដែល​សមាជិក​គ្រួសារ​ ៥ នាក់​របស់ Vajarodaya ត្រូវ​បាន​ដក​ចេញ​ដោយ​ស្ងាត់​ៗ​ពី​តួនាទីរបស់​គេ​នោះ ការ​ដកហូតអតីត​អនុប្រធាន​ប៉ូលិស​នោះគឺជា​កិច្ច​ការ​មាន​លក្ខណៈ​​សាធារណៈ​ខ្លាំង​ជាង។​

លោក Jumpol ត្រូវ​បាន​បណ្តេញចេញ​ចំពោះ​បទ “ប្រព្រឹត្តអំពើ​យ៉ាង​អាក្រក់” ហើយ​បាន​បាត់​ខ្លួន​នៅ​ចំពេល​មានពាក្យ​ចចាមអារ៉ាម​អំពីការ​ស្លាប់​របស់​គាត់ ជា​ជោគវាសនា​ដែល​​បាន​កើត​ឡើង​លើ​អតីតសមាជិក​ ២ នាក់​របស់​ក្រុម​មនុស្ស​សំខាន់​ៗ​របស់​ស្តេច Vijiralongkorn ដែល​បាន​ស្លាប់​នៅ​ក្នុង​កាលៈទេសៈ​ដ៏អាថ៌កំបាំង​ក្នុង​ពេល​ជាប់​ឃុំ។​

មួយ​សប្តាហ៍បន្ទាប់​ពី​ការ​បាត់​ខ្លួន​គាត់ លោក Jumpol ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​​ការ​រំលោភ​ដី ហើយ​បាន​លេច​មុខ​នៅ​តុលាការ​ដោយ​ក្បាល​របស់​គាត់​ត្រូវ​បាន​កោសក់ចេញ ជាការ​ដែល​ត្រូវ​តែ​ធ្វើ​ដល់​អ្នក​ដែល​អស់​ការ​ស្រលាញ់​ពី​ព្រះ​មហាក្សត្រ​ថ្មី​នោះ។ អតីត​ម្ចាស់​ស្ត្រី​ Srirasmi របស់​ព្រះ​អង្គ​​បាន​ប្រឈមមុខ​នឹងការ​ដាក់​ទណ្ឌ​កម្ម​ស្រដៀង​គ្នានៅ​ឆ្នាំ ២០១៤។ បន្ទាប់​ពី​លែង​លះ​គ្នា​ Srirasmi ត្រូវ​បាន​ដក​ហូតងារ​ចេញ កោសក់ និង​រក្សា​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​ក្រសែភ្នែក​សាធារណជន​ ក្នុង​ខណៈ​​ឪពុក​ម្តាយ​របស់​នាង ​និង​សមាជិក​គ្រួសារ​របស់​នាង ៤ នាក់​ទៀត​​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពីបទ​បរិហារកេរ្តិ៍ព្រះ​មហាក្សត្រ។

ភាព​ភ័យ​ខ្លាច​បាន​រីករាល​ដាល​នៅ​ក្នុង​ចំណោម​គ្រួសារ​លេច​ធ្លោរ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។ ប្រភព​មួយ​ជិត​ស្និទ្ធ​នឹង​រាជ្យ​វាំង​ដែល​សុំ​មិន​ឲ្យ​បញ្ចេញឈ្មោះនោះ​បាន​ប្រកាសថា “មនុស្ស​ជា​ច្រើន​កំពុង​តែ​មាន​ផែនការ​ត្រៀម​ខ្លួន និងកំពុង​ផ្ទេរ​ប្រាក់​របស់គេ​ទៅ​បរទេស​ក្នុង​ករណី​ស្តេច​នោះ​ងាក​មក​ធ្វើ​បាបពួក​គេ”។

ស្តេច​ដែល​គេ​ភ័យខ្លាច

ការ​ក្តាប់​អំណាច​កាន់តែ​ណែន​របស់​ស្តេច​ថ្មី​នោះ​បាន​ប៉ះ​ពាល់​មិន​ត្រឹម​តែ​សមាជិក​របស់​ឥស្សរជនប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​​ជន​សាមញ្ញទៀត​ផង។ លោក Jatupat Boonpattararaksa សិស្ស​ច្បាប់​អាយុ ២៥ ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់ពី​បទ​បរិហារកេរ្តិ៍​ព្រះ​មហា​ក្សត្រ​ រយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់ពី​ស្តេច​ Vijiralongkorn បាន​ឡើង​គ្រង​រាជ្យ​ចំពោះ​ការ​ចុច​ like លើ​ការ​បង្ហោះ​នៅ​​លើ​ហ្វេសប៊ុក​​អំពី​ជីវៈ​ប្រវត្តិ​របស់​ព្រះ​មហាក្សត្រ​ដែល​ចេញ​ផ្សាយ​ដោយ​ព័ត៌មាន BBC Thailand។ រឿង​ក្តីនោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​ច្បាស់​​នៃ​ការ​អត់​ឱន​តិច​តួច​សម្រាប់​ការ​ពិភាក្សា​ជា​សាធារណៈ​ណា​មួយ​​អំពី​អតីតកាល​របស់​ស្តេច​ថ្មី​នោះ។​

ចាប់​តាំង​ពីការ​ឡើង​គ្រង​រាជ្យ​មក ស្តេច​ថ្មីនោះ​បាន​បង្ហាញ​ថា អំណាច​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ទាំង​ដោយ​ការ​ពេញ​ចិត្ត​​និង​ការ​បង្ខំ​ ការ​ស្រលាញ់​និង​ការ​ភ័យ​ខ្លាច។ ប្រសិនបើ​ការ​ស្រលាញ់​ ដែល​រារាំង​​ដោយ​ច្បាប់​បរិហារកេរ្តិ៍ព្រះ​មហា​ក្សត្រ​នោះ បាន​កំណត់​ពី​ការ​គ្រងរាជ្យ​របស់​បិតា​ព្រះ​អង្គ​និង​ទាម​ការ​គោរព​ពីអ្នក​ក្រោម​បង្គាប់​របស់ព្រះ​អង្គ​នោះ ការ​ភ័យ​ខ្លាច​នឹង​បាន​កំណត់​​ពី​ការ​គ្រងរាជ្យ​របស់​បុត្រា​ព្រះ​អង្គ។ គេ​នៅរង់ចាំ​មើល​ថា ថាតើ​យុទ្ធ​សាស្ត្រ​ថ្មី​នោះ​នឹង​មាន​ដំណើរការ​ឬអត់​ ប៉ុន្តែ​ភាព​ភ័យ​ខ្លាច​​លើ​ស្តេច​ថ្មី​នោះ​គឺជា​អ្វីមួយ​ដែល​ប្រទេស​ថៃ​នឹង​ត្រូវ​តែ​​ជួប​តទល់៕

ប្រភព៖ Al Jazeera

 

 

 

ចែករំលែក

បញ្ចេញយោបល់