ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ១៤ម៉ឺននាក់ អំឡុងបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
277

អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ ដែលជាតំបន់កម្សាន្តជាប់សមុទ្ររបស់កម្ពុជា ទទួលបានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១៤៣.៥៩៧នាក់។ នេះបើតាមរបាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។

ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះមានការកើនឡើងប្រមាណ១០,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍ដដែល។

របាយការណ៍ បានបញ្ជាក់ថា អំឡុង៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ខេត្តព្រះសីហនុ មាន៖
– ភ្ញៀវចូលតាមព្រលានយន្តហោះកងកេងសរុប១៧ជើង មានចំនួនភ្ញៀវសរុប១.៤៣៩នាក់ ក្នុងនោះភ្ញៀវជាតិ ៦៤៣នាក់ និង អន្តរជាតិ ៧៩៦នាក់ ។
– ភ្ញៀវទៅកំសាន្តតាមកោះនានា ជាពិសេស កោះរ៉ុង និង កោះរ៉ុងសន្លឹម មានចំនួនទូក ១៣៦ជើង មានភ្ញៀវសរុប ៨,៤៥៥នាក់ ស្រី៤.៤២៤នាក់ ក្នុងនោះភ្ញៀវជាតិសរុប ៤.៣៤៨នាក់ ស្រី២ ២៨៧នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤.១០៧នាក់ ស្រី ២.១៣៧នាក់ ។
– ភ្ញៀវចូលទស្សនាតាមរមណីយដ្ឋាននានា សរុប១៦.៥៩៧ នាក់ ភ្ញៀវជាតិ១៦.៤៤៣នាក់ ភ្ញៀវអន្តរជាតិ៦៤៣នាក់ដែលក្នុងនោះ៖១ – រមណីយដ្ឋានថ្មរូង មានភ្ញៀវទេសចរសរុប ៧,១១៩នាក់ ភ្ញៀវអន្តរជាតិ ១០២នាក់ ២- រមណីយដ្ឋានក្បាលឆាយមានភ្ញៀវទេសចរសរុប ៥,៥៧៨ នាក់ ភ្ញៀវអន្តរជាតិ២,៥១០នាក់ និង៣ – រមណីយដ្ឋានពិកនិចមានភ្ញៀវទេសចរសរុប៣,៩០០នាក់ ស្រី១,៥៦០នាក់ ភ្ញៀវអន្តរជាតិ ៣៩០នាក់ ស្រី១៣៦នាក់៕

ចែករំលែក

បញ្ចេញយោបល់