នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជាសម្រាប់ឆ្នាំ២០១៦។
នៅក្នុងពិធីបិទវគ្គនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក និង អង្គភាពចំណុះពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ និងចាត់ចែងឱ្យវគ្គបណ្តុះបណ្តាលនេះដំណើរការបានល្អនិងសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់។ ជាមួយគ្នានេះ លោក ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់នៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំ និងអភិវឌ្ឍបណ្ឌិត្យសភាឱ្យកាន់តែមានការរីចម្រើនឡើង។
លោក ស ខេង បានសម្តែងនូវការគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភាក្នុងការពង្រឹង និងលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្ដាលគ្រប់កម្រិត ហើយលោកក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នឹងផ្ដល់នូវការឧបត្ថមគាំទ្រគ្រប់បែបយ៉ាងដើម្បីជំរុញឱ្យការអនុវត្ដការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជាកាន់តែមានប្រសិទ្ធភាព និងសម្រេចជោគជ័យតាមកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួន ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបាលដែលមានសមត្ថភាព និងវិជ្ជាជីវៈពិតប្រាកដដើម្បីបម្រើការងារជូនប្រទេសជាតិ។
នៅទីបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់ដែលមានស្រាប់ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល បន្តកិច្ចសហការល្អជាមួយនាយកដ្ឋានបុគ្គលិកផ្នែកកិច្ចនគរបាលក្នុងការជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីនគរបាលក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត និងបានផ្តល់អនុសាសន៍ផងដែរ ដល់សិស្សជ័យលាភីទាំងអស់ត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គមត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារគោរពប្រតិបត្តិច្បាប់និងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម៕