មិនខុសពីខេត្តសៀមរាបប៉ុន្មានទេ នៅទីរួមខេត្តកំពង់ចាម ក៏មានរៀបចំពិធីសង្ក្រាន្ដលើកទី១ផងដែរ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី។ សង្ក្រាន្ដក្រុងកំពង់ចាម ដែលមានរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងមានការចូលរួមសម្របសម្រួលដឹកនាំកម្មវិធីដោយផ្ទាល់ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងយុវជនស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យក្នុងខេត្ត យុវសិស្សមកពីវិទ្យាល័យនានាក្នុងក្រុងកំពង់ចាម មន្ត្រីរាជការសរុបប្រមាណជាង៥០០នាក់ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការសប្បាយរីករាយ ជាមួយនឹងកម្មវិធីកំសាន្តច្រើនប្រភេទ និងមានភ្ញាក់ផ្អើលជាមួយនឹងគំនិតច្នៃប្រឌិតក្នុងការដឹកនាំ និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ពោលគឺបានធ្វើឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់អំពីសមិទ្ធផលរូបវ័ន្តនានាផ្ទាល់ភ្នែកនៅក្នុងទូទាំងខេត្ត។
ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណជាង៦០,០០០នាក់ មកចូលរួមកំសាន្តនៅក្នុងក្រុងកំពង់ចាម ដែលជាកន្លែងប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ក្រុងកំពង់ចាមលើកទី១ ក្នុងប្រវត្តិសាស្ត្រខេត្តកំពង់ចាម ជាពិសេសគឺនៅថ្ងៃវរៈឡើងស័ក្ក ដែលគេសង្កេតឃើញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ភាគច្រើនជាយុវជន បានធ្វើដំណើរទៅមក និងប្រមូលផ្តុំគ្នានៅតាមដងផ្លូវព្រះកុសមៈនារីរត្ន័ (ផ្លូវមុខសាលាខេត្តកំពង់ចាម) ជាទីតាំងកំសាន្តកំណត់ដោយរដ្ឋបាលខេត្ត សម្រាប់បង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋលេងកំសាន្តលាបម៉្សៅ និងស្រោចទឹកដាក់គ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កការសប្បាយរីករាយបង្កើនទំនាក់ទំនង និងជូនពរឆ្នាំថ្មីសិរីសួស្តីដល់គ្នាទៅវិញទៅមក។
ក្នុងឱកាសដ៏សប្បាយរីករាយនោះ លោក លន់ លឹមថៃ អភិបាលខេត្ត បានថ្លែងទៅកាន់ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ និងប្រជាពលរដ្ឋថា ការរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីក្រុងកំពង់ចាម ដែលមិនធ្លាប់មានពីមុនមក មានគោលបំណងសំខាន់ចំនួន៣គឺ៖ ទី១-បង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងពិភពលោក ថាប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រជាជនមានឱកាសសប្បាយដោយគ្មានការព្រួយបារម្ភ, ទី២-ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកំសាន្តសប្បាយនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើន, ទី៣-ចង់ឱ្យប្រជាពលរដ្ឋ ពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរកំសាន្ត ឲ្យបានច្រើនកុះករ អ៊ូអរ និងចូលរួមអភិរក្សនូវវប្បធម៌ប្រពៃណីដូនតាខ្មែរ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងអស់ រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានជួយឧបត្ថម្ភ និងគាំទ្រឱ្យកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីក្រុងកំពង់ចាមនេះ ដំណើរការប្រកបដោយភាពជោគជ័យ៕