Facebook រាប់ម៉ឺន Account បានPost និងShare រូបភាពសប្បាយៗបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
285

បើសង្កេតមើលក្នុងបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដែលពេញនិយមខ្លាំងនៅកម្ពុជា គឺFacebookនោះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ លោកអ្នកនឹងឃើញថា មានទំព័រFacebook រាប់ម៉ឺនAccount បានPost និងShare នូវរូបភាពសប្បាយរីករាយនៅតាមតំបន់ជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ជាពិសេសក្នុងប្រទេសកម្ពុជាតែម្តង។

បងប្អូនប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ទិសទី បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយ និងអធិកអធមក្រៃលែង។ មានប្រជាពលរដ្ឋខ្លះបានPost រូបភាពធ្វើបុណ្យនៅតាមទីវត្តអារាមនានា ជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្ត ខ្លះទៀតPostរូបភាពលេងល្បែង ប្រជាប្រិយខ្មែរ ខ្លះPostរូបភាពរាំរែក ខ្លះPostរូបភាពញុំអាហារជុំគ្នាយ៉ាងឆ្ងាញ់ពិសារ ជួបជុំបងប្អូន និងខ្លះទៀតPostរូបភាពដើរលេងកំសាន្តតាមរមណីយដ្ឋាននានា ដែលពោរពេញដោយភាពសប្បាយរីករាយ គ្មានទុក្ខកង្វល់អ្វីឡើយ។

ក្រៅពីរូបភាពសប្បាយៗដែលពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានPoste និងShare ក្នុងបណ្តាញសង្គម Facebook គេសង្កេតឃើញថា ជីវភាពប្រជាពលរដ្ឋខ្មែរ កាន់តែមានភាពល្អប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ តាមដងផ្លូវពោរពេញដោយរថយន្ត និងម៉ូតូទំនើបៗ សំលៀកបំពាក់កាន់តែស៊ីវីល័យ មុខមាត់រូបរាងកាន់តែស្រស់ស្អាត ការចាយវាយប្រាក់កាក់សំរាប់ការដើរលេងកំសាន្តជួបជុំក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្តក៏កាន់តែសម្បូរបែប។ រូបភាពទាំងនេះហាក់បង្ហាញថា ពលរដ្ឋកម្ពុជាទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ពិតជាសប្បាយរីករាយក្រៃលែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយគ្មានការភ័យខ្លាច ឬព្រួយបារម្ភអ្វីឡើយ។

ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ពោរពេញដោយស្នាមញញឹម ដែលត្រូវបានPost និងShare ពេញបណ្តាញសង្គមFacebook ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិតជាមិនអាចកើតមានឡើយ ប្រសិនបើប្រទេសកម្ពុជាគ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនោះ។ សុខសន្តិភាព គឺជាគ្រឹះយ៉ាងសំខាន់បំផុត ដែលបង្កើតឱ្យមានអ្វីៗសព្វបែបយ៉ាង ដែលជួយដល់ការអភិវឌ្ឍកម្ពុជា ដូចសព្វថ្ងៃនេះ។ មានសុខសន្តិភាព និងមានការអភិវឌ្ឍ ទើបពលរដ្ឋកម្ពុជាមានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងសប្បាយរីករាយ៕

ចែករំលែក

បញ្ចេញយោបល់