ក្បាច់​គុនល្បុ​ក្កតោ ត្រូវ​បានបោះ​ពុម្ពចេញ​ជាសៀវ​ភៅលក់ក្នុង​ឱកាស​អង្គរសង្ក្រា​ន្តឆ្នាំ​២០១៧នេះ

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
2087

ក្នុងឱកាសនៃអង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ សហព័ន្ធកីឡាល្បុក្កតោរបស់ប្រទេសកម្ពុជាបានបោះពុម្ពនូវសៀវភៅ ដែលបានចំណាយពេលស្រាវជ្រាវជាង២០ឆ្នាំដើម្បីចងក្រងសៀវភៅនេះឡើង ដើម្បីទុកជាឯកសារ និងលក់ជូនកូនខ្មែរក្នុងតម្លៃមួយដ៏ទាបបំផុត។

លោក សាន គឹមស៊ាន ជាប្រធាននៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និង ជាអ្នកចងក្រងសៀវភៅដែលមានចំណងជើងថា ” គុនល្បុក្កតោ ” ក្នុងកម្រិតថ្នាក់ក្រមាមាសបានរៀបរាប់ថា នេះគឺជាលើកដំបូងហើយ ដែលខាងសហព័ន្ធរបស់លោកបានពុម្ពលក់នូវសៀវភៅនេះឡើង ដែលបរិយាយអំពីក្បាច់គ្រឹះរបស់កំពូលក្បាច់គុណល្បុក្កតោរបស់ខ្មែរ។
សូមជម្រាបផងដែរថា ការបោះពុម្ពលក់នេះគឺក្នុងគោលបំណងផ្សព្វផ្សាយអោយបានទូលំទូលាយដល់សាធារណៈជនជាតិ និងអន្តរជាតិអោយបានដឹង បានស្គាល់នូវមរតកក្បាច់គុនល្បុក្កតោនេះ។ បន្ថែមពីនេះគឺអាចបង្រៀនដល់កូនខ្មែរ ឬអ្នកដែលស្នេហាក្បាច់គុននេះអោយយកទៅហ្វឹកហាត់ដោយខ្លួនឯងបានផងដែរ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺសៀវភៅមួយនេះជាភស្តុតាងដែលខាងសហព័ន្ធរបស់លោកបានបញ្ជូនទៅអោយអង្គការយូនេស្កូ សម្រាប់ធ្វើជាឯកសារសម្រាប់ការស្នើសុំដាក់ក្បាច់គុនល្បុក្កតោជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិទៀតផង។
លោក បន្តថា សៀវភៅនេះមានតម្លៃត្រឹមតែ ២៨០០០ រៀលប៉ុណ្ណោះដែលមានរៀបរាប់ពិស្ដារទាំងក្បាច់ ស្នៀត ថែមទាំងមានរូបភាពអមជាមួយផងដែរ ហើយការបោះពុម្ពសាកល្បងដំបូងមានចំនួនសរុប ៣០០០ ក្បាល។ ចំណែកគម្រោងបន្ទាប់ លោកគ្រូ សាន គឹមស៊ានបានបញ្ជាក់ថា សៀវភៅនេះនឹងមានការដាក់លក់នៅតាមបណ្ណាគារ និង ប្រែសម្រួលជាភាសាអង់គ្លេសថែមទៀតផង៕

បញ្ចេញយោបល់