ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៧

ថ្ងៃអង្គារ ទី ១៨ មេសា ២០១៧​
264

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះនៅសួនមានជ័យ ខេត្តបន្ទាយមានជ័យ ដោយស្មារតីយកចិត្តទុកដាក់ និងគិតគូរដឹកនាំរៀបចំដោយ លោក សួន បវរ អភិបាលខេត្ត និងមានការចូលរួមសហការគាំទ្រពីមន្ត្រីមន្ទីរ អង្គភាពនានា កងកម្លាំង និងយុវជន បានធ្វើឱ្យព្រឹត្តិការណ៍មួយនេះមានភាពអធិកអធមក្រៃលែង ប្រជាពលរដ្ឋបានចូលរួមលេងសប្បាយ អំណរឆ្នាំថ្មី ដោយគ្មានការព្រួយភ័យ ក្រោមបរិកាណ៍ដែលប្រទេសកម្ពុជារបស់យើងកំពុងមានសុខសន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ និងបន្ថែមការលេងកម្សាន្ត១ថ្ងៃទៀតនោះ ក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរមកពី បណ្តាក្រុង~ស្រុក ឃុំ~សង្កាត់ និងភូមិនៅជិតៗបានសំរុកចូលមកទីរួមខេត្តពិសេសយុវវ័យដើម្បីនាំគ្នាមកលេងកំសាន្តល្បែងប្រជាប្រិយនិងនាំគ្នារាំលេងកម្សាន្តយ៉ាងសប្បាយអស់ដៃក្នុងបរិវេណសួនមានជ័យ។

ស្របពេលនោះឆ្នាំនេះយុវជន យុវនារី មហាជនបាននាំគ្នាលេងកម្សាន្តតាមដងផ្លូវនានាក្នុងក្រុងសិរីសោភ័ណ ទីរួមខេត្តអ្នកខ្លះជិះឡាន ជិះម៉ូតូ អ្នកខ្លះនៅតាមផ្ទះនាំគ្នាបាញ់ទឹក និងដេញប៉ាតម្សៅគ្នាលេងពេញថ្នល់ជាតិយ៉ាងសប្បាយរីករាយ។ ហើយក្នុងការលេងនោះយុវជន និងយុវនារីមានការយោគយល់គ្នាទៅវិញទៅមកដោយពុំមានការប្រើអំពើហឹង្សានិងប្រកាន់អ្វីនោះឡើយ ដែលធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះផងដែរ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ឆ្នាំនេះរាល់ល្បែងទាំងឡាយដែលនាំឱ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ និងនាំឱ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើដំណើរតាមផ្លូវនោះគឺអត់មានកើតឡើងឡើយ។ម៉្យាងវិញទៀតកងកម្លាំងស្នងការនគរបាលខេត្ត អង្គភាពអាវុធហត្ថ យោធា បានឈរជើងក្នុងខេត្តបន្ទាយមានជ័យមានផែនការជាក់ស្តែងនិងសហការគ្នាការពារសន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កភាពសប្បាយរីករាយនិងធានាសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសប្រារព្វពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ គ្មានកាភ័យព្រួយ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្រៅពីការលេងកម្សាន្តសប្បាយក្នុងទីរួមខេត្តក្នុងសួនមានជ័យនោះ នៅឯសង្ក្រាន្តប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការផ្តើមគំនិត និងដឹកនាំរៀបចំដោយលោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន ការដឹកនាំលេងកម្សាន្តល្បែងប្រជាប្រិយផ្សេងៗទៀតដោយ លោក អ៊ុំ រាត្រី អភិបាលរងខេត្តជាគណៈកម្មាការរៀបចំលេងនៅទីនោះ បានធ្វើឱ្យមានការទាក់ទាញប្រជាពលរដ្ឋភ្ញៀវទេសចរ យ៉ាងច្រើនកុះករបានទស្សនាកម្សាន្តសប្បាយលេងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា អំណរសាទរឆ្នាំថ្មីនេះ ប្រជាពលរដ្ឋទាំងប្រុសស្រី ទាំងយុវជន យុវនារី លោកតា លោកយាយពុកម៉ែបងប្អូនទូទាំងខេត្ត បានកម្សន្តសប្បាយរីករាយយ៉ាងអស់ដៃ ក្រៅពីកន្លែងសង្ក្រាន្តក៏មានការរៀបចំលេងនៅតាមទីវត្តអារាម រមណីយដ្ឋាននានាមានដូចជា រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក អាងអូខៃដន និងកន្លែងកម្សាន្តផ្សេងៗទៀត៕

ចែករំលែក

បញ្ចេញយោបល់