នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរយើង ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «អំនួតក្នុងជ័យជម្នះខ្យល់ដើម្បីបន្លប់ខ្លួនឯង និងបន្តបោកប្រាស់មនុស្សមួយចំនួន» ដែលមានខ្លឹមសារដូចខាងក្រោម៖
ខណៈរាស្ត្រខ្មែរសប្បាយរីករាយនឹងអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកនយោបាយអង្ករកំប៉ុង និងអ្នកនយោបាយមាន់សម្លរនៃបក្សព្រះអាទិត្យនាំគ្នាធ្វើបុណ្យនយោបាយដើរតាមវត្តអារាមសុំបច្ច័យរាស្ត្រ ដើរតាមផ្ទះអង្គាសលុយ ដើម្បីជួយបក្ស ហើយដើរអួតអាងអំពីជ័យជម្នះលើការបោះឆ្នោតមុនពេលការបោះឆ្នោតមកដល់។ ដូចជាយល់សប្តិទាំងថ្ងៃ ឮតែប្រកាសជ័យជម្នះ ២០ ឆ្នាំមកហើយ តែមិនដែលឃើញឈ្នះទេ ២០ឆ្នាំមកនេះ មានតែចាញ់ៗចាស់វស្សា តវ៉ាឡាំប៉ាដើម្បីចែកអំណាចមិនអៀនខ្មាស ពេលខ្លះយកជីវិតរាស្ត្រ ឈាម និងទឹកភ្នែកម្ចាស់ឆ្នោតធ្វើជាខែលដើម្បីចរចាស្វែងរកអំណាចដូចជាករណីតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ជាដើម។ ជាអ្នកនយោបាយមេមាន់ បើគង់នឹងឱ្យគេជាន់ ធ្វើឬកជាខែងរែង ដើម្បីដំឡើងតម្លៃខ្លួន។
កាលពីថ្ងៃទី១៥ ខែមេសា ទណ្ឌិត សម រង្ស៊ី ដែលរត់ចោលស្រុកដោយសារតែមានទោសជាប់ខ្លួន មិនឱ្យចាញ់មេបក្សថ្មី កឹម សុខា ឡើយ បានថ្លែងទៅកាន់ក្រុមមនុស្សប្រមាណ ២០ នាក់ដែលខ្លួនអង្គុយរួមក្នុងតុបាយ សង្ឃឹមថា បក្សព្រះអាទិត្យនឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានច្រើនលើសលុប ហើយនឹងកាន់កាប់ស្ថាប័នព្រឹទ្ធសភា ព្រមទាំងឈ្នះការបោះឆ្នោតជាតិយ៉ាងភ្លូកទឹកភ្លូកដីថែមទៀត នៅឆ្នាំក្រោយ! ដឹងមុនទៀត លោកប៉ាធាន! ច្បាស់ទេ? ការប្រកាសឈ្នះការបោះឆ្នោតរបៀបនេះមិនមែនជាលើកទី១ទេដែលទណ្ឌិត រង្ស៊ី បានធ្វើ គឺធ្វើប្រជាភិថុតគ្រប់ពេលវេលាទាំងអស់។
តាមពិត រង្ស៊ី ប្រកាសជ័យជម្នះមុនការបោះឆ្នោតនេះ គឺគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ ព្រោះវាតប់ប្រមល់ មានវិបត្តិផ្លូវចិត្តដោយសារតែជាប់ទោសព្រោះមាត់អត់គម្រប បាត់តំណែងប្រធានបក្សដោយសារតែចាញ់បោកម្សៀរ កឹម សុខា បាត់សិទ្ធិបោះឆ្នោតដោយសារតែជាប់ទោស។ ដូច្នេះត្រូវប្រកាសជ័យជម្នះឧទាហរណ៍ឱ្យវាធូរទ្រូង និងម្យ៉ាងដើម្បីបន្តទាក់ទាញការគាំទ្រ និងបន្តបោកប្រាសអនិកជនខ្មែរនៅក្រៅប្រទេសដែលជាប្រភពធនធានហិរញ្ញវត្ថុដ៏សំខាន់របស់បក្សព្រះអាទិត្យ។ ទោះបីជាអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលត្មេះខ្លួនថាចោលម្សៀត បោកប្រាស់ យល់សប្តិកណ្តាលថ្ងៃត្រង់ ក៏ម្សៀរ សម រង្ស៊ី បន្តធ្វើមុខក្រាស់ដើរបោកគេបោកឯង។
ចាប់តាំងពីបង្កើតបក្ស និងចូលរួមក្នុងការបោះឆ្នោត ៤ អាណត្តិមកនេះ ម្សៀរ សម រង្ស៊ី ដែលគេឱ្យរហស្សនាមថា អ្នកនយោបាយអង្ករកំប៉ុង ឬជើងមិនជាប់ដី តែងតែប្រកាសបដិសេធលទ្ធផលបោះឆ្នោតមុនការបោះឆ្នោត ព្រមទាំងអំពាវនាវ សហគមន៍អន្តរជាតិបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ទាំងមិនទាន់មានការរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផង។ អ្នកការទូតមួយចំនួនបានខ្សឹបដាក់គ្នាថា ចុះមេបក្សប្រឆាំងកម្ពុជានេះ ហេតុអ្វីក៏ខុសគេ ដូចម៉ាស្រុកមានតែមួយ។
ការបោះឆ្នោតមិនទាន់មកដល់ផង ស្រាប់តែប្រកាស់បដិសេធលទ្ធផលបោះឆ្នោត ហើយហៅគេហៅឯងឱ្យឆ្កួតតាមខ្លួនទៀត។ សូម្បីប្រទេសមាតាប្រជាធិបតេយ្យដូចអាមេរិក និងបិតាប្រជាធិបតេយ្យដូចបារាំងដែល សម រង្ស៊ី បានជ្រកកោនជាប្រទេសកំណើតទី២របស់ខ្លួន ក៏មិនដែលធ្វើអ៊ីចឹងដែរ។ ចុះម្សៀរនេះ ចម្លងក្បួនប្រជាធិបតេយ្យមកពីណា តិចចម្លងខុសក្បួនទេដឹងបានជាច្រើនដើរបញ្ច្រាសប្រទេសម្ចាស់ដើមចឹង? មានបរទេសត្រចៀកសខ្លះក៏ត្រូវបានសម រង្ស៊ី បោកបានដែរ។ តាមពិតនេះគ្រាន់តែជាសិល្បៈនយោបាយរបស់ ម្សៀរ រង្ស៊ីប៉ុណ្ណោះ ព្រោះបក្សប្រឆាំងបានប្រកាន់«ទ្រឹស្តី ១ មិន ៣ យក គឺ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត តែយកអាសនៈ យកប្រាក់ខែ យកតំណែងនៅក្នុងរដ្ឋសភា»។
តែពេលនេះ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិសោធនកម្មថ្មី សម រង្ស៊ី គ្មានជម្រើសអ្វីក្រៅពីប្រកាសទទួលស្គាល់លទ្ធផល បោះឆ្នោត ប្រកាសជ័យជន្នះជំនួសទេ ព្រោះបើហ៊ានប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតមុនការបោះឆ្នោតដូចមុនៗទៀត ម្សៀរ សម រង្ស៊ី ដែលជាផ្លូវការលែងជាប្រធានបក្សព្រះអាទិត្យទៀតហើយនោះ តែក្រៅផ្លូវការ នៅតែមានឥទ្ធិពលបញ្ជាបក្សព្រះអាទិត្យ អាចនឹងត្រូវគេចាប់ថ្នាក់លើពាក្យសម្តី ខ្លួននិងយកមាត្រា ១៣៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មកធ្វើក សម រង្ស៊ីផ្ទាល់ និងបក្សព្រះអាទិត្យ។
មាត្រា ១៣៨ ចែងថា បន្ទាប់ពីដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ហើយបន្ទាប់ពីប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួច គណបក្សនយោបាយណាមួយដែលទទួលបានអាសនៈមួយ ឬច្រើនក្នុងរដ្ឋសភាត្រូវចាត់ទុកថា បានបោះបង់ចោលអាសនៈរបស់ខ្លួន ក្នុងករណីណាមួយ ដូចខាងក្រោម៖
- គណបក្សនយោបាយនោះធ្វើពហិកាមិនព្រមចូលរួមប្រជុំដំបូងតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
- គណបក្សនយោបាយនោះធ្វើពហិការមិនព្រមចូលរួមប្រជុំរដ្ឋសភាសម្រាប់ការប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ។
- គណបក្សនយោបាយនោះធ្វើពហិកាមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែង។
ក្នុងករណីខាងលើ បញ្ជីបេក្ខជន និងបេក្ខជននៃគណបក្សនយោបាយនោះដែលបានប្រកាសថា ជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិតទៅទៀតបានឡើយ។ រដ្ឋសភាត្រូវជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបន្ទាន់ក្នុង រយៈពេលយ៉ាងយូរ ២៤ ម៉ោង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះក្នុងរយៈពេលយ៉ាងយូរ ៧២ ម៉ោង បន្ទាប់ពីបានទទួលលិខិតជូនដំណឹងពីរដ្ឋសភាទៅឱ្យគណបក្សនយោបាយផ្សេងៗដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងរាជធានីខេត្ត ជាមួយគ្នា ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបាត់បងអាសនៈដូចមានចែងក្នុងកឋាខ័ណ្ឌទី១ តាមជំហានទាំងឡាយ…..។
ទោះបីជាការប្រកាសពីលទ្ធផលឈ្នះ ឬចាញ់ នៅពេលនេះ ត្រូវបានគេចាត់ទុកថាគ្រាន់តែជាវោហាសាស្ត្ររបស់អ្នកនយោបាយ ក៏ប៉ុន្តែ លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា គ.ជ.ប. ហាមដាច់ខាត ការប្រកាសលទ្ធផលបោះឆ្នោត ឬការស្ទង់មតិ ថាឈ្នះឬចាញ់ នៅពេល១សប្តាហ៍មុនការបោះឆ្នោត! បើពុំដូច្នេះទេ គឺនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។ សង្ឃឹមថាម្សៀរ សម រង្ស៊ី អ្នកនយោបាយចាញ់ចាស់វស្សាអាចរៀនសូត្រពីច្បាប់ថ្មីៗ និងបញ្ញត្តិផ្សេងទៀត ហើយប្រតិបត្តិខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ កុំធ្វើខុសច្បាប់ បំពានច្បាប់ ដល់ពេលគេចាត់វិធានការតាមច្បាប់ តាំងខ្លួនជាជនរងគ្រោះនិយមថាគេធ្វើបាបខ្លួន។ ដើម្បីកុំឱ្យខូចចិត្តខ្លាំង ម្សៀរមិនគួរបង្កប់ក្តីរំពឹងខ្ពស់ពេកទេ គួរមើលខ្លួនថាមានលទ្ធភាពប៉ុនណា ហើយក៏គួរកុំដេកយល់សប្តិកណ្តាលថ្ងៃ ព្រោះវាមិនពិត ក្រែងវាជាប់ជុចច្បាប់រើមិនរួច។
លើសពីនេះទៀត ម្សៀរ រង្ស៊ី ក៏គួរបង្ហាញពីភាពចាស់ទុំក្នុងដំណើរនយោបាយរបស់ខ្លួន កុំចេះតែរពិសមាត់ និយាយគ្មានមូលដ្ឋាន ធ្វើប្រជាភិថុត។ នេះក៏ជាការបង្ហាញពីភាពកម្សោយរបស់បក្សប្រឆាំងនៅកម្ពុជាដែលគ្មានភាពជាអ្នកដឹកនាំនយោបាយ និងទំនងមានត្រឹមតែវាសនាប្រកាសជ័យជម្នះក្នុងភាពយល់សប្តិតែប៉ុណ្ណោះ។
ដោយ៖ ចៅ ចាក់ស្មុក