ហ្វេសប៊ុកកម្ពុជាពិត៖ ហូរ វ៉ាន់ ដុតធូប ទះកំផ្លៀង កឹម សុខា

ថ្ងៃចន្ទ ទី ១៧ មេសា ២០១៧​
146

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក កម្ពុជាពិត បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមមចំណងជើងថា «ហូរ វ៉ាន់ ដុតធូប ទះកំផ្លៀង កឹម សុខា » ដែលមានខ្លឹម​សារ​ដូចតទៅ៖

បក្សប្រឆាំងពិតជាប្រឆាំងមែន! ប្រឆាំងទាំងមិនដឹងទិសតំបន់ សូម្បីតែទង្វើដែលចេញមកត្រូវក៏ត្រូវត ប្រឆាំងដែរ។ ដូចក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ មេបក្សព្រះអាទិត្យមិនប្រឹងធ្វើបុណ្យដាក់ទាន តែបែរជាដើររៃអង្គាសតាមវត្តអារាម កន្លែងខ្លះគេមិនស្វាគមន៍ទៀត។

ឆ្នាំងណាពិតជាគ្របហ្នឹងមែន កូនចៅនៅឯក្នុងស្រុកឯណេះវិញ ខណៈរាស្ត្រខ្មែរទូទាំងប្រទេសចាត់ទុកថ្ងៃទី១៧ ខែមេសា ជាថ្ងៃដ៏សោកសៅ និងជាថ្ងៃនៃការបាត់បង់សិទ្ធិជាមនុស្ស ខណៈខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនាំប្រទេសធ្លាក់ទៅក្នុងសោកនាដកម្ម និងវាលពិឃាត ក្រុមតំណាងរាស្ត្រនិងអ្នកគាំទ្របក្សនេះដឹកនាំដោយ ហូរ វ៉ាន់ នាំគ្នាទៅដុតធូបបន់ស្រន់នៅវាលពិឃាតជើងឯកទៅវិញ។ ធ្វើពិធីដូច្នេះ ដូចជាទៅដុតធូបបន់ស្រន់អបអរសាទរ ថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហម និងបន់ស្រន់ឱ្យរាស្ត្រខ្មែររងទុក្ខវេទនាដូច្នេះដែរ ព្រោះជនរងគ្រោះ ទូទាំងនគរមិនដែលដុតធូបរម្លឹកពីរបបខ្មែរក្រហមឡើងកាន់អំណាចឡើយ។ ចុះហេតុអ្វីខុសគេ?

រហូតមកទល់ពេលនេះ រាស្ត្រខ្មែរជាពិសេសជនរងគ្រោះក្នុងរបបខ្មែរក្រហម រួមនឹងសាច់ញាតិគេ មិនទាន់យល់ឱ្យច្បាស់ថាតើបក្សព្រះអាទិត្យនេះចង់ធ្វើអ្វីឱ្យពិតប្រាកដ។ បក្សនេះមិនទទួលស្គាល់ថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ ថាជាថ្ងៃរំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ រំដោះ ជីវិតមនុស្សរាប់លាននាក់រាប់ទាំង កឹម សុខា និងហូរ វ៉ាន់ និងមនុស្សក្នុងបក្សព្រះអាទិត្យផ្សេងទៀតទេ តែ បែរជាទទួលស្គាល់ថ្ងៃទី១៧ មេសា ថ្ងៃជ័យជម្នះខ្មែរក្រហម ថ្ងៃចាប់ផ្តើមរបបវាលពិឃាតជាទៅវិញ។ ថា មិនទទួលស្គាល់ថ្ងៃទី៧ មករា ក៏ហីទៅចុះ ព្រោះថ្នាក់ដឹកនាំមួយចំនួននៅក្នុងបក្សធ្លាប់រួមដៃជាមួយមេដឹក នាំខ្មែរក្រហមបំផ្លិចបំផ្លាញប្រទេសក្រោយឆ្នាំ ១៩៧៩ និងខ្លាចរាស្ត្រត្មេះតិដៀលថាបានរស់ ដោយថ្ងៃទី៧ មករាដែរហេតុអ្វីភ្លេចកំណើត ប៉ុន្តែហេតុអ្វីបានជា ហូរ វ៉ាន់ ដឹកនាំមនុស្សទៅធ្វើពិធីបន់ស្រន់នៅវាលពិឃាតបឹងជើងឯក កន្លែងសម្លាប់អ្នកទោសដែលយកមកពីគុកទួលស្លែង។ មើលទៅ ការគោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម ប៉ុល ពត នេះដូចជាលេងសើច មាក់ងាយលើជនរងគ្រោះពេកហើយ!

ចុះក្រែងមេបក្សថ្មី កឹម សុខា ធ្លាប់បានថ្លែងមិនទទួលស្គាល់គុកទួលស្លែងនេះ និងថាគុកទួលស្លែងជាគុកសិប្បនិមិត្ត ប្រឌិតឡើងដោយវៀតណាម ហេតុអ្វីបានជានាំ គ្នាទៅដុតធូបបន់ស្រន់នៅទីនោះទៅវិញ? បើទៅបន់ស្រន់នៅបឹងជើងឯក មានន័យថាមន្ត្រីបក្សព្រះអាទិត្យទទួលស្គាល់ការពិតដែលថាបឹង ជើងឯកគឺជាកន្លែងសម្លាប់មនុស្សនាំយកពីគុកទួលស្លែងមែន ហើយមេគុកនេះគឺឈ្មោះ ឌុច ក៏ត្រូវគេកាត់ ទោសដាក់គុកអស់មួយជីវិត ពីការទទួលខុសត្រូវរបស់គាត់នៅគុកទួលស្លែង និងនៅបឹងជើងឯកដែរ។

ដូច្នេះអ្វីដែល ហូរ វ៉ាន់ និងមន្ត្រីបក្សព្រះអាទិត្យ ធ្វើពិធីនេះគឺមិនយល់ស្របនឹងមេបក្ស កឹម សុខា ហើយក៏ ដូចជាទះកំផ្លៀងមេបក្សខ្លួនដូច្នោះដែរ និងប្រាប់ កឹម សុខា ថា ថ្ងៃក្រោយ កុំរំពិសមាត់ ទម្លាប់និយាយកុហករាស្ត្រខ្មែរទៀត។ កុហករឿងផ្សេងបាន តែកុហក មួលបង្កាច់ថាគុកទួលស្លែងជាសិប្បនិមិត្ត គឺពិតជា ត្រូវត្មោងរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមហើយ៕

 

ចែករំលែក

បញ្ចេញយោបល់