នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជាថ្ងៃឈឺចាប់បំផុតដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបាត់បង់កែវភ្នែករបស់ខ្លួន។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក។
ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា «ដោយសារចង់ទុកពេលសម្រាប់ការរីករាយនៃថ្ងៃចូលឆ្នាំចុងក្រោយ ទើបខ្ញុំពន្យាពេលរំលឹកនូវរឿងឈឺចាប់ដែលខ្ញុំបានជួបកាលពី៤២ឆ្នាំមុន។
៤២ឆ្នាំមុនគឺនៅថ្ងៃ ១៦ មេសា នេះហើយដែលខ្ញុំត្រូវរបួស នឹងធ្លាក់ខ្លួនពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ (១៦មេសា១៩៧៥-១៦ មេសា២០១៧)។ យុវជនដែលទើបមានវ័យ២៣ឆ្នាំ ការបាត់បង់កែវភ្នែកហើយធ្លាក់ខ្លួនពិការ ខ្ញុំពិតជាឈឺចាប់ណាស់ ទាំងរូបកាយ ទាំងផ្លូវចិត្ត តែខ្ញុំខិតខំងើបឈរឡើងដើម្បីការរស់រាន និងសន្តិភាពជូនជាតិ និងប្រជាជន។
មិនមានអ្នកណាដឹងនូវការឈឺចាប់របស់ខ្ញុំពេលត្រូវរបួស និងពេលដែលគ្រូពេទ្យវះយកកែវភ្នែករបស់ខ្ញុំចេញក្រៅពីរូបខ្ញុំនោះឡើយ។ (ឈឺខ្លាំងណាស់…ហើយពាក្យស្រឡាញ់ ឬថែរក្សាដូចកែវភ្នែក មិនមែនជាពាក្យដែលខ្ញុំត្រូវប្រើទៀតទេ ព្រោះខ្ញុំបានបាត់បង់កែវភ្នែករួចទៅហើយ)។»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងវិញលើទឹកដីដ៏កំសត់របស់យើងជាថ្មីទៀត៕