លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌ឱ្យបាននៅគង់វង្ស

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
87

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌ឱ្យបាននៅគង់វង្ស។ លោក បានថ្លែងដូចនេះក្នុងឱកាសលោក និងភរិយាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅបរិវេណខាងជើងប្រាសាទបាយ័ន លើទឹកដីខេត្តសៀមរាបអង្គរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះត្រូវបានធ្វើឡើង គឺដើម្បីចូលរួមបំផុស គំនិតរួបរួម កម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្សអភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។

លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ថែរក្សានូវកេរ្តិ៍ដំណែលរបស់ដូនតាយើង ហើយបានដាក់នូវសិល្បៈវប្បធម៌មួយចំនួន ជាបេតិកភណ្ឌ័ពិភពលោកជាបន្តបន្ទាប់ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា អង្គរសង្ក្រាន្ត គឺជារបស់យើងគ្រប់ៗគ្នា ប្រជាពលរដ្ឋអាចចូលរួមបានគ្រប់ៗគ្នា ហើយសម្រាប់ឆ្នាំនេះក៏មានសង្ក្រាន្តនៅតាមបណ្តាលខេត្តមួយចំនួនដើម្បីផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋ។ ពិធីសម្រេចបាន គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់ វណ្ណៈ៕

ចែករំលែក

បញ្ចេញយោបល់