នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសោកស្តាយជាថ្មីចំពោះការទទួលមរណភាពរបស់លោកឧបនាយរដ្ឋមន្រ្តី សុខ អាន។ លោក បានថ្លែងដូចនេះក្នុងឱកាសលោក និងភរិយាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅបរិវេណខាងជើងប្រាសាទបាយ័ន លើទឹកដីខេត្តសៀមរាបអង្គរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោកឧបនាយរដ្ឋមន្រ្តី សុខ អាន បានចូលរួមចំណែកលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំអង្គរសង្រ្កាន្ត រយៈពេល ៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូនខ្មែរទាំងអស់គ្នា។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា គ្មានជោគជ័យណាមួយ ដែលកើតឡើងដោយឯងៗនោះឡើយ ប្រសិនបើអង្គរសង្ក្រាន្តនេះមិនមានការចូលរួមពីអ្នករាល់គ្នា ជាពិសេសកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា៕