សុន ឆ័យ ទះកំផ្លៀង សម រង្ស៊ី រឿងវោហាសាស្ត្រ​រើសអើង និងស្អប់ខ្ពើមជាតិសាសន៍

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
150

សុន ឆ័យ នៃបក្សព្រះអាទិត្យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាគណបក្សសង្គ្រោះជាតិរបស់ខ្លួនមិនមានគោលនយោបាយរើសអើងជាតិសាសន៍នោះទេជាពិសេសប្រឆាំងនឹងជនជាតិវៀតណាម។ សុន ឆ័យ ក៏បានគូសបញ្ជាក់ថា ប្រសិនបើបុគ្គលណាលើកឡើងពីការរើសអើងប្រឆាំងនឹងជនជាតិវៀតណាម គឺជាការទទួលខុសត្រូវ របស់បុគ្គលនោះផ្ទាល់។ នេះជាការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុក​នៅថ្ងៃទី១៣ មេសា ម្សិលមិញនេះ។

ការលើកឡើងរបស់ សុន ឆ័យ ពេលនេះប្រៀបបាននឹងការទះកំផ្លៀងអតីតប្រធានបក្សរបស់ខ្លួនគឺអ្នក​នយោបាយអង្ករកំប៉ុង សម រង្ស៊ី ដែលនៅក្នុងជីវិតនយោបាយរបស់ខ្លួនបានប្រើប្រាស់នូវវោហាសាស្ត្ររើសអើង និងប្រកានពូជសាសន៍និយមដើម្បីធ្វើប្រជាភិថុតទាក់ទាញយកការគាំទ្រសំឡេងឆ្នោតពីប្រជា​ពលរដ្ឋ។ សម្តីរបស់ សុន ឆ័យ ក៏ជាការសំពងទៅលើសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងតែប្រើប្រាស់វោហាសាស្ត្រប្រឆាំងនឹងវៀតណាម ឬការប្រៀបប្រដូចមេដឹកនាំប្រទេស និងគណបក្ស​ប្រជាជនកម្ពុជាថាជាវៀតណាម ឬក្បាលយួនជាដើម និងព្រមានថាត្រូវទទួលខុសត្រូវខ្លួនឯងព្រោះគណបក្សមិនទទួលខុសត្រូវឡើយ។

កាលដែលសកម្មជនបក្សប្រឆាំង ឬអ្នកគាំទ្របក្សប្រឆាំងប្រើប្រាស់វោហាសាស្ត្ររើសអើង ប្រកាន់ពូជសាសន៍នេះគឺជាផ្លែផ្កាដែលអ្នកនយោបាយមាន់សម្ល សម រង្ស៊ី បានខិតខំប្រឹងប្រែងបណ្តុះគ្រាប់ពូជនេះតាំងពីឆ្នាំ ១៩៩៣ មក ហើយឥឡូវនេះបានផ្លែផ្កាហើយ។ ប៉ុន្តែប្រយ័ត្នវាមិនទៅជាពរជ័យ វាក្លាយជាបណ្តាសា នាំទុក្ខដល់ខ្លួន និងក្រុមខ្លួនវិញ។ បច្ចុប្បន្ន គណបក្សសង្គ្តោះជាតិនៅតែ ប្រើប្រាស់វិធីសាស្ត្រដុតកំហឹងរាស្ត្រខ្មែរឱ្យស្អប់ជាតិ​សាសន៍ រើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងបង្កបញ្ហាលើរឿងព្រំដែន ដើម្បីកេងចំណេញនយោបាយ។

ទាក់ទងនឹងការរើសអើងប្រឆាំងនឹងជនជាតិវៀតណាម និងការបញ្ឆេះឱ្យមានការស្អប់ខ្ពើមជាតិសាសន៍នេះ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលើកឡើងនៅក្នុងឯកសារ «ប្រាប់ពីការពិត»ដែលផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ ថា សម រង្ស៊ី ត្រូវបានអង្គការសហប្រជាជាតិស្តីបន្ទោសចំពោះសេចក្តីថ្លែងការណ៍រើសអើងជាតិសាសន៍នៅក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ ដែលកាលនោះសម រង្ស៊ី គឺជ្រកក្រោមស្លាកគណបក្សហ៊្វុនស៊ិនប៉ិច។

សម រង្ស៊ី ត្រូវបានគេដឹងថាមានកេរ្តិ៍ឈ្មោះអាសោចខាងប្រើសេចក្តីថ្លែងការណ៍ និងវោហាសាស្ត្រជាភាសាខ្មែរដែលពោរពេញទៅដោយការញុះញង់ការស្អប់ខ្ពើមជាតិសាសន៍។ ជាថ្មីម្តងទៀត សម រង្ស៊ី ត្រូវបានគេចោទរឿងបញ្ឆេះកំហឹងរើសអើងជាតិសាសន៍នៅក្នុងយុទ្ធនា​ការបោះឆ្នោតឆ្នាំ ១៩៩៨ ដោយប្រើប្រាស់វោហាសាស្ត្រ ប្រឆាំងនឹងវៀតណាមយ៉ាងខ្លាំងក្លា ហើយក្រុមបាតុករដែលពោរពញដោយកំហឹង បានវាយប្រហារ និងដុតស្តូបមិត្តភាពកម្ពុជា-វៀតណាម មុនពេលដែលគាត់អាចទប់កំហឹងរបស់គេបាន។ មួយសបា្តហ៍ក្រោយព្រឹត្តិការណ៍នេះ ការវាយប្រហារដោយហ្វូងមនុស្សដែលពោរពេញដោយកំហឹងបានសម្លាប់ជនជាតិវៀតណាមយ៉ាងតិច ៤ រូប ដែលជាការសម្លាប់ដោយសារតែការរើសអើងពូជសាសន៍។ សម រង្ស៊ី ក៏មានឈ្មោះបោះសំឡេងផងដែរទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំងដោយ​សារតែបរិហារកេរ្តិ៍សមាជិករដ្ឋាភិបាលម្នាក់ ហើយករណីបរិហារកេរ្តិ៍នេះត្រូវបានទទួលស្គាល់ដោយតុលាការ​បីលើកជាប់ៗគ្នាបូករួមទាំងតុលាការនៅប្រទេសបារាំង។

សម រង្ស៊ី ក៏ធ្លាប់ញុះញង់ឱ្យប្រជាជនសាមញ្ញដកបង្គោលតម្រុយព្រំដែនអន្តរជាតិ ដែលនេះគឺជាទង្វើមួយមិនអាចអត់ឱនឱ្យបានឡើយ ហើយរដ្ឋាភិបាលបសិ្ចមប្រទេសណាក៏ដោយ ក៏ប្រាកដជាថ្កោលទោសទង្វើបែបនេះដូចគ្នា។ មនុស្សគ្រប់គ្នានៅកម្ពុជាគឺសុទ្ធតែដឹងយ៉ាងច្បាស់ថាបញ្ហាព្រំដែនជាមួយវៀតណាមគឺជាបញ្ហាដ៏រសើបណាស់ដែលជានិច្ចកាលនាំទៅរកភាពតានតឹង និងអសណ្តាប់ធ្នាប់សាធារណៈ លើកលែងតែអ្នកកាសែតមួយចំនួនដែលមានចេតនាអាក្រក់ប៉ុណ្ណោះ។

ក្រសួងការបរទេសក៏បានព្រមានខ្លាំងៗថា ការប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាមដើម្បីចំណេញសំឡេងឆ្នោតដែលបក្សប្រឆាំងបាននិងកំពុងធ្វើគឺជាកង្វះការទទួលខុសត្រូវដ៏សែនគ្រោះថ្នាក់ ហើយទង្វើបែបនេះមិនត្រូវបានគេអត់ឱនឱ្យបានឡើយ៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់