ក្រសួងធនធានទឹក អះអាងថាភ្លៀងនឹង ធ្លាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
148

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ភ្លៀងនឹងធ្លាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ ប៉ុន្តែមិនរំខានទៅដល់ប្រជាពលរដ្ឋឡើយ។

លោក អ៊ំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងនឹងធ្លាក់ ក្នុងកំរិតមធ្យមទៅបង្គួរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ មេសាខាងមុខនេះ ប៉ុន្តែភ្លៀងភាគច្រើនគឺធ្លាក់នៅពេលយប់។

លោកបានបញ្ជាក់ថា សម្រាប់តំបន់ខ្ពស់រាបរួមមាន ខេត្ត៖ មណ្ឌលគិរី, រតនគិរី, ឧត្តរមានជ័យ និងព្រះវិហារ គឺភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។

ដោយ ឡែកតំបន់វាលទំនាបកណ្តាលដូចជាខេត្ត៖ សៀមរាប, បន្ទាយមានជ័យ, កំពង់ធំ គឺភ្លៀងធ្លាក់ តិច ហើយភាគច្រើនភ្លៀងធ្លាក់នៅពេលយប់។ ដោយឡែកសម្រាប់តំបន់វាលទំនាបដែលមានរាជធានីភ្នំពេញ, កំពង់ស្ពឺ, កណ្តាល និងព្រៃវែង ជាដើមនេះ គឺភ្លៀងធ្លាក់តិចតួច ឬស្ទើរតែមិនមានតែម្តង។

ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នេះគឺជាបាតុភូតភ្លៀងកក់ខែធម្មតា ដោយសារ មានសំពាធទាប មកលើផ្ទៃផែនដីក្នុងខែមេសានេះ ដែលបង្ករអោយមានពពកច្រើនហើយបង្កើតបានជាភ្លៀងកក់ខែបែបនេះ។

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថាភ្លៀងកក់ខែក្នុងឱកាសបុណ្យចូលឆ្នាំនេះ វាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ដោយសារកំពស់ទឹកភ្លៀងនេះទាប ហើយធ្លាក់នៅពេលយប់តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បានបង្ករលក្ខណៈអំណោយផលសម្រាប់វិស័យកសិកម្មព្រមទាំង ជួយកាត់បន្ថយបរិយាកាសក្តៅក្នុងខែចេត្រចូលឆ្នាំខ្មែរនេះទៀតផង ខណៈកាលពីឆ្នាំមុន មានអាកាសធាតុក្តៅខ្លាំងនៅក្នុងអំឡុងពេលនេះ។

ការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនេះ គឺស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៤ ខែមេសានេះ ដែលនាំគ្នាធ្វើដំណើរទៅលេង ស្រុកកំណើត និងដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស៕

 

បញ្ចេញយោបល់