យោងតាមឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា បើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ របស់«អ្នករាយការណ៍គ្មានព្រំដែន» (RSF)កម្ពុជាជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំងដប់។
ក្រសួងការបរទេស បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានរោងពុម្ពផ្សាយព័ត៌មាន ចំនួនជាង៨០០ សារព័ត៌មានតាមអ៊ីនធើនែតចំនួន៧០ ស្ថានីយទូរទស្សន៍២២ ស្ថានីយវិទ្យុ៣៣០ និងសមាគមអ្នកកាសែត៣៨សមាគម។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តក្នុងការបង្កើនការប្រើប្រាស់អ៊ីនធើនែតនៅទូទាំងប្រទេស ហើយសព្វថ្ងៃនេះ ប្រជាជនប្រមាណជា ៥០%អាចប្រើអ៊ីនធើនែតបាន។
ដូចបានរៀបរាប់នៅក្នុង ឯកសារ «ប្រាប់ពីការពិត» បានឱ្យដឹងថា ការបោះពុម្ពផ្សាយកាសែតគឺ មានលក្ខណៈសេរីខ្លាំងណាស់ រហូតដល់កាសែតខាំបូឌាដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ដែល ជាកាសែតភាសាអង់គ្លេសដ៏ធំ និងមានបកប្រែជាភាសាខ្មែរ បានបោះពុម្ពផ្សាយជាប្រចាំថ្ងៃនូវ ការរិះគន់ខ្លាំងៗ ព្រមទាំងមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយផ្អែកលើការសង្ស័យសុទ្ធសាធ។ ជាការពិត នាយកកាសែតខាំបូឌាដេលី បានសារភាព ខ្លួនឯងថា កាសែតរបស់លោកគឺ «មានភាពសេរីជាងកាសែតញូវយ៉កថាម (New York Times) នៅទីក្រុងញូវយ៉ក និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) នៅទីក្រុងវ៉ាស៊ីនតោនទៅទៀត»។
ឯកសារ «ប្រាប់ពីការពិត» ក៏បានបញ្ជាក់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ី សេរី ដែលជាស្ថានីយវិទ្យុគាំទ្រគណបក្សប្រឆាំងដោយផ្កាប់មុខ និងដែលមានកម្មវិធីជាភាសា ខ្មែរយ៉ាងវែង ត្រូវបានចាក់ផ្សាយនៅទូទាំងប្រទេសដោយគ្មានការត្រួតពិនិត្យ ឬការដាក់កម្រិត ណាមួយពីរាជរដ្ឋាភិបាលឡើយ។ ប្រព័ន្ធផ្សព្វផ្សាយដែលលម្អៀងទាំងនេះត្រូវបានផ្តល់សេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន បើទោះបីមានរបៀបវារៈលាក់កំបាក់ (Hidden Agendas) ដើម្បីបំផ្លាញរូបភាពនិងកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលក៏ដោយ៕