នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចំបងដែលជំរុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ ចំនួន៥១រូប នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាបប្រមាណជាង៣០០នាក់។
លោករដ្ឋមន្ត្រី បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស ដែលផ្តល់ព័ត៌មាន ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសដល់ទេសចរអន្តរជាតិ ពោលគឺចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក។ ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។
លោក ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទ៖ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវ:របស់ខ្លួនឱ្យសក្តិសមជាមគ្គុទ្ទេសក៍ថ្នាក់ជាតិ ដែលត្រូវមានចំណេះដឹងទូលំទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត ប្រពៃណី សិល្ប: វប្បធម៌ខ្មែរ។ សន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចំបងដែលជំរុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត៕