នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុក សម្លេង យើង បានបង្ហោះផ្សាយនូវ អត្ថបទមួយដែលមានចំណងជើងថា «៖ សង្គមប្រជាធិបតេយ្យទំនើប និងឈានឡើងក្នុងសម័យសម្តេចតេជោសែន» ដែលមានខ្លឹមសារដូចខាងក្រោម៖
«ប្រជាធិបតេយ្យ» ពុំមានស្តង់ដាររួមទេ ហើយក៏គ្មានប្រជាធិបតេយ្យនៃប្រទេសណាមួយ ត្រូវបានបណ្តាប្រទេសទាំងអស់លើពិភពលោក ចាត់ទុកថាជាគំរូនោះក៏ទេដែរ។ ដូច្នេះហើយ ប្រជាជាតិមួយ ត្រូវតែធ្វើជាម្ចាស់នៃដំណើរការកសាងប្រជាធិបតេយ្យ ដោយមិនអាចលេងជាមួយនឹងល្បែងនយោបាយប្រជាធិបតេយ្យដ៏គ្រោះថ្នាក់បែបបរទេសនិយមបានឡើយ។
ប្រជាជាតិខ្មែរ បានឆ្លងកាត់ការបោកប្រាស់ពីសំណាក់អ្នកនយោបាយដែលយកពាក្យ «ផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យពិត» មកធ្វើជាល្បែងប្រជាប្រិយ៍ខាងនយោបាយដើម្បីមហិច្ឆិតាអំណាច ទីបំផុតជួបតែភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្ម។ ទុក្ខវេទនាដ៏យូរអង្វែងកន្លងមកនេះ ត្រូវបានឆ្លងផុតជាជំហានៗ ដោយសារតែប្រជាជាតិខ្មែរ មានសម្តេចតេជោសែន ជាអ្នកដឹកនាំខ្លាំង ទាំងខាងបញ្ញា ទាំងបទពិសោធន៍ ហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិ និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយប្រជាជន។
សង្គមប្រជាធិបតេយ្យពិតរបស់កម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោសែនជាប្រមុខ បានចាប់ផ្តើមពីជីវិតរស់ឡើងវិញរបស់ប្រជាជន នៅថ្ងៃរំដោះ៧មករា១៩៧៩។ បន្ទាប់មកឈានចូលដល់ប្រជាធិបតេយ្យជាក់ស្តែងអាទិភាពចំពោះមុខ គឺ «ប្រជាធិបតេយ្យប្រជាជន» ដែលផ្តោតលើប្រក្រតីកម្មនៃជីវិតរស់នៅក្នុងភាពជាមនុស្ស។
ដំណាក់កាលទី១ នៃ «ប្រជាធិបតេយ្យប្រជាជន» គឺប្រជាជាតិកម្ពុជា ដៃម្ខាងកសាងជាតិពីបាតដៃទទេ ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបសម្លាប់មនុស្ស។ ដំណាក់កាលទី២ គឺការស្វែងរកការផ្សះផ្សាបង្រួបបង្រួមជាតិ និងបញ្ចប់ជម្លោះប្រដាប់អាវុធ ដែលសម្តេចតេជោសែន សម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា១៩៩១ ជូនជាតិ។
បន្ទាប់មកកម្ពុជាឈានចូលដល់របបពហុបក្ស ដែលចាប់ផ្តើមពីប្រជាធិបតេយ្យសេរីពហុបក្ស គ្មានសន្តិភាព ព្រោះតែការបរាជ័យរបស់អ៊ុនតាក់ រដ្ឋបាលបណ្តោះអាសន្នក្នុងសម័យអន្តរកាល។ សម័យនេះ ត្រូវបានបញ្ចប់ក្រោយពីកម្ពុជាមានរដ្ឋធម្មនុញ្ញថ្មី, ព្រះមហាក្សត្រ, រដ្ឋសភា និងរាជរដ្ឋាភិបាល។ ប៉ុន្តែកម្ពុជា ពុំទាន់មានឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៅឡើយទេ ព្រោះភាគីខ្មែរក្រហមស្ថិតនៅជាអប្បគមន៍នៅឡើយ។
បន្ទាប់មក ប្រជាធិបតេយ្យសេរីពហុបក្ស ឈានចូលដល់ដំណាក់កាលទី២ ដែលមានឯកភាពជាតិ និងសន្តិភាព ១០០% ជាសមិទ្ធិផលជាតិដ៏ថ្លៃថ្លា ដឹកនាំដោយសម្តេចតេជោសែន នៅចុងឆ្នាំ១៩៩៨ ដើមឆ្នាំ១៩៩៩។ នេះ គឺជាមូលដ្ឋានគ្រឹះដែលនាំឱ្យកម្ពុជា ឈានចូលដំណាក់កាលប្រជាធិបតេយ្យសេរីពហុបក្ស «មានសណ្តាប់ធ្នាប់ និងឈានឡើង» ដែលប្រជាជនកម្ពុជា ទទួលស្គាល់ថា ជាសង្គមប្រជាធិបតេយ្យរុងរឿងក្នុងសម័យសម្តេចតេជោសែន នាបច្ចប្បន្ននេះ។ ហ្នឹងហើយ គឺជាប្រជាធិបតេយ្យពិតសម្រាប់ប្រជាជាតិកម្ពុជា រួមរស់ជុំគ្នាដោយភាពរស់រវើក និងរីកចម្រើន ជាជំហានៗផ្អែកលើប្រពៃណីយ៍ទំនៀមទម្លាប់ ស្របតាមល័ក្ខខ័ណ្ឌពិសេស និងជាក់ស្តែងរបស់ជាតិ និងប្រជាជន ប្រកបដោយសុទិដ្ឋិនិយម ក្នុងចក្ខុវិស័យធ្វើឱ្យកាន់តែល្អប្រសើរឡើង។
សម័យសម្តេចតេជោសែន គឺប្រជាជនកម្ពុជារស់នៅដោយសុខក្សេមក្សាន្តក្នុងសន្តិភាព និងវឌ្ឍនភាពជាតិ សបញ្ជាក់ថា គ្មានប្រជាធិបតេយ្យណាល្អប្រសើរជាងហ្នឹងទៀតទេសម្រាប់ប្រជាជាតិកម្ពុជា។ ដូច្នេះហើយទោះជាមានទស្សនៈខុសៗគ្នា ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស វាជារឿងធម្មតា ប៉ុន្តែប្រជាជនកម្ពុជា ត្រូវការភាពរឹងមាំ និងភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោសែន ដើម្បីធានាសន្តិភាព និងស្ថេរភាពសង្គមដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យពិតសម្រាប់សង្គមកម្ពុជាទាំងមូល៕
អត្ថបទ៖ សម្លេង យើង