យោងតាមឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មគឺដើម្បីបង្ការការបំភ្លៃគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
ក្រសួងការបរទេស បានបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានអនុម័តឆ្នាំ ១៩៩៧ មិនធ្លាប់ត្រូវបានធ្វើវិសោធនកម្ម២០ឆ្នាំមកហើយ ដែលក្នុងអំឡុងពេលនេះ រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ ទន្ទឹមនឹង នេះ ក៏មានច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួនត្រូវបានអនុម័ត ដូចជាច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តី ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ល។
ក្រសួងការបរទេស ក៏បានបញ្ជាក់នៅក្នុងឯកសារ «ប្រាប់ពីការពិត» ថា ច្បាប់ដែលត្រូវបានធ្វើ វិសោធនកម្មនេះត្រូវអនុវត្តដោយមិនរើសអើងចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយមានលក្ខខណ្ឌមូលដ្ឋានគ្រប់យ៉ាងដែលសង្គមប្រជាធិបតេយ្យនានាត្រូវតែប្រកាន់ខ្ជាប់។ ច្បាប់នេះសំដៅការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពរបស់កម្ពុជាពីការលូកលាន់ដោយបរទេសនៅក្នុងការបោះឆ្នោតរបស់ខ្លួន។
ក្រសួងការបរទេស ក៏បានសង្កត់ធ្ងន់ថា ដោយរៀនសូត្រពីមេរៀនកន្លងមកពីរទសវត្សរ៍ ច្បាប់នេះក៏សំដៅបង្ការការបំភ្លៃគោលការណ៍លទ្ធិប្រជាធិបតេយ្យក្រោមលេសលទ្ធិប្រជាធិបតេយ្យផងដែរ ដែលនេះ គឺជាកាតព្វកិច្ចដែលមិនអាចបំពានបានរបស់រាជរដ្ឋាភិបាលក្នុងការការពារភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងមានអត្ថិភាព៕