ថ្លែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា «អភិបាលកិច្ចប្រទេសចិន» ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយសាកលលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចចិន បានចូលរួមចំណែកជាមធ្យមក្នុងមួយឆ្នាំប្រមាណជិតមួយភាគបីនៃកំណើនសេដ្ឋកិច្ចសាកលលោក។ ទន្ទឹមនេះ ឆ្នាំ២០១៦ ពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឈាន ដល់៣,៧ទ្រីលានដុល្លារអាមេរិក ចូលរួមប្រមាណ ១០,៥% នៅក្នុងពាណិជ្ជកម្មសាកល ខណៈ ទំហំវិនិយោគផ្ទាល់ក្រោមប្រទេសរបស់ចិនគឺមានទំហំរហូតទៅដល់ ១៧០,១ ប៊ីលានដុល្លារអាមេរិក ក្នុង១៦៤ប្រទេស ក្នុងទ្វីបអាស៊ី ទ្វីបអាហ្វ្រិក អាមេរិកខាងជើង និងខាងត្បូង និងអ៊ឺរ៉ុប ហើយបច្ចុប្បន្នប្រទេសចិនជាប្រទេសធំបំផុតទី២ លើសាកលលោកក្នុងការវិនិយោគក្រៅប្រទេស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ប្រទេសចិនក្លាយទៅជាជន្ទល់ដ៏សំខាន់ក្នុងការ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍជាសាកល ក៏ដូចជាយុថ្កាក្នុងការថែរក្សានូវ ស្ថិរភាពនយោបាយនៅក្នុងតំបន់និងសាកលលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០១៦ យើង ឃើញកាន់តែច្បាស់នូវសារៈសំខាន់នូវតួនាទីរបស់ចិនក្នុងឆាកអន្តរជាតិ៕