ការវាយប្រហារមីស៊ីលរបស់អាមេរិកទៅលើស៊ីរីគឺជាផលវិបាកដ៏ធ្ងន់ធ្ងរ និងជាការប្រើប្រាស់ កម្លាំងដោយមិនទទួលខុសត្រូវ។
ជំនួសការនាំសង្គ្រាមនៅស៊ីរីដែលខិតជិតចប់ហើយនោះ វាបែរទៅធ្វើឱ្យស្ថានភាពនេះធ្ងន់ធ្ងរ ទៅវិញ។
តាមរយៈការបើកដៃឱ្យមានបេសកកម្មផ្តោតផ្ទាំងស៊ីបទៅលើបន្ទាយយោធាអាមេរិក បានបើក ការវាយប្រហារដោយយោធាត្រង់ជាលើកដំបូងទៅលើរបបដឹកនាំដោយលោក Assad ចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើម។
លោក Donald Trump បានលើកឡើងថា កងកម្លាំង Assad បានប្រើប្រាស់សព្វាវុធជាតិគីមី ហើយនិយាយថា ទង្វើនោះមានបំណងដើម្បីបញ្ចប់ជីវិតមនុស្ស តាមរយៈការសម្លាប់ដ៏ប្រល័យ និងបង្ហូរឈាមនៅស៊ីរី។ ប៉ុន្តែការសង្ស័យទៅលើការប្រើប្រាស់អាវុធជាតិគីមីមិនទាន់ត្រូវបានគេបញ្ជាក់ពេញលេញនៅឡើយទេ អាមេរិកបានអនុវត្តរបៀបជាឯកតោភាគីយ៉ាងគ្រោះថ្នាក់បំផុតមុនពេលដែលមានការស៊ើបអង្កេតជាអន្តរជាតិណាមួយត្រូវបានធ្វើឡើង និងមិនទាន់បានផ្តល់នូវភស្តុតាងជាក់ស្តែងណាមួយទាក់ទងទៅនឹងការសង្ស័យនៃការប្រើប្រាស់សព្វាវុធគីមីនេះផង។
លោក Trump បានអំពាវនាវឱ្យប្រទេសស្រលាញ់សេរីភាពទាំងអស់ចូលរួមជាមួយអាមេរិកនៅក្នុងទង្វើរបស់ខ្លួននេះ។ ប៉ុន្តែរឿងចុងក្រោយបំផុតដែលស៊ីរីត្រូវធ្វើនោះ គឺការពង្រីកនៃជម្លោះនេះ។ អាមេរិកគួរតែផ្តោតទៅលើការព្យាយាមដើម្បីធ្វើឱ្យប្រាកដថា ការអនុវត្តយ៉ាងពេញលេញជាមួយនឹងការចរចាឈប់បាញ់គ្នាដោយកងកម្លាំងជម្លោះរបស់ស៊ីរី ហើយធ្វើការយ៉ាងម៉ឺងម៉ាត់ជា មួយរុស្សី ដើម្បីជួយស្វែងរកឱ្យមានការចរចាសន្តិភាពរវាងរបប Assad ជាមួយពួកឧទ្ទាម ដែលទទួលបានផ្លៃផ្កាតាំងពីខែកុម្ភៈមកម្ល៉ះ។
ចំពោះការចោទប្រកាន់ថា មានការប្រើគ្រាប់បែកជាតិគីមីការស៊ើបអង្កេតដោយអង្គការសហប្រជាជាតិមួយគួរតែត្រូវបានគេផ្តួចផ្តើមឡើងជាបន្ទាន់។
ការវាយប្រហារដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅប៉ែកពាយ័ព្យនៃប្រទេសស៊ីរី បានសម្លាប់មនុស្សជិត ១០០ នាក់ រាប់បញ្ចូលទាំងមនុស្សក្មេងៗផងដែរ។ វាជាឧក្រិដ្ឋកម្មសង្គ្រាមមួយដែលមិនអាចលើកលែងទោសបានទេ។
៤ ឆ្នាំកន្លងទៅនេះ របប Assad ត្រូវបានគេចោទប្រកាន់ពីការប្រើប្រាស់សារធាតុឧស្ម័នដែលធ្វើឱ្យប៉ះពាល់សសៃប្រសាទដ៏ផ្តាច់ផ្តិលជីវិត ហើយក្រោយមកទៀតរុស្ស៊ីបានច្រានចោលការប្រើប្រាស់សព្វាវុធគីមីនេះ។ ក៏ប៉ុន្តែចាប់តាំងពីអង្គការសហប្រជាជាតិបានបញ្ជាក់អំពីការបន្តការប្រើប្រាស់អាវុធគីមីដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។ បើទោះបីជាខ្លួនបានបដិសេធម្តងទៀតអំពីការប្រើប្រាស់អាវុធគីមីនេះ របប Assad នៅតែមិនអាចគេចផុតបានពីការផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹងរបស់ខ្លួនជាមួយការស៊ើបអង្កេតជាអន្តរជាតិដើម្បីស្វែងរកការពិតនោះទេ។ គ្មានហេតុផលណាមួយសម្រាប់ប្រទេសរុស្ស៊ីដើម្បីលើកឡើងការជំទាស់ទៅនឹងការស៊ើបអង្កេតនោះឡើយ។ សង្គ្រាមស៊ីវិលនៅស៊ីរីបានរីករាលដាលអស់រយៈពេល ៦ ឆ្នាំ។ ការចរចាសន្តិភាពដឹកនាំដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានបន្តឡើងវិញជាលើកដំបូងរយៈពេល ១០ ខែ ប៉ុន្តែទង្វើយោធារបស់អាមេរិកបានធ្វើឱ្យមានភាពមិនច្បាស់លាស់ទៅលើការចរចានេះ។
កាលពីមុនលោក Trump បានសន្យាថា បានផ្តល់អាទិភាពជាកំពូលទៅលើការធ្វើឱ្យដួលរលំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយនិយាយថា អាមេរិកសហការជាមួយរុស្ស៊ីនោះគឺជាជម្រើស មួយ ហើយមិនចាំបាច់ផ្តោតផ្ទាំងស៊ីបទៅលើរបប Assad ថា ជាសត្រូវរបស់ខ្លួននោះឡើយ។
ពាក្យសម្តីរបស់គាត់បានបង្ហាញឱ្យឃើញនូវជំហរផ្លាស់ប្តូរពីជំហរមុន ដែលប្រកាន់យកដោយ រដ្ឋបាលលោក Obama ប៉ុន្តែលោក Trump បានប្តូរគោលជំហររបស់គាត់ចំពោះស៊ីរី។
កង្វះខាតនៃការមិនស៊ីចង្វាក់គ្នានៅក្នុងនយោបាយការបរទេសអាមេរិក ហើយនឹងបំណងរបស់រដ្ឋបាលលោក Trump ចំពោះការប្រើប្រាស់កម្លាំងដោយមិនបានផ្តល់ការពន្យល់ឱ្យបានសមល្មមចំពោះសហគមន៍អន្តរជាតិនោះ បង្កឱ្យមានការលើកឡើងដែលមិនអាចជៀសផុតបាននូវកង្វល់ដ៏ធ្ងន់ធ្ងរអំពីការថែរក្សាសណ្តាប់ធ្នាប់សន្តិសុខ មិនត្រឹមតែនៅមជ្ឈឹមបូព៌ាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅផ្នែកជាច្រើនទៀតនៃពិភពលោកនេះផងដែរ។
នៅក្នុងការផ្តល់យោបល់ស្តីពីការវាយប្រហារដោយមីស៊ីល នាយករដ្ឋមន្ត្រីរបស់ជប៉ុនលោក Shinzo Abe និយាយថា ការគំរាមកំហែងពីសព្វាវុធប្រល័យលោក បានក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅអាស៊ីបូព៌ា ហើយនិយាយថា «ជប៉ុនវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តដ៏ខ្លាំងខ្លារបស់លោក Trump ដើម្បីថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងដើម្បីផ្តល់សន្តិភាព និងសន្តិសុខដល់សម្ព័ន្ធមិត្តរបស់ខ្លួន និងពិភពលោកផងដែរ។
លោក Abe មានមោទនភាពនូវទំនាក់ទំនងដ៏ជិតស្និទ្ធរបស់គាត់ជាមួយមេដឹកនាំអាមេរិក ប៉ុន្តែជំនួសដោយការបង្ហាញឱ្យឃើញនូវការគាំទ្រ គាត់គួរតែព្យាយាមដើម្បីបញ្ចុះបញ្ចូលលោក Trump អំពីសារៈសំខាន់សម្រាប់អាមេរិកដើម្បីដោះស្រាយបញ្ហានៅក្នុងកិច្ចសហប្រតិបត្តិការជា មួយសហគមន៍អន្តរជាតិ៕
ប្រភព : Asahi Shimbun ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧