ក្រុមនាវាជើងទឹកសម្រាប់បើកការវាយប្រហាររបស់អាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដែលមានឈ្មោះថា USS Carl Vinson កំពុងតែធ្វើដំណើរបោះពួយឆ្ពោះទៅរកតំបន់ប៉ាស៊ីហ្វិកភាគខាងលិចកាលពីថ្ងៃអាទិត្យនូវអ្វីដែលគេរំពឹងថា ជាការបង្ហាញកងកម្លាំងសាច់ដុំរបស់អាមេរិកមួយទៀតទៅកាន់ឧបទ្វីបកូរ៉េនេះ។
មេបញ្ជាការប្រចាំតំបន់ប៉ាស៊ីហ្វិកអាមេរិកបានបញ្ជាឱ្យក្រុមនេះ ដែលរួមបញ្ចូលទាំងឧបករណ៍បំផ្លាញមីស៊ីលជាច្រើន និងនាវាចម្បាំងជាច្រើនគ្រឿងទៀតដែលធ្វើដំណើរពីប៉ែកខាងជើងសិង្ហបុរីកាលពីថ្ងៃសៅរ៍ នេះបើយោងតាមកងកម្លាំងជើងទឹករបស់អាមេរិក។
បទបញ្ជានេះបានកើតមានឡើង ខណៈដែលអ្នកសង្កេតការណ៍បានព្រមានអំពីហានិភ័យកាន់តែធ្ងន់ធ្ងរឡើងអំពីជម្លោះដែលមិនបានគ្រោងទុកនៅលើឧបទ្វីបនេះ។ ខណៈដែលអាមេរិក និងកូរ៉េខាងជើងនឹងជៀសវាងទង្វើឯកតោភាគីណាមួយ ដែលបង្កឱ្យមានភាពតានតឹងខ្លាំងនៅក្នុងតំបន់មានន័យថា ក្នុងចំណោមពួកគេទាំងពីរនេះ ភាគីណាមួយអាចយល់ខុសទៅលើទង្វើរបស់ភាគីម្ខាងទៀត។
លោក Zhang Tuo sheng ធ្វើការនៅមូលនិធិចិនសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធស្រាស្តបាននិយាយថា «ទាំងអាមេរិក និងកូរ៉េខាងជើងនឹងមិនចាប់យកគំនិតផ្តួចផ្តើមណាមួយដើម្បីធ្វើសង្រ្គាមនោះទេ ក៏ប៉ុន្តែហានិភ័យនៃជម្លោះនេះវាមានកម្រិតខ្ពស់ជាងការគិតខុសតូចតាចណាមួយ ឬឧប្បទ្ទិហេតុណាមួយដែលអាចនាំសង្គ្រាមទៅកាន់ឧបទ្វីបនេះ»។
អ្នកវិភាគយោធាលោក Li Jie ដែលមានមូលដ្ឋាននៅក្រុងប៉េកាំងបានយល់ស្របថា «វត្តមានរបស់កម្លាំងសម្រាប់ការវាយប្រហាររបស់អាមេរិកដែលនៅជិតឧបទ្វីបកូរ៉េនេះ ជាការពិតណាស់ថា នឹងលើកឱ្យមាននូវការវាយតម្លៃខុសណាមួយចំពោះស្ថានការណ៍ដែលមានភាពតានតឹងទៅហើយនោះ។ ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរថែមទៀត ប្រសិនបើប្រធានាធិប តីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងប្រកាន់យកនូវជំហរកាន់តែខ្លាំងក្លាប្រឆាំងគ្នាទៅវិញទៅមក»។
អាមេរិកមានកងកម្លាំងទ័ពជិត ៣០,០០០ នាក់បោះទីតាំងនៅកូរ៉េខាងត្បូង ហើយនាវាចម្បាំងអាមេរិកតែងតែបង្ហាញកម្លាំងនៅជិតឧបទ្វីបនេះ។
ការដាក់ពង្រាយកងកម្លាំងវាយប្រហារនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump បានប្រាប់លោកប្រធានាធិបតី Xi Jinping នៅក្នុងកិច្ចប្រជុំទល់មុខជាលើកដំបូងរបស់ពួកគេថា អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីប្រតិបត្តិការតែម្នាក់ឯងទៅលើកូរ៉េខាងជើង។
លើសពីនេះទៀត ប្រធានាធិបតីទាំងពីររូបបានទទួលទានអាហារជាមួយគ្នានៅរដ្ឋ Florida ខណៈដែលអាមេរិកបង្កើនការវាយប្រហារតាមផ្លូវអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើប្រទេសស៊ីរី ជាទង្វើដែលអ្នកវិភាគនិយាយថា វាជាការព្រមានទៅលើកូរ៉េខាងជើង។
នៅក្នុងការនិយាយតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ លោក Trump និងប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Hwang Kyo-ahn បានព្រមព្រៀងគ្នាថា ឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិស្តីអំពីកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត នេះបើយោងតាមរដ្ឋបាលអាមេរិក។
អាមេរិក និងកូរ៉េខាងត្បូងបានពង្រីកការធ្វើសមយុទ្ធនាវាជើងទឹករួមរបស់ពួកគេនៅក្នុងតំបន់នេះ ហើយបានធ្វើឡើងនូវសមយុទ្ធប្រចាំឆ្នាំរាប់ចាប់តំាងពីការការពារខ្លួនរហូតដល់ការវាយប្រហារសត្រូវដោយគ្មានភស្តុតាងជាក់ស្តែង ។ ជាការឆ្លើយតប កូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍសព្វាវុធបែបយោធា និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អ្នកវិភាគនិយាយថា ទង្វើទាំងអស់នោះហើយគឺជាការបើកចំហឱ្យមានការបកស្រាយខុសណាមួយ ហើយនឹងការលើកឡើងកាន់តែសម្បើមចំពោះហានិភ័យសម្រាប់ជម្លោះនេះ។
លោក Zhang បាននិយាយថា «ទំហំនៃសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូងកាន់តែមានទ្រង់ទ្រាយធំឡើង ហើយសមយុទ្ធបែបវាយប្រហារទៅលើគូសត្រូវដែលគ្មានភស្តុតាងនោះ បានបញ្ជូនសញ្ញានៃការព្រមានដ៏ច្បាស់ក្រឡែតទៅកាន់កូរ៉េខាងជើងថា អាមេរិកអាចបំផ្លាញកូរ៉េខាងជើងប្រសិនជាខ្លួនចង់ធ្វើ»។ «សមត្ថភាពនៃការវាយប្រហារបែបយោធាដែលត្រូវបានគេធ្វើឱ្យប្រសើរឡើងនោះ ហើយនឹងពាក្យសម្តីបង្កហេតុកាន់តែធ្ងន់ធ្ងរឡើងពីរបបកូរ៉េខាងជើងបានធ្វើឱ្យអាមេរិកមិនសុខស្រួល។ រដ្ឋបាលក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងសម្ពាធនាពេលខាងមុខដែលមិនអាចជៀសផុតបាន ដើម្បីវាយប្រហារទៅលើកូរ៉េខាងជើង មុនពេលកូរ៉េខាងជើងអាចមានសមត្ថភាព ដើម្បីបាញ់មីស៊ីលទៅលើអាមេរិក»។
លោក Hwang Jae-ho នៅសកលវិទ្យាល័យ Hankuk សិក្សាផ្នែកការបរទេសនៅកូរ៉េខាងត្បូងនិយាយថា ចំណេះដឹងពិតប្រាកដផ្នែកសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានភាពចម្រូងចម្រាស់ចំពោះអាមេរិកដែលប្រឆាំងនឹងកូរ៉េខាងជើង។
លោក Hwang បាននិយាយថា «បើសិនជាខ្វះព័ត៌មានជាក់លាក់ណាមួយមានន័យថា អាមេរិកមិនអាចធ្វើឱ្យអសមត្ថភាពយ៉ាងលឿន និងដោយជោគជ័យទៅលើសមត្ថភាពនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ មានន័យថា កូរ៉េខាងជើងអាចធ្វើការសងសឹកដោយភ្លាមៗតាមរយៈការបាញ់មីស៊ីល ដែលមានបំពាក់ក្បាលអាវុធនុយក្លេអ៊ែរសំដៅមកកូរ៉េខាងត្បូង ជប៉ុន ហើយថែមទាំងអាមេរិកទៀតផង»។
លោក Cui Zhiying នៅសាកលវិទ្យាល័យ Tongji បាននិយាយថា «សង្រ្គាមស្តីពីឧបទ្វីបកូរ៉េនឹងនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រទេសចិន ហើយប្រទេសចិនខ្លួនឯងត្រូវការត្រៀមខ្លួនបែបយោធា ដើម្បីការពារខ្លួន»៕
ប្រភព: South China Morning Post ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧