លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធ៍វិន័យរោគ ខេត្តបន្ទាយមានជ័យ

ថ្ងៃអង្គារ ទី ១១ មេសា ២០១៧​
88

លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្ដ្រី បានអញ្ជើញសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធ៍វិន័យរោគ ភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានវត្តមានអញ្ជើញចូលរួមពី លោក ស៊ុ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រុក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋប្រមាណ២៥០នាក់។

លោកអភិបាល ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា សព្វថ្ងៃនេះសមិទ្ធផលរួមទាំងអាណាចក្រនឹងពុទ្ធចក្រកំពុងបោះជំហាន ដើរទន្ទឹមគ្នាស្របពេលដែលប្រទេសជាតិកំពុងដើរនៅលើផ្លូវសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី លោកបានដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឈលើគ្រប់វិស័យ។ សម្រាប់ខេត្តបន្ទាយមានជ័យគឺកំពុងតែមានការរីកចំរើន គ្រប់ផ្នែកវិស័យពុទ្ធចក្រក្នុងនោះ នៅទូទាំងខេត្ត មានវត្តចំនួន២៣៨វត្ត អាស្រម៨ ដែលមានព្រះសង្ឃ ៣៦២៨អង្គ។ មានសាលាធម្មវិន័យ៦៧សាលា សមណសិស្ស១១៥៣អង្គ ពុទ្ធិកៈ បឋមសិក្សា៤០សាលាសមណសិស្ស៩៣៨អង្គពុទ្ធិកៈអនុវិទ្យាល័យ ៣ថ្នាក់សមណសិស្ស១៧១អង្គ និងពុទ្ធិកវិទ្យាល័យ៣ថ្នាក់សមណសិស្ស៤៦អង្គ និងវិហារនៃសាសនា ដទៃទៀត៣២កន្លែង។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិតណាស់វត្តអារាមរួមទាំង ព្រះសង្ឃគ្រប់អង្គមិនគ្រាន់តែជាទីស្ថាន និងជាបុគ្គលសម្រាប់គោរពសក្ការបូជាប៉ុណ្ណោះទេ ជាកន្លែងមួយបង្កើតប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណជាថ្នាល បណ្តុះបណ្ដាលធនធានបញ្ញាជនសម្រាប់ការអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យផងដែរ។ លើសពីនេះទៀតព្រះសង្ឃ និងពុទ្ធសាសនិកជាច្រើនបានកំពុងដឹកនាំឧបាសក ឧបាសិកាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតដូចជាព្រះវិហារ សាលាធម្មសភា កុដិ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះទឹក ស្ពាន ផ្លូវជាដើម។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្ដី បានជំរុញការអភិវឌ្ឍ ឱ្យប្រទេសជាតិមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យក្នុង នោះវិស័យសាសនាក៏មានការរីកចម្រើនរឹងមាំ នៅពេញផ្ទៃប្រទេស។ ជាពិសេសសមិទ្ធផល នៅក្នុងវត្តពោធ៍វិន័យរោគ មានព្រះវិហារ កុដិស្រះទឹកផ្លូវចាក់បេតុង និងសមិទ្ធផលនានា ដែលបានសម្ពោធនាថ្ងៃនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ និងពោរពេញទៅដោយឆន្ទៈគោរពប្រតិបត្តិ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ របស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គពុទ្ធបរិស័ទនិងសប្បុរជនគ្រប់ទិសទីក្នុងការខិតខំកសាង សមិទ្ធផលនានាក្នុងទីអារាមនេះ ទុកជាទីសក្ការបូជាតទៅដើម្បីរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលដូនតាបានរក្សាទុកជាកេរដំណែលរាប់សតវត្សកន្លងមក និងដល់កូនចៅជំនាន់ក្រោយ។

លោកបានបន្តទៀតថា ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងដូច្នេះក៏ដោយសារតែការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបានសុវត្ថិភាពសន្តិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមធ្វើឱ្យប្រជា- ពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពប្រសើរឡើង។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានផ្តល់អំណោយដល់មួយចំនួនដល់តាជីយាយជី ប្រជាពុទ្ធបរិស័ទ យុវជន និងសិស្សានុសិស្សចូលរួម និងបំពាក់គ្រឿងមេដាយ បណ័្ណសរសើរដល់សប្បុរសជន ដែលចូលរួមកសាងផងដែរ៕

ចែករំលែក

បញ្ចេញយោបល់