នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះសួរសុខទុក្ខ និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ដែលជាសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិភាគ៤។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ លោកក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លាក្នុងការរក្សាការពារតំបន់ទេសចរណ៍អង្គរ និងបូរណភាពទឹកដី។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតំលៃណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតចំពោះ ចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមាននៅកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលបានមកពីសប្បុរសជនជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន ថវិកាសរុប ៥៧.៣៥៧.០០០ រៀល ទឹកសុទ្ធវីតាល់ ២២០កេស ស្រាបៀរកម្ពុជា ១០០កេស ទឹកបរិសុទ្ធ ១២០យួរ មីយើង ១៦៧កេស ថ្នាំពេទ្យទីហ្វី និងសារ៉ា ១កេសធំ ទឹកត្រី៨៣យួរ ទឹកស៊ីអ៊ីវ ៨០យួរ ត្រីខ ៥កេសធំ ប៊ីចេង ២៥គីឡូ និងអំបិល១២០គីឡូផងដែរ៕